វិបត្តិ​នៅ​ស្រីលង្កា ប្រែក្លាយជា​អំពើហិង្សា នៅពេល​មនុស្ស​ម្នាក់​ត្រូវបាន​សម្លាប់​នៅ​ការិយាល័យ​អតីត​នាយករដ្ឋមន្ត្រី​

2941
ចែករម្លែក

វិបត្តិនយោបាយនៅប្រទេសស្រីលង្កាបានប្រែក្លាយទៅជាអំពើហិង្សាសម្លាប់មនុស្សកាលពីថ្ងៃអាទិត្យទី២៨តុលាដោយនុស្សម្នាក់ត្រូវបានសម្លាប់ នៅពេលដែលរដ្ឋមន្រ្តីគណៈរដ្ឋមន្ត្រីម្នាក់ដែលត្រូវបានបណ្ដេញចេញតំណែងបានព្យាយាមចូលទៅក្នុងការិយាល័យរបស់លោកវិញ គឺពីរបីថ្ងៃបន្ទាប់ពីប្រធានាធិបតីបានដកយកនាយករដ្ឋមន្ត្រីនេះពីតំណែង និងបានដាក់សម្ពន្ធមិត្តដ៏មានឥទ្ធិពលម្នាក់របស់ចិនឱ្យជំនួសតំណែងរបស់លោក ។

ស្រីលង្កាបានធ្លាក់ចូលក្នុងវិបត្ដិចាប់តាំងពីថ្ងៃសុក្រនៅពេលដែល ប្រធានាធិបតីលោក Maithripala Sirisena បានបណ្តេញ នាយករដ្ឋមន្ត្រី លោក Ranil Wickremesingheពីមុខតំណែង ហើយបានឱ្យលោក Mahinda Rajapaksa អតីតប្រធានាធិបតីនេះ ស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មីដើម្បីជំនួសលោក។

លោក Maithripala Sirisena បាននិយាយថាចំណាត់ការនេះ ត្រូវបានជំរុញឱ្យធ្វើឡើងដោយសារតែមានផែនការសម្លាប់លោក និងដោយសារការដួលរលំសេដ្ឋកិច្ចរបស់ប្រទេសនេះ។ លោក Ranil Wickremesinghe ​និយាយថាវាជាការខុសច្បាប់ហើយលោកគឺនៅតែជានាយករដ្ឋមន្ត្រី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Mahinda Rajapaksa ដែលបានកាន់តំណែងជាប្រធានាធិបតីពីឆ្នាំ២០០៥-២០១៥នេះ បាននិយាយថា លោកនឹងចៀសវាងនយោបាយស្អប់ខ្ពើម និងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយដែលនឹងការពារសិទ្ធិមនុស្សរបស់ពលរដ្ឋទាំងអស់ ដែលនឹងការពារឯករាជ្យភាពរបស់ តុលាការ និងបង្កើតច្បាប់និងសណ្តាប់ធ្នាប់ “។ លោកបានអំពាវនាវឱ្យសមាជិកសភាគាំទ្ររដ្ឋាភិបាលរបស់លោក។

កាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតី Maithripala Sirisenaបានព្យួរសភារហូតដល់ថ្ងៃទី១៦ខែវិច្ឆិកា ដែលជាចំណាត់ការមួយ ដែលក្រុមអ្នកគាំទ្ររបស់នាយករដ្ឋមន្រ្តីដែលត្រូវបានបណ្តេញចេញពីតំណែងនេះ បាននិយាយថាគឺមានគោលបំណងរារាំងសមាជិកសភាពីការបង្ហាញការគាំទ្រជាបន្តរបស់ពួកគេ ចំពោះលោក Ranil Wickremesinghe។

ភាពជាប់គាំងនេះ មានផលប៉ះពាល់ភូមិសាស្ត្រនយោបាយដ៏ខ្លាំងនៅប្រទេសមួយដែលទទួលរងឥទ្ធិពលយូរមកហើយពីប្រទេសជិតខាង ឥណ្ឌារបស់ខ្លួន ប៉ុន្តែបានជំពាក់បំណុលដ៏ច្រើនរបស់ចិន ដែលផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ពន្ធធំៗក្នុងអំឡុងពេលមួយទសវត្សរ៍នៅក្រោមការដឹកនាំរបស់លោក Mahinda Rajapaksa ជាប្រធានាធិបតីពីឆ្នាំ២០០៥-២០១៥ នេះ។

សម្ពន្ធមិត្តបរទេសរបស់ប្រទេសស្រីលង្កា ភាគច្រើនដែលរួមមានប្រទេសឥណ្ឌាសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក បានជំរុញឱ្យ លោកប្រធានាធិបតី Maithripala Sirisena គោរពតាមរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ ប្រទេសចិនត្រូវបានគេមើលឃើញថាជាអ្នកគាំទ្រលោក Mahinda Rajapaksa ជាយូរមកហើយនោះ បានអបអរសាទរលោកក្នុងការក្លាយនាយករដ្ឋមន្ត្រី ដែលនាំឱ្យមានការចោទប្រកាន់ពីក្រុមអ្នកគាំទ្រលោក Ranil Wickremesinghe ថា រដ្ឋាភិបាលក្រុងប៉េកាំងនៅពីក្រោយការ ប៉ុនប៉ងផ្លាស់ប្តូររដ្ឋាភិបាលនេះ ។ ទោះជាយ៉ាងណា ក្រុមមន្ត្រីចិនបានបដិសេធថាខ្លួនមិនជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសស្រីលង្កាទេ៕ដោយ៖សុខា/sn

ទាហានស្រីលង្កាដើរនៅខាងក្រៅលំនៅដ្ឋាននៃនាយករដ្ឋមន្ត្រីនេះ នៅទីក្រុងកូឡុំប៊ូកាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម