បង្ហាញ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំ​ហ៊ាន​ទី​៤, នៅ​រាជធានី​ភ្នំពេញ​ក្នុងតម្លៃ​៣០​លាន​ដុល្លារ ក្រោម​ជំនួយឥតសំណង​របស់​ជប៉ុន

1055
ចែករម្លែក


​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​កន្លង​នេះ​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ អញ្ជើញ​ទៅ​ទស្សនកិច្ច និង​ចូលរួម​ការដាក់ឱ្យ​ដេញថ្លៃ គម្រោង​ការពារ​ទឹកជំនន់ និង​ការកែលម្អ ប្រព័ន្ធ​ប្រឡាយ​លូ ជំ​ហ៊ាន​ទី​៤​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន នៅ​ទីក្រុង​តុ​ក្យូ ប្រទេស​ជប៉ុន បាន​នាំមក​នូវ​ផ្លែ​ផ្លា​យ៉ាង​ធំធេង ដោយ​គម្រោង​នេះ​មាន​ទំហំ​ទឹកប្រាក់ ប្រមាណ​ជា ៣០​លាន​ដុល្លារ​អាមេរិក ។​
​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​នេះ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បានធ្វើ​សន្និសីទ​ការ​សែត មួយ​នៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់​ពី​គម្រោង​ជំនួយ​របស់​ប្រទេស​ជប៉ុន​ក្នុង​ជំហាន​ទី​៤​នេះ ។ ក្នុង​សន្និសីទ​ការ​សែត​នោះ​លោក នួន ផា​រ័ត្ន មានប្រសាសន៍​លើកឡើងថា​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ឲ្យ​លោក និង​លោក សាំ ពិសិដ្ឋ ដឹកនាំ​គណៈ​ប្រ​ត្តិ​ភូ​មួយក្រុម ទៅ​ចូលរួម​នៅក្នុង​គម្រោងការ​ដេញថ្លៃ គម្រោង​ការពារ​ទឹកជំនន់ និង​ការកែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ នៅក្នុង​រាជធានី​ភ្នំពេញ ដំណាក់កាល​ទី​៤” ។​
​ក្នុងនោះ​លោក នួន ផា​រ័​តុ្ន បាន​ឲ្យ​ដឹងថា​៖​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ ដែល​បាន​អញ្ជើញ ទៅ​ប្រទេស​ជប៉ុន បានសម្រេច​ការងារ​ពីរ​សំខាន់ៗ គឺ​ការដេញថ្លៃ​គម្រោង និង​ការជួបពិភាក្សា ការងារ​ជាមួយ​មន្ត្រី ជាន់ខ្ពស់ របស់​អង្គការ JICA ។ គម្រោង​នេះ គឺជា​គម្រោង​ដែល​យើង​បន្ត ពី​គម្រោង​មុនៗ ប៉ុន្តែ​ជា​គម្រោង ជំនួយឥតសំណង (Great A) យើង​មិនមាន​ជាប់ ជា​បំណុល និង​ជា​កត​ព្វ​កិច្ច​អ្វី ដែល​ត្រូវ​សង​អ្វី​ទៅ​ភាគី​មិត្ត​ជប៉ុន នោះ​វិញ​ទេ ។​លោក​ក៏បាន​ពន្យល់ ពី​មូលហេតុ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​ដេញថ្លៃ​គម្រោង​នេះ នៅ​ទីក្រុង​តុ​ក្យូ ក្នុងនាម​ខ្លួន​ជា​ម្ចាស់​គម្រោង ក៏​ព្រោះ​ជា​គោលនយោបាយ របស់​ជប៉ុន ដែល​តម្រូវ​ឲ្យ​ធ្វើការ​សហការ ជាមួយ​ក្រុមហ៊ុន គង់​ស្យ៊ូ​តង់​មួយ​របស់​ជប៉ុន ដែល​ក្រុមហ៊ុន​នេះ គឺជា​អ្នករៀបចំ​ដំណើរការ​សហការ ជាមួយ​រាជធានី​ភ្នំពេញ​នេះ តាំងពីដើម​រហូតដល់​ចប់ ។ ដូច្នេះ​អ្វីៗ​ទាំងអស់នេះ ត្រូវធ្វើឡើង​ជាមួយ ជំនាញការ​របស់​ក្រុមហ៊ុន គង់​ស្យ៊ូ​តង់ និង​ត្រូវធ្វើឡើង ក្រោម​ការរៀបចំ ដោយ​ក្រុមហ៊ុន គង់​ស្យ៊ូ​តង់ ដែល​រៀបចំ​នៅ​ទីក្រុង​តុ​ក្យូ ក្រោម​ការចូលរួម ពី​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន ។​
​ជាមួយគ្នា​នោះ​លោក​អភិបាលរង​រាជធានី​ភ្នំពេញ បាន​បន្ថែមថា “​ការដេញថ្លៃ​លើ​គម្រោង ការពារ​ទឹកជំនន់ និង​ការ​ការកែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំ​ហ៊ាន​ទី​៤ គម្រោង​ទាំងពីរ​នេះ មានតម្លៃ​ស្មើនឹង​ទឹកប្រាក់ ៣០​លាន​ដុល្លារ​អាមេរិក​” ។ ក្រោយពី​ការដេញថ្លៃ លោក​បាន​ជួបប្រជុំ​ជាមួយ និង​មន្ត្រីជាន់ខ្ពស់ របស់​អង្គការ​ចៃ​កា (JICA) ដោយបាន​ពិភាក្សា បញ្ហា​ដែល​នៅ​សេសសល់ ស្ថិតក្នុង​ក្របខណ្ឌ ការអនុវត្ត គម្រោង​បច្ចុប្បន្ន ដែល​រួមទាំង​គម្រោង កែលម្អ​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ រួមទាំង​ផលប៉ះពាល់ ដែល​អាច​កើតចេញ ពី​ការអនុវត្ត​គម្រោងការ​ការពារ​ទឹកជំនន់ និង​ការកែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំ​ហ៊ាន​ទី​៤​នេះ ដែល​នូវមាន​ផលប៉ះពាល់​ខ្លះ ដែល​យើង​ត្រូវធ្វើ​ការពិភាក្សា និង​ប្រាប់​ទៅកាន់​ភាគី JICA វិញ ដើម្បី​រក​ដំណោះស្រាយ ដែល​អាច​ទទួលយកបាន ។​
​ក្នុង​ស​ន្និសិទ​កាសែត​នោះដែរ​លោក​បន្តថា “​យើង​ធ្វើការ​ពិភាក្សា​បន្តទៅ​មុខ​ទៀត អាច​ដល់​ជំ​ហ៊ាន​ទី​៥ ដោយ​យើង​ធ្វើការ​សិក្សា អំពី​តំបន់​ជុំវិញ​ប្រ​លាន​យន្តហោះ​ពោធិ៍ចិនតុង ដែល​អាច​នឹងរង ការគំរាមកំហែង ពី​ការ​ជន​លិច ដោយ​ជំនន់​ទឹកភ្លៀង ដែល​យើង​ត្រូវតែ​សិក្សា ធ្វើ​យ៉ាងម៉េច ដោះស្រាយ​អោយបាន​លើ​គម្រោង​២​សំខាន់ៗ រួមមាន កិច្ចសហប្រតិបត្តិការ​ណ៍ ជំនួយ​បច្ចេកទេស លើ​ការងារ​គ្រប់គ្រង ប្រព័ន្ធ​ទឹក​កង្វក់ និង​ការកែលម្អ និង​ការគ្រប់គ្រង នូវ​ប្រព័ន្ធ​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ ដែល​ភាគី JICA បាន​អនុ​ម័​ត្ត​រួចរាល់​ហើយ នៅ​ចាំតែ​សម្រេច​ថា នឹង​ចាប់ផ្តើម នៅពេលណា​ប៉ុណ្ណោះ​។​
​នាឱកាស​នោះ​លោក នួន ផា​រ័ត្ន បាន​ក៏បាន​បន្តទៀតថា​៖​ក្នុងពេល​បំពេញ​ទស្សនៈកិច្ច​នៅ​ទីក្រុង​តូ​ក្យូ “​យើង​បាន​សំណូមពរ និង​ជម្រុញ​ឲ្យ​ជប៉ុន​គាំទ្រ នូវ​គម្រោង​មួយ ដែលជា​គម្រោង​សំខាន់​ផងដែរ សម្រាប់​ក្របខណ្ឌ ក្នុង​រាជធានី​របស់​យើង​គឺ​ការបង្កើត នូវ​ស្ថាន​នី​យ ប្រព្រឹត្តិកម្ម​ទឹក​កង្វក់ ក្នុង​រាជធានី​ភ្នំពេញ ស្ថិតក្នុង​ប៉ែក​ខាងត្បូង ដែល​គម្រោង​នេះ គឺ​ស្ថិតក្នុង​ការសិក្សា មូលដ្ឋាន ដែល​យើង​នឹងត្រូវ​បញ្ចប់ នៅ​ចុងខែ​៤ ។ នៅពេល​បញ្ចប់ ការសិក្សា​នេះ យើង​នឹងមាន​មូលដ្ឋានគ្រឹះ ក្នុងការ​ស្នើសុំ ឲ្យ​ភាគី​ជប៉ុន ជួយ​នៅក្នុង​ការសាងសង់ ស្ថានីយ ប្រព្រឹត្តិកម្ម​ទឹក​កង្វក់​នេះ ពីព្រោះថា បើ​យើង​មិន​ប្រឹងប្រែង លើ​ការងារ​ប្រព្រឹត្តិកម្ម​ទឹក​កង្វក់​នេះ​ទេ បរិស្ថាន​របស់​យើង អាច​នឹងរង​ការ​គំរាម​គំហែង ជាពិសេស​គឺ​ទន្លេ​យើង​នេះឯង​។​
គួរ​បញ្ជាក់ដែរថា​៖ គម្រោង​ការពារ​ទឹកជំនន់ និង​ការកែលម្អ ប្រព័ន្ធ​ប្រឡាយ​លូ ជំ​ហ៊ាន​ទី​៤​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវអនុវត្ត រួមមាន ៖ ១-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក ប្រវែង ៨.២​គីឡូម៉ែត្រ ។ ២-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ប្រវែង ៤.៤​គីឡូម៉ែត្រ​។​៣-​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC​។ ៤-​គ្រោង​តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ​នៅ​ឆ្នាំ​២០១៩ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ៍​បូមទឹក​ចតុមុខ ព្រះ​គ​ន្ល​ង់​១ ព្រះ​គ​ន្ល​ង់​២ និង​ផ្សារ​ចាស់​និង​ទី​៥-​ផ្តល់​រថយន្ត​បូមទឹក​ចល័ត ចំនួន ២​គ្រឿង​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម