១១​នាក់​ស្លាប់​នៅក្នុង​ព្យុះ​និង​ទឹកជំនន់​នៅ​អ៊ីតាលី ខណៈ​អាកាសធាតុ​អាក្រក់​វាយប្រហារ​អឺរ៉ុប​

864
ចែករម្លែក

ចំនួនមនុស្សស្លាប់ពីព្យុះដ៏ខ្លាំងដែលបានវាយប្រហារអ៊ីតាលីបានឡើងដល់១១នាក់ នេះបើតាមអាជ្ញាធរការពារស៊ីវិលបានអោយដឹងកាលពីថ្ងៃអង្គារទី៣០តុលា ខណៈអាកាសធាតុអាក្រក់គ្របដណ្តប់ផ្នែកមួយចំនួននៃទ្វីបអឺរ៉ុប ដែលនាំអោយអ្នកបើកបរនិងទេសចរជាប់នៅតាមផ្លូវនិងក្នុងសណ្ឋាគារ។

បណ្តាផ្លូវត្រូវរារាំងរំខាននិងមនុស្សរាប់ពាន់នាក់គ្មានចរន្តអគ្គិសនីប្រើនៅអឺរ៉ុបខាងត្បូងនិងកណ្តាល ខណៈភ្លៀងនិងខ្យល់ខ្លាំងបានបង្កជាទឹកជំនន់និងរំលំដើមឈើ។

ការធ្លាក់ព្រិលដ៏ក្រាស់ក៏គ្របលើប្រទេសបារាំងនិងបណ្តាតំបន់ភ្នំអ៊ីតាលី ដោយធ្វើអោយជាប់អ្នកដំណើរនិងអ្នកបើកបររាប់ពាន់នាក់នៅក្នុងរថយន្ត និងអ្នកទេសចរជាប់ក្នុងសណ្ឋាគារ។

នៅអ៊ីតាលី កន្លែងដែលទីក្រុងវេនីស ត្រូវជន់លិចដោយជំនន់និងព្យុះមានកំលាំងខ្យល់ដល់ទៅ១៨០គីឡូម៉ែត្រក្នុង១ម៉ោង អាជ្ញាធរបានប្រកាសអំពីមនុស្សស្លាប់៦នាក់ទៀត ក្រោយពីបានប្រកាសថាមនុស្ស៥នាក់បានស្លាប់ដោយព្យុះនិងទឹកជំនន់កាលពីថ្ងៃចន្ទ។

អង់ហ្គេឡូ ប័ររេលលី ប្រធានទីភ្នាក់ងារការពារស៊ីវិលជាតិ បាននិយាយថា«យើងកំពុងជួបស្ថានភាពអាកាសធាតុស្មុគស្មាញបំផុតមួយនៅក្នុងរយៈពេល៥០-៦០ឆ្នាំមកនេះ»។

កម្មករផែម្នាក់បាននិយាយថា នាវាកម្សាន្តត្រូវទឹកសមុទ្របោកបក់ខ្ទប់ផែបន្ទាប់ពីបាក់ទំនប់ទឹកមួយដោយសារសម្ពាធ។«វាដូចជារលកស៊ូណាមី»។

ប្រជាជនដើរលុយទឹកឬលើស្ពានបណ្តោះអាសន្នខណៈក្រុងវេនីសរងការជន់លិចដោយជំនន់កាលពីថ្ងៃ៣០តុលា

នៅបារាំង អ្នកបើកបរជាង១ពាន់នាក់បានជាប់ក្នុងរថយន្តរបស់គេអស់ពេញមួយយប់នៅតំបន់ភ្នំនៃតំបន់Massif ភាគកណ្តាល ខណៈបណ្តាផ្លូវត្រូវគ្រប់ដោយព្រិលដ៏ក្រាស់។មនុស្សប្រមាណ៤០០នាក់ទៀតចំណាយពេលមួយយប់នៅក្នុងរថភ្លើងក្នុងទីក្រុងលីយ៉ុងក្រោយព្រិលគ្រប់ផ្លូវដែកជិត។

ផ្ទះប្រមាណ៦ម៉ឺននៅមិនមានចរន្តអគ្គិសនីប្រើកាលពីថ្ងៃអង្គារនៅទូទាំងបារាំង ភាគច្រើននៅតំបន់ខាងកើតនិងកណ្តាល។

ឆ្នេរអាឌ្រីយ៉ាទិករបស់ក្រូអាស៊ី ក៏រងខ្យល់និងការធ្លាក់ភ្លៀងខ្លាំងដែលបណ្តាលអោយជន់លិចបណ្តាដងវិថី កាត់ផ្តាច់ចរន្តអគ្គិសនីនិងបង្កការកកស្ទះ។អាកាសធាតុអាក្រក់ក៏បង្កបញ្ហានៅអេស្ប៉ាញ ស្វីស អូទ្រីស ស្លូវេនី…៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម