ពិតជា​សោកស្តាយ​! តារា​សម្តែង​និង​សាស្ត្រាចារ្យ​លោក នូ យុ​ទ្ធី​រិ​ទ្ធ មុន​ស្លាប់​បង្រៀន​សិស្ស​បាន​១៩​ជំនាន់​

1894
ចែករម្លែក

ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារា​សម្តែង លោក នូ យុ​ទ្ធា​រិ​ទ្ធ ដែលជា​តារា​ជើងចាស់ និង​ជា​សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បានទទួល​អនិច្ចកម្ម កាលពី​វេលា​ម៉ោង​ជិត​១ រំលង​អា​ធ្រា​ត​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ដោយ​ជំងឺ​គាំងបេះដូង នៅក្នុងជន្មាយុ ៥៦ឆ្នាំ​។

​អ្វី​ដែលជា​មហា​សោកស្តាយ​ទាំង​គ្រួសារ និង​សង្គម នៃ​សព​សាស្ត្រាចារ្យ​លោក នូ យុ​ទ្ធី​រិ​ទ្ធ គឺ​មុន​លោក​ទទួលមរណៈភាព​បា​ន​បង្រៀន​សិស្ស​រហូតដល់​១៩​ជំនាន់ ដែល​ធនធាន​នៃ​ប្រទេសជាតិ​។

​ថ្លែង​ក្នុង​ពិធីបុណ្យ​សពបូជា កាលពី​ប្រមាណ​ម៉ោង​៨​ល្ងាច​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ នៅវត្តកោះក្របី បានឱ្យដឹងថា នៅ​ឆ្នាំ​១៩៩៣ លោក​បានបញ្ចប់​ការសិក្សា នៅ​សហភាពសូវៀត ដោយ​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ ថ្នាក់​ឧ​ត្ត​ម នៅ​ទីក្រុង​មូ​ស្គូ សហភាពសូវៀត ។ នៅពេល​បាន​ត្រឡប់​មកដល់​មាតុភូមិ​ភ្លាម លោក​ជា​សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​បាន​បង្រៀន​និស្សិត​ថ្នាក់​ឧ​ត្ត​ម ផ្នែក​ដឹកនាំ​រឿងល្ខោន បាន​ចំនួន ១៩ ជំនាន់ ចាប់តាំងពី​ឆ្នាំ​១៩៩៤ រហូតមក​ដល់ពេល លោក​បានទទួល​មរណភាព ។ ក្នុងនោះ លោក​ក៏បាន​ចូលរួម​សម្តែង​ភាពយន្ត ជាច្រើន​រឿង របស់​ផលិតកម្ម​ភាពយន្ត​មួយចំនួន ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ។​

​ជីវប្រវត្តិ​សង្ខេបនៃ​សព លោក​សាស្ត្រាចារ្យ នូ យុ​ទ្ធី​រិ​ទ្ធ ត្រូវបាន​ឱ្យដឹងថា លោក​សាស្ត្រាចារ្យ នូ យុ​ទ្ធី​រិ​ទ្ធ កើត​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៩៦៣ នៅ​ភូមិ​ច្បារអំពៅ ឃុំ​ច្បារអំពៅ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ លោក​មាន​ឪពុក ឈ្មោះ នូ យ៉ុ​ន ជា​គ្រូបង្រៀន និង​ម្តាយ​ឈ្មោះ ម៉ៅ សុខុម ជា​មេផ្ទះ ប៉ុន្តែ​លោក​ទាំងពីរ បានទទួល​មរណភាព​។​

​លោក នូ យុ​ទ្ធី​រិ​ទ្ធ មាន​បងប្អូន​បង្កើត ចំនួន ១០ នាក់ រួមទាំង​រូបលោក​ផង​។ លោក​គឺជា​កូន​ទី​៦ នៅក្នុង​គ្រួសារ ដែល​កាលពី​កុមារភាព លោក​បាន​សិក្សា នៅ​សាលាបឋមសិក្សា ច្បារអំពៅ ។ នៅ​ឆ្នាំ​១៩៧៩ – ១៩៨០ លោក​បាន​សិក្សា​នៅ​វិទ្យាល័យ​បឹងត្របែក ។ នៅ​ឆ្នាំ​១៩៨១ លោក នូ យុ​ទ្ធី​រិ​ទ្ធ បាន​ចូល​សិក្សា​នៅ​សាលា​វិចិត្រសិល្បៈ ជា​សិស្ស​ជំនា​ន់ទី​២ ផ្នែក​នាដ​សាស្ត្រ ហើយ​ដល់​ឆ្នាំ​១៩៨៥ លោក​បានទទួល​សញ្ញាបត្រ​ស្នា​កប​ត្រ​សិល្បៈ​ផ្នែក​នាដ​សាស្ត្រ ។​

​ក្នុង​ឆ្នាំ​១៩៨៦ លោក​ជា​គ្រូបង្រៀន​ផ្នែក​សិល្បៈ​នាដ​សាស្ត្រ ហើយ​នៅក្នុង​ឆ្នាំ​ដដែល​នេះ សាលា​វិចិត្រសិល្បៈ​ផ្នែក​នាដ​សាស្ត្រ បាន​តម្លើង​ស្នាដៃ​ធំ​មួយ គឺ​រឿង​ស័ង្ខ​សិល្ប៍​ជ័យ ដែល​ក្នុងនោះ លោក នូ យុ​ទ្ធី​រិ​ទ្ធ បាន​ចូលរួម​សម្តែង​ជា​តួអង្គ ស័ង្ខ​សិល្ប៍​ជ័យ និង​បានធ្វើឱ្យ​លោក​ល្បីឈ្មោះ​បោះ​សម្លេង នៅក្នុង​សម័យ​រដ្ឋ​កម្ពុជា ។ បន្ទាប់ពី​រឿង​ស័ង្ខ​សិល្ប៍​ជ័យ​នោះមក លោក នូ យុ​ទ្ធី​រិ​ទ្ធ បាន​ត្រូវ​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អញ្ជើញ​ឱ្យចូល​រួម​សម្តែង ក្នុង​ផលិតកម្ម ភាពយន្ត រឿង “​បុប្ផា​បី​ជំនាន់​” ក្នុងសម័យ​រដ្ឋ​កម្ពុជា ដែល​ពេលនោះ លោក​គឺជា​តារាភាពយន្ត មុនដំបូង​បង្អស់ ក្រោយ​ពីថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ ។​

​នៅក្នុង​អំឡុង​ឆ្នាំ​១៩៨៦ នោះដែរ លោក​បានធ្វើ​ស្នាដៃ​ជាច្រើន ដើម្បី​បង្ហាត់បង្រៀន​សិស្ស និង​បាន​ចុះ​បេសកកម្ម ផ្សព្វផ្សាយ​សិល្បៈ តាម​បណ្ដា​ខេត្ត ក្រុង នៅ​ទូទាំងប្រទេស ជាមួយ​លោក​ព្រឹទ្ធាចារ្យ ឆេង ផុន រដ្ឋ​ម​ន្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុងសម័យ​រដ្ឋ​កម្ពុជា ។​

​ដោយ​គុណសម្បត្តិ​ដ៏​ឧត្តុង្គឧត្តម​នេះហើយ ទើប​លោក នូ យុ​ទ្ធី​រិ​ទ្ធ បានទទួល​អាហារូបករណ៍ ទៅ​សិក្សា​នៅ​សហភាពសូវៀត ផ្នែក​ភាពយន្ត ក្នុង​ឆ្នាំ​១៩៨៨ ។ នៅក្នុង​ជីវិត​គូ​របស់ខ្លួន លោក នូ យុ​ទ្ធី​រិ​ទ្ធ បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​លោកស្រី ខឹម បុប្ផា​វី នៅក្នុង​ឆ្នាំ​១៩៩១ ។ លោកស្រី ខឹម បុប្ផា​វី ក៏​ជា​សាស្ត្រាចារ្យ បង្រៀន​ផ្នែក​ដឹកនាំ​រឿង​ដែរ ។ ចំណងអាពាហ៍ពិពាហ៍ រវាង​លោក និង​លោកស្រី សាស្ត្រាចារ្យ បាន​បន្សល់ ទុក​នូវ​កូនប្រុស​មួយ​នាក់ ឈ្មោះ នូ ពេជ្រ​ពិសិដ្ឋ​។​

​អ្វីដែល​សោកស្តាយ​សម្រាប់​សង្គម​ប្រទេស​និង​គ្រួសារ របស់ លោក​សាស្ត្រាចារ្យ នូ យុ​ទ្ធី​រិ​ទ្ធ គឺជា​វីរៈ​សិល្បៈករ​មួយរូប ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត​ដើម្បី​លើកស្ទួយ​វិស័យ​សិល្បៈ វប្បធម៌​ជាតិ ដោយ​ឥតមាន​ត្អូញត្អែរ​ឡើយ ។ មិនតែប៉ុណ្ណោះ លោក​បាន​ចំណាយ​ពេលវេលា ដ៏​មមាញឹក ចូលរួមចំណែក​បណ្ដុះបណ្ដាល ដល់​យុវជន ជំនាន់​ក្រោយ ឱ្យ​បន្តវេន ការពារ ថែរក្សា​នូវ​មរតក​ខឿន​សិល្បៈ វប្បធម៌​ជាតិ ឱ្យបាន​គង់វង្ស រុងរឿង​ថែមទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម