បង្ក្រាប​ជនសង្ស័យ​ប្រើប្រាស់ និង​រក្សាទុក​ថ្នាំញៀន​ទាំង​៤​នាក់​ព្រមទាំង​ដកហូត​បាន​ថ្នាំ​៣​កញ្ចប់ និង​ម៉ូតូ​១​គ្រឿង​

672
ចែករម្លែក

​ដោយ : សាវ​រក្ស​/​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ប្រើប្រាស់ និង​រក្សាទុក​ថ្នាំញៀន​ទាំង​៤​នាក់​ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៣​កញ្ចប់ និង​ម៉ូតូ​១​គ្រឿង ត្រូវបាន​អនុវត្ត​ឡើង ក្នុងពេល​ចុះ​ត្រួតពិនិត្យ​ច្បាប់ ចរាចរ​ណ៍ផ្លូវគោក និង​សារធាតុ នៃ​ជាតិ​ស្រវឹង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ក្រុមទី​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ និង​មួយ​ទីតាំង​ទៀត ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ដូចគ្នា ក្នុង​ក្រុម​៥ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក កាលពី​យប់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨​។​

​បើតាម​នគរបាល​ខណ្ឌ​ឫស្សីកែវ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​បង្ក្រាប​ឃាត់ខ្លួន​រួមមាន​៖ ឈ្មោះ ចាន់ កូ​លាប អាយុ​៣៣​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ និង​ម្នាក់ទៀត​ឈ្មោះ តំ វ៉ាង អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​មិន​ពិតប្រាកដ​។ ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​នគរបាល បាន​ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​កញ្ចប់​តូច និង​ម៉ូតូ​១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ទឹកប្រាក់ គ្មាន​ផ្លាកលេខ​។​

​ដោយឡែក ជនសង្ស័យ​ដែល​បង្ក្រាប​ឃាត់ខ្លួន​បាន​ជាក់ស្ដែង ក្នុង​បទល្មើស​ប្រើប្រាស់​ថ្នាំញៀន ជា​ករណី​ទី​២​មានឈ្មោះ ម៉ៃ សម្បូរ អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ​ត្រពាំង​របង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល (​រក្សាទុក​) និង​ម្នាក់ទៀត​ឈ្មោះ សុង សំណាង អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ​តា​លីង ឃុំ​ខ្សេម​ខ្សាន ស្រុក​ឧ​ត្ត​ង្គ ខេត្តកំពង់ស្ពឺ (​ប្រើប្រាស់​) ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​តូច​។​

​ក្រោយ​បង្ក្រាប​ឃាត់ខ្លួន​ភ្លាមៗ ជនសង្ស័យ​ទាំង​៤​នាក់ ជាមួយ​វត្ថុតាង​ពាក់ព័ន្ធ ត្រូវ​នាំមក​ឃុំខ្លួន​បណ្ដោះ​អាសន្នក្នុង​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​និតិ​វិធី​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម