ជប៉ុន​សរសើរ​សមត្ថ​ភាព​ការងារ​យុវជន​កម្ពុជា​និង​ថា​បន្ត​បញ្ជូនទៅ​ធ្វើការ​បន្ថែមទៀត​

694
ចែករម្លែក

​ដោយ : ​ដេប៉ូ​/​ភ្នំពេញ ​៖ ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ប្រចាំ​ប្រ​ទស​ជប៉ុន​បានធ្វើការ​កោតសរសើរ​ដល់​យុវជន​កម្ពុជា​ថា​មាន​សមត្ថភាព​ក្នុងការ​បំពេញការងារ​មិន​ចាញ់​យុវជន​បរទេស​ទេ ហើយ​នា​ថ្ងៃ​ខាងមុខ​ក្រុមហ៊ុន​ខ្លួន​នឹង​បន្ត​បណ្តុះបណ្តាល​និង​ទទួលយក​យុវជន​កម្ពុជា​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ជប៉ុន​បន្ថែម​ផងដែរ​។​

ការបង្ហាញ​ពី​ជំហរ​ក្នុងការ​ទទួលយក​កម្លាំង​ពលកម្ម​ការងារ​ពី​សំណាក់​ក្រុមហ៊ុន​ជប៉ុន​នេះ ​ធ្វើឡើង​បន្ទាប់ពី​លោក Yohei Shibasaki នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Fourth Valley Concierge ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​កាលពី​រសៀល​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៨​កន្លងមក​។​

លោក Yohei Shibasaki​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជប៉ុន​បាន​លើកឡើងថា ​គោលបំណង​ដែល​រូបលោក និង​ក្រុមការងារ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ លោក​រដ្ឋមន្ត្រី​នាពេលនេះ គឺ​ដើម្បី​សុំ​កិច្ច​គាំទ្រ​ពី​ខាង​ក្រសួង​ការងារ ដើម្បី​បើក​ការិយាល័យ​ក្រុមហ៊ុន​នៅ​កម្ពុជា ក្នុងការ​បណ្តុះបណ្តាល​យុវជន​កម្ពុជា មុននឹង​បញ្ជូនទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​។

​លោក​បាន​បន្ថែមទៀត ថា ក្រុមហ៊ុន​របស់​លោកមា​ន​បទពិសោធន៍​១០​ឆ្នាំ​មកហើយ នៅ​តំបន់​អាស៊ីអាគ្នេយ៍​គឺ​ទទួលបាន​ជោគជ័យ​ជាខ្លាំង ។ ​ជាមួយគ្នា​លោក​មើលឃើញថា បច្ចុប្បន្ននេះ​យុវជន​កម្ពុជា​ក៏មាន​សមត្ថភាព​ដូច​យុវជន​ដទៃទៀត​នៅតាម​បណ្តាល​ប្រទេសមួយ​ចំនួន​ដែរ ដែល​ទទួលបាន​ឱកាស​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​។​

​នាឱកាស​នោះដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា​រីករាយ និង​ស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ ជាមួយ​រដ្ឋាភិបាល​ជប៉ុន ដែល​មកដល់ពេលនេះ​កម្ពុ​ជាមាន​ក្រុមហ៊ុន​សហគ្រាស​ជាច្រើន របស់​ជប៉ុន ចូលមក​វិនិយោគ​នៅ​កម្ពុជា​។ រីឯ​ខាង​ផ្នែក​វិស័យ​ការងារ​វិញ កម្ពុជា​ក៏បាន​បញ្ជូន​កម្មសិក្សាការី​ទៅធ្វើ​ការ​នៅ​ជប៉ុន​ក៏​ច្រើន​ដែរ មកដល់ពេលនេះ​។ ​កម្មសិក្សាការី​កម្ពុ​ជាមាន​ប្រហែល​ជាង​៨​ពាន់​នាក់​កំពុង​ធ្វើ​កម្មសិក្សា​នៅ​ទីនោះ ដែល​នៅ​ជប៉ុន​មាន​កម្លាំង​ពលកម្ម​ច្រើន​ទាក់ទង​ទៅនឹង​ឧស្សាហកម្ម កសិកម្ម សេវាកម្ម និង​ថែទាំ​មនុស្ស​ចាស់​ជាដើម​។

​ដោយឡែក​បើតាម​ការបញ្ជាក់​ពី​លោក ងុ​យ រិ​ទ្ធ នាយករង​ខុទ្ទកាល័យ​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ នឹង​រៀបចំ​ដំណើរការ​ផ្តល់​វគ្គប​ណ្តុះ​បណ្តាល​ដល់​និស្សិត​វ័យក្មេង ទទួលបាន ឱកាស​ទៅធ្វើ​ការ​នៅ​ជប៉ុន​ជាមួយនឹង​ក្រុមហ៊ុន​​ល្បីៗ​ដូចជា​ក្រុមហ៊ុន​SONY ក្រុមហ៊ុន​PANASONIC ក្រុមហ៊ុន​HONDA និង ក្រុមហ៊ុន​TOYOTA​ជាដើម​។ ក្រុមហ៊ុន​នេះ​បានផ្តល់ ឱកាស​ទៅដល់​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាន​ពង្រីក​ខ្លួន​មកដល់​ប្រទេស​កម្ពុជា​ដែរ​ហើយ​។​

​លោក​បាន​បន្ត​ឱ្យដឹងថា យុវជន និស្សិត​កម្ពុជា នឹង​ទទួលបាន​នូវ ឱកាស​ចេញទៅ​ធ្វើការ​នៅ​ជប៉ុន ជាមួយ​ក្រុមហ៊ុន​ធំៗ រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​។ នេះ​ជា ឱកាស​ដែល​យើង​មិន​ធ្លាប់មាន​ពីមុន ដែល​ពីមុន​កម្ពុជា​បញ្ជូន​ត្រឹម​ជា​សិក្ខាកាម ឬ​ជា​អ្នក​ហាត់​ការ​ទេ មិនទាន់​បានទទួល​ទិ​ដ្ឋ​ការ​ការងារ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ផ្តល់ ឱកាស​ឲ្យ​យុវជន​កម្ពុជា​ទទួលបាន​នូវ​ទិ​ដ្ឋ​ការ​ការងារ​តែម្តង ធ្វើការ​បាន​រហូត​ពី​៥​ទៅ​១០​ឆ្នាំ​តែម្តង​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម