សម្ពាធ​ជា​អន្តរជាតិ​កើនឡើង​លើ​ប្រធានាធិបតី​ស្រីលង្កា​ដើម្បីឱ្យ​ទប់ស្កាត់​វិបត្តិ​នយោបាយ​

2842
ចែករម្លែក

ប្រធានាធិបតីស្រីលង្កាលោក Maithripala Sirisena កំពុងស្ថិតនៅក្រោមការគាបសង្កត់កាន់តែខ្លាំងឡើង ដើម្បីឱ្យគោរពរដ្ឋធម្មនុញ្ញនៃប្រទេសនេះនិងបើកការប្រជុំសភាឡើងងវិញបន្ទាប់ពីការសម្រេចចិត្តរបស់លោកក្នុងការដាក់ជំនួសនាយករដ្ឋមន្ត្រីថ្មីដែលបានបង្កឱ្យមានចលាចលនយោបាយ។

ប្រទេសស្រីលង្កាបានធ្លាក់ចូលក្នុងវិបត្តិកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែល លោក Maithripala Sirisena បានដកតំណែងនាយករដ្ឋមន្រ្តី ពីលោក Ranil Wickremesinghe ហើយបានឱ្យលោក Mahinda Rajapaksa អតីតប្រធានាធិបតីស្បថចូលកាន់តំណែងជំនួសដែល​បាននាំឱ្យបែកបាក់ក្រុមចម្រុះដែលដឹកនាំប្រទេសនេះ។

លោក Ranil Wickremesinghe បាននិយាយថា ការបណ្តេញលោកចេញពីតំណែងនេះ គឺខុសច្បាប់និងមិនស្របតាមរដ្ឋធម្មនុញ្ញនិងអះអាងថាលោកនៅតែជានាយករដ្ឋមន្ត្រីដែលនាំឱ្យមានការប្រឈមមុខគ្នារវាងគណបក្សរបស់លោកនិងសហជីពការងារដែលស្មោះត្រង់នឹងលោកប្រធានាធិបតីMaithripala Sirisena ។

កាលពីថ្ងៃអាទិត្យទី២៨ខែតុលា លោក Arjuna Ranatunga រដ្ឋមន្ត្រីក្រសួងប្រេងកាតនៅក្នុងគណៈរដ្ឋមន្រ្តីដែលត្រូវបានបណ្តេញចេញពីតំណែងនេះ បានព្យាយាមចូលក្នុងការិយាល័យរបស់លោកវិញដែលនាំឱ្យមានការប៉ះទង្គិចគ្នា ដែលនៅក្នុងការប៉ះទង្គិចនោះមនុស្សម្នាក់ត្រូវបានសម្លាប់និង២នាក់ទៀតបានរងរបួស។

វិបត្តិនេះមានផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងសមរភូមិដ៏មានឥទ្ធិពលខ្លាំងនៅអាស៊ីខាងត្បូងនេះរវាងឥណ្ឌាដែលជាសម្ពន្ធមិត្តជាយូរអង្វែងរបស់ស្រីលង្កានិងចិនដែលជាប្រទេសមួយ ដែលកំពុងតែដើរតួនាទីកាន់តែខ្លាំងឡើងនៅក្នុងតំបន់នេះ។

ប្រទេសចិនដែលត្រូវបានស្គាល់ជាយូរមកហើយថាជាអ្នកគាំទ្រលោក Mahinda Rajapaksa បានអបអរសាទរលោករួចមកហើយក្នុងការក្លាយជានាយករដ្ឋមន្ត្រី។ប៉ុន្តែឥណ្ឌា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានជំរុញឱ្យលោក Maithripala Sirisena គោរពរដ្ឋធម្មនុញ្ញ៕ដោយ៖សុខា/sn

ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena

អ្នកគាំទ្ររបស់នាយករដ្ឋមន្រ្តីត្រូវបណ្តេញចេញពីតំណែងរាប់រយនាក់កាលពីថ្ងៃអង្គារទាមទារអោយប្រធានាធិបតីកោះប្រជុំសភាឡើងវិញបន្ទាប់ពីលោកប្រកាសព្យួរ

ទីតាំងផ្សាយពាណិជ្ជកម្ម