បញ្ញវន្ត​សង្ឃៈ កឋិនទាន​មាន​ប្រយោជន៍​ទាំង​ក្នុង​សាសនា និង ទាំង​ក្នុង​សង្គមជាតិ​

2171
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ព្រះ​ភិក្ខុ សាន ភា​រ៉េត គង់នៅ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ បានលើកឡើង​អំពី​គុណប្រយោជន៍ នៃ បុណ្យកឋិន​ទាន​ថា  បុណ្យកឋិន​ទាន​មាន​ប្រយោជន៍​ដ៏​ធំ​ទូលំទូលាយ​ទាំង​ចំពោះ​ព្រះពុទ្ធសាសនា ទាំង​ចំពោះ​សង្គម ។ ចំពោះ​ព្រះពុទ្ធសាសនា ព្រោះ​កឋិន ជួយ​សម្រាល​យ៉ាង​ច្រើ​នូវ​អាបត្តិ​របស់​ព្រះ​ភិក្ខុសង្ឃ , អនុគ្រោះ​ដល់​ព្រះ​វិន័យ គឺ​ជំរុញឱ្យមាន​ការសិក្សា និង ប្រតប​ត្តិ​វិន័យ ព្រោះ​ថាបើ​មិនចេះ​វិន័យ មិន​ឆ្លៀវឆ្លាស​ក្នុង​វិន័យ ធ្វើ​កឋិន​មិនកើត ក្រាល​គ្រង កឋិន មិនបាន បើ​ចេះ​វិន័យ​ហើយ​មិន​ប្រតិបត្តិ​វិន័យ​ឱ្យបាន​ល្អ ដូចជា​មិន​ចាំ​វ​ស្ស ធ្វើឱ្យ​ដាច់​វស្សា មិន​សាមគ្គី​គ្នា ធ្វើឱ្យ​ជម្លោះ​ឈ្លោះទាស់ទែង​គ្នា​ជាដើម ក៏​មិនអាច​ទទួល កឋិន បាន ដែល​ទាំងនេះ​គឺជា​ការអនុគ្រោះ​ដល់​ព្រះពុទ្ធសាសនា  ។

​ព្រះ​ភិក្ខុ សាន ភា​រ៉េត ( រូបៈ មេសា )


​មិនតែប៉ុណ្ណោះ ព្រះ​ភិក្ខុ សាន ភា​រ៉េត បាន​ពន្យល់ថា កឋិន ក្តោប​ទាំង​បុណ្យ​បច្ច័យ ៤ គឺ​នៅក្នុង​ពេលធ្វើ​បុណ្យកឋិន មាន​ទាំង​ប្រគេន​ចីវរ ( សំពត់​កឋិន​) មាន​ទាំង​ប្រគេន​ចង្ហាន់​ព្រះសង្ឃ និង ជូន​អាហារ​ដល់​ភ្ញៀវ ( បិណ្ឌ​បាត្រ​បច្ច័យ ) មាន​ទាំង​ប្រគេន​ថ្នាំសង្កូវ និង ភេសជ្ជៈ ( គិលាន​ភេសជ្ជៈ​បច្ច័យ​) និង ភួយ មុង គ្រែ កន្ទេល ខ្នើយ និង ថវិកា ការ​សាង​កុដិ​សាលា​ស្ពាន​ថ្នល់ សាលារៀន​មន្ទីរពេទ្យ​ជាដើម ( សេន​សន​បច្ច័យ ) ។ ពេលធ្វើ​បុណ្យកឋិន ក៏​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត ជម្រះ​គ្រោះកាច ចម្រើន​សិរី​សួស្តី ដែល​ចំណុច​នេះ គឺជា​បុណ្យចម្រើនព្រះជន្ម ។

​ព្រះ​ភិក្ខុ សាន ភា​រ៉េត បន្ថែមថា បន្ទាប់ពី​ពេល​ប្រ​គេ​ទាន​ដល់​ព្រះសង្ឃ​រួចមក អាចារ្យ ឬ អ្នកដឹកនាំ​បុណ្យ ក៏​តែងតែ​នាំគ្នា​ឧទ្ទិស​បុណ្យ​កុសល ដល់​វិញ្ញាណក្ខន្ធ​ញាតិ​កា​ទាំង ៧ សន្តាន មួយអន្លើ​ដល់​សព្វ​សត្វ​ទិស​ទាំង ៨ ដែល​ទាំងនេះ គឺជា​បុណ្យ​ទក្ខិណានុប្បទាន ។ នៅក្នុង​ពិធី បុណ្យកឋិន ក៏​តែងតែមាន​ដើម​ផ្កាប្រាក់ ឬ ថវិកា​សង្កត់​ត្រៃ ដែល​ថវិកា​ទាំងនេះ ស្មើនឹង​ពិធីបុណ្យ​ផ្កា ប្រាក់ ផងដែរ ។​

​ចំពោះ​សង្គម​វិញ ព្រះមហា​សមណៈ​ខេ​មរ​បញ្ញវន្ត​សង្ឃ សាន ភា​រ៉េត បាន​ពន្យល់ថា បុណ្យកឋិន​គឺជា​ការបង្ហាញ​នូវ​វប្បធម៌​សាមគ្គីភាព ភាតរភាព ភាពចុះ​សម្រុង​ស្រុះស្រួល​គ្នា​ជា​ធ្លុង​មួយ ព្រោះថា បុណ្យកឋិន​មិនអាច​ធ្វើ​តែម្នាក់ឯង​ទេ គឺ​តែងតែមាន​ការអញ្ជើញ និង ចូលរួម​ដោយ​សាច់​ញាតិមិត្ត​ជិត​ឆ្ងាយ រួមទាំង​អ្នក​រួម​ការងារ រួម​អាជីព​ជាមួយគ្នា មួយអន្លើ​នឹង​អ្នក​នៅក្បែរ​ខាង​ផង ។ ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ មនុ​ស្សមានភាព​មមាញឹក​ឡើងៗ ក៏​ចេះតែ​ឃ្លាតឆ្ងាយ​ពី​សាច់ញាតិ​គ្រួសារ​ច្រើន​ទៅៗ ការយោគយល់​គ្នា ឬ ទំនាក់ទំនង​ល្អ​នឹង​គ្នា ក៏​កាន់តែ​តិច​ទៅៗ ។ តាមរយៈ​បុណ្យកឋិន ធ្វើឱ្យ​សាច់ញាតិ និង អ្នក​ក្នុងភូមិ​ស្រុក ឬ ក្នុង​សហគមន៍​បាន​ទៅជិត​គ្នា រួមគ្នា​ធ្វើអំពើ​ល្អ ជាមួយគ្នា រួមគ្នា​ធ្វើ​កឋិន​ប្រកបដោយ​ភាពចុះ​សម្រុង​គ្នា ។ នេះហើយ​គឺជា​សាមគ្គីភាព ភាតរភាព ។


​ចំពោះមុខ​កឋិន អ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ ក្តី ក៏មាន​ឋានៈ​ស្មើៗ​គ្នា ដែល​ទាំងនេះ គឺជា​វប្បធម៌​សមភាព ។​
​មួយទៀត​សោត របស់របរ​សម្ភារ​នា​នា​ដែលជា​បរិវា​កឋិន ទីទៃ​អំពី​សម្រាប់​បែងចែក​សម្រាប់​ព្រះសង្ឃ​ក្នុង​វត្ត​ប្រើប្រាស់​ទៅ សម្ភារ​ខ្លះ​មាន​គ្រឿងឧបភោគ​បរិភោគ​ជាដើម ក៏ត្រូវ​បាន​យកទៅ​ប្រគល់​ដល់​អង្គការ​មនុស្ស​ធម៌ មណ្ឌលកុមារ​កំព្រា និង ពន្ធនាគារ ឬ ជនក្រីក្រ ដែល​ទាំងនេះ​ជាដើម គឺជា​អំពើ​មនុស្សធម៌​ដ៏​ប្រពៃ​មួយ​។
​លើសពីនេះ​ទៅ​សម្ភារ និង ថវិកា​ខ្លះ​ដែល​បានមកពី​កឋិន ត្រូវបាន​យកទៅ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដូចជា​ស្ពាន​ថ្នល់​សាលារៀន​មន្ទីរពេទ្យ​ជាដើម ដែល​ទាំងនេះ​គឺ​សុទ្ធតែ​ដើម្បី​បានជា​ប្រយោជន៍​សង្គមជាតិ និង មនុស្សជាតិ​វិញ​ទាំងអស់ ហើយ​ការងារ​ទាំងនេះ គឺជា​ការកើតឡើង​ពី​ការ​សាមគ្គី ហើយ​សាមគ្គី​នោះ គឺ​តាមរយៈ​ការធ្វើ​បុណ្យកឋិន បើ​គ្មាន​បុណ្យកឋិន​ទេ ការធ្វើ ឬ បង្កើត​នូវ​ការ​សាមគ្គី​បែបនេះ មិនមែនជា​រឿង​ងាយស្រួល​ទេ ។

​ព្រះ​ភិក្ខុ សាន ភា​រ៉េត បាន​បន្ថែមថា កឋិន ក៏​ជាការ​រួមចំណែក​ញ៉ាំងឱ្យ​ចរន្ត​សេដ្ឋកិច្ច​មានដំណើរ​ការ តាមរយៈ​ការទិញ​លក់​សម្ភារ​នានា​ដែល​ប្រើប្រាស់​ក្នុង​ពិធី​បុណ្យកឋិន​ផង​ដូចជា​ស្បង់​ចីវរ គ្រែ មុង ភួយ កន្ទេល​ខ្នើយ ភ​ស​ជ្ជៈ ម្ហូបអាហារ ពោលគឺ​គ្រឿង​ឧបភោគបរិភោគ​នានា និង តាម​ការទិញ​លក់​នូវ​សម្ភារ​នានា​ក្រោយពេល​កឋិន​ផង ដូចជា​គ្រឿងសំណង់​ជាដើម ។​

​ជាទូទៅ នៅក្នុង​ពិធីបុណ្យ​កឋិន ក៏មាន​សម្តែង​សិល្បៈ​វប្បធម៌​ជាតិ​ដូចជា ឆៃយ៉ាំ ល្ខោន យីកេ និង ភ្លេងពិណពាទ្យ​ជាដើម ដែល​បានសេចក្តីថា កឋិន ក៏​ជាការ​រួមចំណែក​ថែរក្សា​ការពារ និង លើកតម្កើង​សិល្បៈ​វប្បធម៌​ជាតិ​ផងដែរ ។​

ភិក្ខុសង្ឃ​ជា​អ្នកទទួល​កឋិន កាលបើ​បាន​ក្រាល​ត្រឹមត្រូវ​តាម​វិន័យ​ហើយនឹង​ទទួលបាន​អានិសង្ស ០៥​យ៉ាង ទោះបី​កឋិន​នោះ​តូចតាច តិចតួចស្តួចស្ដើង ឬ​ធំដុំ​សម្បូរបែប​យ៉ាងណាក៏ដោយ​គឺ​៖ ទី​១. ភិក្ខុ​និមន្ត​ទៅណា​មិនបាច់​លា​ភិក្ខុ​ផង​គ្នា​ដោយ​មិន ត្រូវ​អាបត្តិ ។ ទី​២ និមន្ត​ទៅណា មិនបាច់​យក​នូវ​ត្រៃចីវរ​ទៅជា​មួយ​ក៏បាន ។ ទី ៣. ឆាន់​ភោជន​ដែល​គេ​និមន្ត ឬ ដាក់ចេញ​ឈ្មោះ មិនត្រូវ​អាបត្តិ ។ ទី​៤ លោក​អាច​ទុកដាក់​អតិរេកចីវរ បាន បាន​ដោយ​មិនត្រូវ​អាបត្តិ និង ទី ៥ គឺ​កឋិន​ចីវរ ដែល​កើត​នៅក្នុង​ទី​អារាម​ណាមួយ នឹងមាន​ដល់​ភិក្ខុ​អ្នកទទួល​ក្រាល​គ្រង ឬ​អនុមោទនា​កឋិនទាន​នៅក្នុង​ទីវ​ត្ត​នោះ​។

​អា​និ​ស្សង​ទាំង ៥ ចំណុច​ដូចដែល​បានលើកឡើង​ខាងលើ​ដោយ​សង្ខេប​នេះ ស្តាប់ទៅ​ហាក់​មិនមាន​អ្វី​ធំដុំ​ទេ ប៉ុន្តែ​សម្រាប់​ភិក្ខុ​ក្នុង​សាសនា អានិសង្ស​ទាំង ៥ នេះ ពិតជា​បាន​សម្រាល​ក្តី​លំបាក​យ៉ាងច្រើន ។ ដោយហេតុនេះ​ទើប​ព្រះសម្មាសម្ពុទ្ធ​សរសើរ​ថា អ្នក​បានធ្វើ​កឋិន បាន​បុណ្យ​កុសល​ប្រមាណ​មិនតិច​ឡើយ ៕ Kh

បុណ្យ​កឋិនទាន​បង្កប់​ទៅដោយ​អត្ថន័យ​ប្រក​ដោយ​ប្រយោជន៍​ទាំង​ក្នុង​សាសនា និង ក្នុងសង្គម ( រូបៈ ឯកសារ )

ទីតាំងផ្សាយពាណិជ្ជកម្ម