ម៉ាឡេស៊ី​ចាប់ផ្តើម​លក់​នាវា​កម្សាន្ត​ប្រណិត​ដែល​ទាក់ទង​នឹង​រឿងអាស្រូវ​ពុករលួយ​

846
ចែករម្លែក

រដ្ឋាភិបាលម៉ាឡេស៊ីបានចាប់ផ្តើមលក់ដេញថ្លៃនាវាកម្សាន្តប្រណិតមួយ នៅថ្ងៃចន្ទទី២៩ខែតុលាគឺមួយខែបន្ទាប់ពីចាប់រឹបអូសយកមកវិញពីការលួចបន្លំកឹបកេងប្រាក់រដ្ឋច្រើនលានដុល្លារពីមូលនិធិវិនិយោគរបស់រដ្ឋ។

ការលក់នេះ ត្រូវបានធ្វើឡើងគឺជិត៣ខែបន្ទាប់ពីឥណ្ឌូនេស៊ីបានប្រគល់នាវាកម្សាន្តEquanimity តម្លៃ២៥០លានដុល្លារនេះមកវិញបន្ទាប់ពីវាត្រូវបានចាប់ឃាត់ទុកនៅជិតកោះបាលី កាលពីខែកុម្ភៈ ដោយសហការជាមួយក្រុមអ្នកស៊ើ បការណ៍FBIរបស់សហរដ្ឋអាមេរិក។

ក្រសួងយុត្តិធម៌អាមេរិកដែលជាភ្នាក់ងារបរទេសមួយក្នុងចំណោមភ្នាក់ងារបរទេសជាច្រើនដែលស៊ើបអង្កេតរឿងអាស្រូវអំពើពុករលួយដ៏ធំមួយទៅលើមូលនិធិ1MDBនេះបានចុះបញ្ជីនាវានេះនៅក្នុងចំណោមទ្រព្យសម្បត្តិដែលខ្លួនអាចរឹបអូសនិងលក់ដើម្បីប្រមូលប្រាក់មូលលុយដែលត្រូវបានគេលួចមកវិញ។

ក្រុមអ្នកស៊ើបអង្កេតអាមេរិកបាននិយាយថា ហិរញ្ញិកជនជាតិម៉ាឡេស៊ី ឈ្មោះ Low Taek Jho ឬ Jho Low ដែលក្រសួងយុត្តិធម៌បានចោទប្រកាន់ថាជាមនុស្សម្នាក់នៅក្នុងការលួយបន្លំប្រាក់រដ្ឋន និងលាងលុយជាអន្ដរជាតិចំនួន៤,៥ពាន់លានដុល្លារពីមូលនិធិ1MDB នេះ បានទិញនាវានេះ ជាមួយនឹងលុយដែលបានបង្វែរពី មូលនិធិ1MDB ។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានបង្កើតមូលនិធិ1MDB នេះ នៅពេលលោកបានឡើងកាន់អំណាចនៅក្នុងឆ្នាំ២០០៩ ប៉ុន្តែ វាបានធ្វើឱ្យមានបំណុលរាប់ពាន់លាន តែរូបលោកនិងបក្ខពួកកើនប្រាក់រាប់លាន។

មូលនិធិ1MDBដ៏ចម្រូងសម្រាស់នេះ បានធ្វើឱ្យលោក Najib Razak ចាញ់ការបោះឆ្នោតសកលកាលពីខែឧសភានិងបាននាំឱ្យមានការផ្លាស់ប្តូរអំណាចជាលើកទីមួយរបស់ប្រទេសនេះចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៥៧។

លោក Najib Razak និងប្រពន្ធរបស់លោកត្រូវបានចោទប្រកាន់ជាច្រើនករណីអំពីបទពុករលួយ រំលោភសេចក្តីទុកចិត្តនិងលាងលុយដែលទាក់ទងនឹងករណីមូលនិធិ1MDB នេះ ។ អ្នកទាំង២នេះ បាននិយាយដដែលៗថាពួកគេមិនមានទោសកំហុសទេ ហើយ ការកាត់ទោសពួកគេនឹងចាប់ផ្តើមធ្វើនៅឆ្នាំក្រោយ។

រដ្ឋាភិបាលថ្មីបាននិយាយថាអំពើពុករលួយដោយរដ្ឋបាលរបស់លោក Najib Razak បានធ្វើឱ្យបំណុលជាតិ មានចំនួនដ៏ច្រើនឡើង៕ដោយ:សុខា/sn

នាវាកម្សាន្តល្អទំនើបEquanimity ត្រូវបានគេឃើញនៅកំពង់ផែBenoa កោះបាលីប្រទេសឥណ្ឌូនេស៊ី កាលពីខែថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម