ផ្សព្វផ្សាយ​របាយការណ៍​សិក្សា​ផែនការមេ​ភស្តុភារ​កម្ម​នៅ​កម្ពុជា​

915
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​សិក្សា​ផែនការមេ​ភស្តុភារ​កម្ម​នៅ​កម្ពុជា ដែលមាន​ការចូលរួម​ពី​តំណាង​អង្គការ JICA ធនាគារពិភពលោក ភាគី​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ បាន​ត្រូវ​រៀបចំឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ រាជធានី​ភ្នំពេញ​។​

​សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​របាយការណ៍​សិក្សា​ផែនការមេ​ភស្តុភារ​កម្ម​នៅ​កម្ពុជា ដែល សិក្សា​ដោយ​ក្រសួង​សា​ធាណរ​ការ និង​ដឹកជញ្ជូន និង​អង្គការ​JICA ជូន​ក្រសួង​ពាក់ព័ន្ធ និង​ដៃគូ អភិវឌ្ឍន៍ និង​ដើម្បី​បញ្ចូល​របាយការណ៍​សិក្សា​ទាំងនោះ​ឱ្យ​ស្ថិតនៅក្រោម​ឆ័​ត្រ​តែមួយ​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ការ អភិវឌ្ឍ​ផែនការមេ​ថ្នាក់ជាតិ​។​

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបង្ហាញ​ពី​ចក្ខុវិស័យ​វែងឆ្ងាយ ចំពោះ​អត្ថប្រយោជន៍​នៃ​ផែនការមេ​ភស្តុភារ​កម្ម​ពោល​ដែល​តាមរយៈ​ផែនការមេ​ភស្តុភា​រកម្ម និង​ភូមិសាស្ត្រ នៃ​ប្រទេស​កម្ពុជា ស្ថិតនៅ​ចំណុចកណ្ដាល​នៃ​ប្រទេស​ក្នុង​តំបន់​មេគង្គ និង​តំបន់​អា​ស៊ា​នោះ កម្ពុជា​អាច​ទាញយក​អត្ថប្រយោជន៍​បាន​យ៉ាងច្រើន​ពី​វិស័យ​ដឹកជញ្ជូន​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ គម្រោង​សាងសង់ និង​ការធ្វើ ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក និង​ការសាងសង់​កំពង់ផែ​កុង​ទី​ន័​រ​នៅ​ខេត្ត​ព្រះសីហនុ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​វិស័យ​ដឹកជញ្ជូន​ក្នុងស្រុក និង​ត្រៀម​ខ្លូន​ដើម្បី​បម្រើ ការដឹកជញ្ជូន​ឆ្លង​ប្រទេស​របស់​ប្រទេស​ក្នុង​តំបន់​ផងដែរ​។

​លោក ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ JICA និង​ធនាគារពិភពលោក ដែល​បាន​ប្រើ​គ្រប់​មធ្យោបាយ និង​អស់ពី​សមត្ថភាព​ដើម្បី​សិក្សា​ពី​ផែនការមេ ភស្តុភារ​កម្មនេះ​ឱ្យ​ទទួលបាន​ជោគជ័យ​ខ្ពស់ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភាគី​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ដែល​បាន​ប្រឹង​អស់ពី​លទ្ធភាព​ជំរុញ​ឱ្យ​ការសិក្សា​នេះ​ទទួលបាន​លទ្ធផល​ខ្ពស់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម