ដាក់​រូប​គំ​រ៉ូ​ខ្លោង​របារ​កាត់​ទទឹងផ្លូវ​៥​ជម្រើស ឲ្យ​អ្នកលេង Facebook បោះឆ្នោត ដើម្បី​យក​ដាក់តាំង​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

1101
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​បង្ហាញ​នូវ​រូប​គម្រូ​ខ្លោង​របារ​កាត់​ទទឹងផ្លូវ​ចំនួន​៥​ជម្រើស ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook ធ្វើការ​បោះឆ្នោត​គាំទ្រ ដើម្បី​យក​ដាក់តាំង​បង្ហាញ​នៅតាម​ផ្លូវ​សាធារណ​ចំនួន​៤​គោលដៅ សម្រាប់​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៨ ខាងមុខនេះ​។​
​តាមរយៈ​ទំព័រ Facebook ផ្លូវការ​របស់​សាលា​រាជធានី​ភ្នំពេញ ដែលមាន​ឈ្មោះថា «​រដ្ឋបាល​រាជធានី​ភ្នំពេញ​» បាន​បញ្ជាក់ថា រូប​គំរូ​ចំនួន​៥​សន្លឹក​នេះ គឺជា​ស្នាដៃ​របស់​បេក្ខជន ដែល​បានជ្រើសរើស​ដោយ​គណៈកម្មកា​រ​វាយតម្លៃ ចេញពី​រូបភាព​ចំនួន​៤៥​រូបភាព ដែលមាន​បេក្ខជន​ចំនួន​២៩​នាក់ បាន​ផ្ញើមក​ដើម្បី​ចូលរួម​ប្រកួត​រចនា​ខ្លោង​របារ​កាត់​ទទឹងផ្លូវ​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​ដែរ​ថា​៖ រូប​ទាំង​៥​ដែល​ដាក់​ឲ្យ​បោះឆ្នោត​នេះ សុទ្ធ​តែមាន​អត្ថន័យ​ខ្លឹមសារ​ព្រះរាជ​ពិធី រចនាបថ​ខ្មែរ លក្ខណៈ​បច្ចេកទេស នៃ​ការសាងសង់ និង​ការ​រចនា​ភ្លើង​ឲ្យ​អាច​ទទួលយកបាន​ទាំង​ពេល​ថ្ងៃ និង​ពេលយប់ ទើប​គណៈកម្មការ​វាយតម្លៃ សម្រេច​ជ្រើសរើស​បាន​រូបភាព​ទាំង​៥​នេះ​តែម្ដង ហើយ​រូបភាព​ដែល​ទទួល​បានការ Like គាំទ្រ ច្រើនជាងគេ​ចំនួន​៤​រូបភាព នឹងត្រូវ​យកទៅ​ដំឡើង​នៅតាម​គោលដៅ​ទាំង​៤ ដែល​បាន​ត្រៀម​រួចជាស្រេច​។​
​ការបោះឆ្នោត​ជ្រើសរើស​ការគាំទ្រ​នេះ នឹងត្រូវ​បញ្ចប់​នៅ​ម៉ោង​៣​រសៀល ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​ខាងមុខនេះ ដូច្នេះ​សូមអ្នក​ប្រើប្រាស់ Facebook ចូលរួម​បោះឆ្នោត​ទាំងអស់គ្នា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម