គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន នឹង​ជួប​សវនាការ​ជាមួយ សម្តេច ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និង​នាយករដ្ឋមន្ត្រី​

791
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: តប​តាម​ការអញ្ជើញ​របស់​ស​ម្ដេច​អគ្គ​មហា​ពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស​ដឹកនាំ​ដោយ​លោក ចាង ឈុន​ស៊ាន (Zhang Chunxian)​អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​៤ ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា​ឆ្នាំ ២០១៨​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​រដ្ឋសភា ដែល​រស្មី​កម្ពុជា​ទទួលបាន​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែតុលា បានឱ្យដឹងថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស មានកម្ម​វិធី​គ្រោង​ជួប​សម្ដែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់​សំខាន់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ជាអាទិ៍​៖ ជួប​សម្ដែង​ការគួរសម​និង​ធ្វើ​សវនាការ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ជួប​សំដែង​ការគួរសម​និង​ធ្វើ​សវនាការ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​និង​ជួប​សម្ដែង​ការគួរសម និង​ធ្វើ​សវនាការ​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន ក៏​នឹង​អញ្ជើញ​ទស្សនា​ព្រះបរមរាជវាំង , សារមន្ទីរ​ជាតិ​និង​ប្រាសាទ​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម