តុលា​ការបង់​ក្លា​ដែ​ស ដាក់ទោស​បន្ថែម​ទៅលើ​អតីត​នាយករដ្ឋមន្ត្រី​

2713
ចែករម្លែក

តុលាការបង់ក្លាដែសនៅពីថ្ងៃចន្ទទី២៩ខែតុលា បានកាត់ទោស លោកស្រី Khaleda Zia អតីតនាយករដ្ឋមន្ត្រីនិងជាមេដឹកនាំគណបក្សប្រឆាំងនេះឱ្យជាប់គុក៧ឆ្នាំបន្ថែមទៀតដោយចោទប្រកាន់ពីបទពុករលួយ ដែលក្រុមអ្នកគាំទ្ររបស់លោកស្រីនិយាយថាជាការចោទប្រកាន់ក្រោមហេតុផលនយោបាយ។

លោកស្រី Khaleda Zia ដែលជាគូប្រជែងជាមួយនឹង នាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ត្រូវបានកាត់ទោសឱ្យជាប់គុករួចហើយ ដោយត្រូវជាប់គុក៥ឆ្នាំកាលពីខែកុម្ភៈក្នុងករណីចោទប្រកាន់ដោយឡែកពីគ្នាអំពីការកិបកេងប្រាក់រដ្ឋ។

សាលក្រមនេះបានបង្កឱ្យមានការប៉ះទង្គិចគ្នារវាងប៉ូលិសនិងអ្នកគាំទ្ររាប់ពាន់នាក់នៃគណបក្សប្រឆាំងបង់ក្លាដែសBNPដែល លោកស្រី Khaleda Zia នៅតែធ្វើការដឹកនាំចេញពីបន្ទប់គុក។

នៅក្នុងសវនាការចុងក្រោយនេះ ចៅក្រមបានរកឃើញថាអតីតមេដឹកនាំអាយុ៧៣ ឆ្នាំរូបនេះ មានទោសកំហុសក្នុងការរំលោភអំណាចនិងប្រើប្រាស់លុយខុសទិសដៅ៣៧៥.០០០ដុល្លារសម្រាប់មូលនិធិសប្បុរសធម៌មួយ។

ការកាត់ទោសថ្មីនេះ ត្រូវបានរំពឹងថានឹងរារាំងឱកាសរបស់លោកស្រីក្នុងការប្រកួតប្រជែងជាមួយជាមួយ លោកស្រី Sheikh Hasina ដែលត្រូវបានចោទប្រកាន់ថា បានរារាំងគូប្រជែងរបស់លោកស្រីនៅក្នុងការបោះឆ្នោតសកលមួយដែលគ្រោងធ្វើខែធ្នូ។

មិនមានប្រតិកម្មភា្លមៗពីគណបក្សBNP របស់លោកស្រី Khaleda Zia ទេ ប៉ុន្តែមេធាវីរបស់លោកស្រីបានចាត់ទុកការកាត់ទោសនេះ ថាជាការសងសឹកនយោបាយ៕ដោយ៖សុខា/sn

លោកស្រី Khaleda Zia អតីតនាយករដ្ឋមន្ត្រី ត្រូវបានកាត់ទោសឱ្យជាប់គុកតាមការចោទប្រកាន់
ជាបន្តបន្ទាប់ ដែលលោកស្រីនិយាយថា ជាហេតុផលនយោបាយ

ទីតាំងផ្សាយពាណិជ្ជកម្ម