​សំបុត្រ​ពី​មិត្តភក្តិ​របស់ខ្ញុំ​ដែល​បាន​បាត់​ខ្លួន​

5471
ចែករម្លែក
  • 43
    Shares

ដោយ​: ជេន វេ​គ​នើ​រ / ភ្នំពេញៈ ខ្ញុំ​សរសេរ​សារ​អេឡិចត្រូនិក​នេះ​ទៅកាន់​អ្នក​ដោយមាន​សំណើ​មួយ​។ វា​ហាក់បីដូចជា​សំណើ​មួយ​ដែល​ប្លែក​។ ដំបូង​ខ្ញុំ​នឹង​ផ្តល់ជូន​អ្នក​នូវ​ប្រវត្តិ​សង្ខេប​ខ្លះៗ​ដូចខាងក្រោម​៖
​ខ្ញុំ​ធ្លាប់​បានមក​ប្រទេស​កម្ពុជា នៅក្នុង​ឆ្នាំ​១៩៧០​។ ខណៈពេល​នោះ ខ្ញុំ​មាន​អាយុ​២០​ឆ្នាំ​។ ខ្ញុំ​ត្រូវបាន​ពន្យារពេល​ឲ្យ​ចូល​ធ្វើជា​យោធា ដោយសារ​ខ្ញុំ​មាន​បញ្ហា​សុខភាព​កាលពី​កុមារភាព ដែល​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​បម្រើ​ការងារ​ជា​កងទ័ព​សហរដ្ឋអាមេរិក និង​បញ្ជូនទៅ​ប្រទេស​វៀតណាម ដូចជា​មិត្តភក្តិ​ប្រុសៗ​ដែល​ខ្ញុំ​បាន​ស្គាល់​នៅក្រៅ​សាលា​នៅក្នុង​គ្រានោះ​។

រូបថតរបស់ វណ្ណី និងក្មេងៗ

​ហេតុដូច្នេះ​ខ្ញុំ​បាន​ប្រើប្រាស់​ពេលវេលា​ចេញពី​ស្ថានការណ៍​របស់ខ្ញុំ​ឲ្យ​មាន​សារ ប្រយោជន៍ ដោយបាន​ធ្វើជា​អ្នកទេសចរ​ផ្សងព្រេង ដោយ​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​។ បន្ទាប់ពី​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អឺរ៉ុប និង​អាហ្វ្រិក​ខាងជើង​អស់​រយៈពេល​ប្រហែល​៣​ខែ​រួចមក ខ្ញុំ​ក៏បាន​បញ្ចប់​ការធ្វើដំណើរ​របស់ខ្ញុំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ខណៈពេលដែល​ខ្ញុំ​កំពុងធ្វើដំណើរ​នៅក្នុង​ប្រទេស​ថៃ ខ្ញុំ​បាន​ជួប​គ្រូ​ជនជាតិ​ថៃ​ស្រី​ម្នាក់ ដែល​បាន​ឲ្យ​យោបល់​ខ្ញុំ​មក​ទស្សនា​ប្រទេស​កម្ពុជា​។ នាង​មាន​មិត្ត​ភ​កិ្ត​២​នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា គឺ វ​ណ្ណី និង កាន់​យ៉ា ដែលជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេងៗ​នៅ​សាលា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​។ វ​ណ្ណី និង កាន់​យ៉ា បានរស់នៅ​រួមគ្នា​នៅ​ទីក្រុង​ភ្នំពេញ​។

​សរុបសេចក្តី​មក ខ្ញុំ​គ្រាន់តែ​ចង់​និយាយថា ខ្ញុំ​បានបញ្ចប់​ការធ្វើដំណើរ​របស់ខ្ញុំ​នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយបាន​ស្នាក់នៅ​ជាមួយ វ​ណ្ណី និង កាន់​យ៉ា មួយ​រយៈពេល​ក្នុង​កំឡុង​ឆ្នាំ​១៩៧០​។ យើង​បាន​ក្លាយជា​មិត្ត​ភ​កិ្ត​ជិតស្និទ្ធ​នឹង​គ្នា​។ នៅក្នុង​ឆ្នាំ​នោះ មានរឿង​រ៉ាវ​ចម្លែកៗ ប៉ុន្តែ​វា​ពិតជា​រឿងរ៉ាវ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ បាន​កើតឡើង​នៅក្នុង និង​ជុំវិញ​ទីក្រុង​ភ្នំពេញ​។ ខ្ញុំ​បាន​ទៅជា​មួយ វ​ណ្ណី នៅពេលដែល​នាង​ទៅ​បង្រៀន​សិស្ស​នៅក្នុង​ថ្នាក់​របស់​នាង​។ ខ្ញុំ​ចូលចិត្ត​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា​ណាស់​។ ខ្ញុំ​បាន​ជួប​មិត្ត​ភ​កិ្ត​ជាច្រើន​នាក់​របស់​នាង​។ ខ្ញុំ​បាន​ទៅ​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​ដ៏​ស្រស់ស្អាត​ផងដែរ​។ វ​ណ្ណី បាន​ជួយ​បង្រៀន​ខ្ញុំ​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា និង​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ខណៈពេល​នោះ​។ យើង​បាន​ដើរ​គ្រប់​ទីកន្លែង និង​និយាយ​គ្នា​គ្រប់ពេលវេលា​។ នៅ​រដូវ​ផ្កា​រីក​នាពេលនោះ ព្រះអង្គម្ចាស់ នរោត្តម សីហនុ ត្រូវបាន​ដកចេញ​ពី​អំណាច ចំណែកឯ​លោក​ប្រធានាធិបតី លន់ នល់ ត្រូវបាន​ប្រកាស​តែងតាំង​ឲ្យ​ឡើងកាន់​អំណាច​ជាបន្ទាន់​ឲ្យ​ក្លាយទៅជា​ប្រមុខរដ្ឋ​ពេញលេញ​មួយ​។ ពេលខ្លះ សាកសព​ត្រូវបាន​ប្រជាជន​ឃើញ​អណ្តែត​នៅតាម​ដង​ទន្លេមេគង្គ​។ ពាក្យសម្តី​ដែល​បាន​និយាយ​នៅតាម​ផ្លូវ​គឺ​ខ្មែរក្រហម​កំពុងតែ​ខិតចូល​តាម​តំបន់​មួយចំនួន​នៅ​ជិត​ទីក្រុង​ភ្នំពេញ​។ ហេតុ​ដូច្នេះហើយ ជារឿយៗ ប្រជាជនមាន​អារម្មណ៍​ភ័យខ្លាច និង​មាន​កង្វល់​ជាខ្លាំង​។

រូបថតរបស់ វណ្ណី ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០

​ខ្ញុំ​បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ដែល​ត្រូវបាន​គេ​រៀបចំឡើង​នៅ​បន្ទប់​ជាន់​ខាងលើ​នៅក្នុង​សណ្ឋាគារ​ក្នុងស្រុក​មួយ ដើម្បី​កំណត់ថា​តើ​វា​មាន​សុវត្ថិភាព​ក្នុង​ការបន្ត​ស្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ​ដែរឬទេ​។ ជាទូទៅ អ្នក​ដែល​បានមក​ចូលរួម​ប្រជុំ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​គឺជា​មន្ត្រី​រដ្ឋាភិបាល និង​កងទ័ព​។ អ្នកកាសែត​អន្តរជាតិ​មួយចំនួន​តូច ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះដែរ​។ ថ្ងៃមួយ មានការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព លន់ នល់ និង ខ្មែរក្រហម​បាន​កើនឡើង​ដោយ​នឹកស្មាន​មិន​ដល់​នៅ​ជិត​ទីក្រុង​ភ្នំពេញ បន្ទាប់មក​មន្ត្រី​ក្នុង​ជួរ​កងទ័ព​បានចេញ​ការ​ដាស់តឿន​មួយ​ថា​៖ “​តើ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ភ្លាមៗ ឬក៏​បន្ត​ការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា និង​ប្រសិនបើ​មិនមាន​លទ្ធភាព​ក្នុងការ​ចាកចេញ​”​។ ប៉ុន្តែ​ពិតជា​គួរ​ឲ្យ​សោកស្តាយ ខ្ញុំ​បាន​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​។ បន្ទាប់ពី​រយៈពេល​ប្រហែល​ពី​២​ទៅ​៣​ខែក្រោយ​មក ខ្ញុំ​បាន​ព្យាយាម​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង វ​ណ្ណី​។ ពិតជា​នឹកស្មាន​មិន​ដល់ សំបុត្រ​មួយចំនួន​របស់​យើង​ត្រូវបាន​ផ្ញើ​ទៅដល់​ដៃ​។ ខ្ញុំ​បានទទួល​សំបុត្រ​ចំនួន​២​ពី​នាង​។

​កន្លង​ហួស​អស់​រយៈពេល​ប្រហែលជា​៥០​ឆ្នាំ​មកហើយ រហូតមកទល់​សព្វថ្ងៃ​នេះ បន្ទាប់ពី​ខ្ញុំ​បានធ្វើការ​ស្រាវជ្រាវ​ជាច្រើន ខ្ញុំ​បាន​រកឃើញ​សំបុត្រ​របស់ វ​ណ្ណី​។ ខ្ញុំ​បាន​ភ្ជាប់​សំបុត្រ​ទាំងអស់​នៅ​ខាងក្រោម​នេះ ដូច្នេះ អ្នក​អាច​អានសំបុត្រ​នេះ​បាន​។

​សំបុត្រ​ទាំងអស់នេះ គឺជា​រឿងរ៉ាវ​ផ្ទាល់ខ្លួន​។ វា​ពិតជា​រំជួលចិត្ត និង​ក្រៀមក្រំ​ណាស់​សម្រាប់​ខ្ញុំ​នៅពេលដែល​អានសំបុត្រ​ទាំងអស់​ក្នុង​ពេលនេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​មិនមាន​ភាព​ខ្មាសអៀន​ចំពោះ​ការចែករំលែក​សំបុត្រ​ទាំងនេះ​ដែរ​។ ខ្ញុំ​សង្ឃឹមថា តាមរយៈ​ការចែករំលែក​សំបុត្រ​ទាំងអស់នេះ​ជាមួយ​អ្នក ជាពិសេស ដើម្បី​ឲ្យ​អ្នក​អាច​ទទួលបាន​ព័ត៌មាន​ដើម​នៃ​ការទំនាក់ទំនង និង​ជាយថាហេតុ ក៏​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​អ្វីដែល​បានកើត​ឡើង និង​អាច​កើតឡើង​ចំពោះ​ពួកគេ​ដែរ​។ ព័ត៌មាន​ដែល​ខ្ញុំ​បានទទួល​ពី​ប្រទេស​កម្ពុជា​ក្នុង​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៧០ នៅពេលដែល​ខ្ញុំ​បាន​ត្រឡប់មកផ្ទះ​របស់ខ្ញុំ​នៅឯ​សហរដ្ឋអាមេរិក​វិញ គឺ​ភាគច្រើន​ជា​ព័ត៌មាន​ដែល​រៀបរាប់​អំពី​ការ​បង្ហូរឈាម និង​ភាពវឹកវរ​នៅក្នុង​ប្រទេស​កម្ពុជា​។ ការទទួលបាន​ព័ត៌មាន​ទាំងនោះ បានធ្វើ​ឲ្យ​ក្តីសង្ឃឹម​របស់ខ្ញុំ​ចំពោះ​ការរស់រានមានជីវិត​របស់​ពួកគេ​បាន​ថយចុះ​។ ទោះបីជា​យ៉ាងណា បំណងប្រាថ្នា​ដ៏​មុតមាំ​របស់ខ្ញុំ​ដើម្បី​ដឹងថា​តើ​មានរឿង​អ្វី​បាន​កើតឡើង​ចំពោះ វ​ណ្ណី និង កាន់​យ៉ា នៅតែមាន​។
​តើ​មាន​វិធីសាស្ត្រ​អ្វីខ្លះ​ដែល​អង្គការ​របស់​អ្នក​អាចជួយ​ខ្ញុំ​ដើម្បី​ស្វែងរក​ទីតាំង​រស់នៅ​របស់​នាង ឬ​យ៉ាងហោចណាស់ អាច​ដឹង​ពី​ស្ថានភាព​របស់​នាង​? ប្រសិនបើ​អ្នក​មិនអាច​រកឃើញ តើ​អ្នក​អាច​ដឹងថា មាន​អង្គការ​ណា​នៅក្នុង​ប្រទេស​កម្ពុជា​កំពុងតែ​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ទាំងអស់នេះ ដែល​អាចជួយ​ខ្ញុំ​ដើម្បី​ស្វែងរក​ដំណឹង​របស់​ពួកគេ​? ខ្ញុំ​នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ​។ អរគុណ​!
​ជេន វេ​គ​នើ​រ​
​សំបុត្រ​លើក​ទី​១​ដែល វ​ណ្ណី បាន​ផ្ញើ​ទៅ ជេន ៖
​កំពង់សោម ថ្ងៃទី​៨ ខែតុលា ឆ្នាំ​១៩៧០
​ជូន​ចំពោះ ជេន ជាទី​ស្រឡាញ់​

​ ​ខ្ញុំ​គិតថា​អ្នក​ប្រហែលជា​បំភ្លេច​ខ្ញុំ​ហើយ មែន​ឬទេ​? ខ្ញុំ​គឺជា​ស្ត្រី​ម្នាក់​ដែល​អ្នក​បាន​ជួប​ក្នុងកំឡុងពេល​ដែល​អ្នក​បាន​ស្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ​។
​ ​អ្នក គឺជា​បុរស​ម្នាក់​ដែលមាន​ចិត្ត​សណ្តោស​ប្រណី ហើយ​ខ្ញុំ​ពិតជា​ចូលចិត្ត​អ្នកខ្លាំង​ណាស់​។ អ្នក​ពិតជា​នឹកស្មាន​មិន​ដល់​ទេ​ថា​ខ្ញុំ​ក្រៀមក្រំ​ខ្លាំង​យ៉ាងណា បន្ទាប់ពី​អ្នក​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ហើយ កាន់​យ៉ា (​មិត្តភក្តិ​របស់ខ្ញុំ​) ពិតជា​ខឹង​នឹង​ខ្ញុំ​ខ្លាំងណាស់ ពីព្រោះ​ខ្ញុំ​មិនអាច​ហាម​ឃាត​ចិត្ត​របស់​អ្នក​បាន​។
​ ​ខ្ញុំ​តែងតែ​ចងចាំ​អំពី​ដំណើរ​ទស្សនា​របស់​យើង​ទៅ​វត្តភ្នំ ផ្សារ​ថ្មី សារមន្ទីរ​ជាតិ និង​ការដើរ​កម្សាន្ត​របស់​យើង​នៅលើ​ស្ពាន នៅតាម​ដង​ទន្លេមេគង្គ និង​នៅ​សួនច្បារ​វិមានឯករាជ្យ​។ វា​ពិតជា​អនុស្សាវរីយ៍​មួយ​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ​។​
​ ​ជេន ជាទី​ស្រឡាញ់​! ខ្ញុំ​បាន​ព្យាយាម​សរសេរ​សំបុត្រ​ទៅ​អ្នក​កាលពី​ខែ​មុន ប៉ុន្តែ​ខ្ញុំ​មិនអាច​សរសេរ​បានទេ ពីព្រោះ​ខ្ញុំ​មិនដឹងថា តើ​អ្នករស់នៅ​ក្នុងប្រទេស​បារាំង ឬក៏​រស់នៅក្នុង​សហរដ្ឋ អា​មេ​រិច ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ខ្ញុំ​ចង់បាន​រូបថត​មួយចំនួន​ដែល​យើង​បាន​ថត​ជាមួយគ្នា​។ ខ្ញុំ​គិតថា​អ្នក​ប្រហែលជា​បោះ​រូបថត​ទាំងអស់នោះ​ចោល​ហើយ​។
​ ​ឥឡូវនេះ ខ្ញុំ​សូម​បញ្ចប់​ការសរសេរ​សំបុត្រ​ត្រឹមនេះ ហើយ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​អាច​សរសេរ​សំបុត្រ​ឲ្យ​បាន​វែង​ជាង​នេះ​នៅពេល​ក្រោយ​។ សូម​សរសេរ​ត្រឡប់មកវិញ​ផង​!

​ដោយ​ក្តី​រីករាយ​
​វ​ណ្ណី​
​សេចក្តី​បន្ថែម​៖ សព្វថ្ងៃនេះ ខ្ញុំ​រស់នៅ​កំពង់សោម​។ ប្រសិនបើ​អ្នក​ចង់​សរសេរ​សំបុត្រ​មកកាន់​ខ្ញុំ សូមអ្នក​ផ្ញើ​តាមរយៈ​អាសយដ្ឋាន​របស់ខ្ញុំ​ដូចខាងក្រោម ៖
​កញ្ញា ស៊ឹម វ​ណ្ណី​
​ផ្ទះ​លោក ឆាល ជូ​វេត
​អគារ ៧៨ ស​.​ល​.​រ​.​ព​
​ក្រុង​កំពង់សោម ប្រទេស​កម្ពុជា​
​សំបុត្រ​មួយច្បាប់​នេះ ត្រូវបាន​ផ្ញើ​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​១៩៧០​។

​សំបុត្រ​លើក​ទី​២ ដែល វ​ណ្ណី បាន​ផ្ញើ​ទៅ ជេន ៖
​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​១៩៧០
​កំពង់សោម នៅក្រោម​ពន្លឺព្រះច័ន្ទ​
​ជូន​ចំពោះ ជេន ជាទី​ស្រឡាញ់​
​ខ្ញុំ ពិតជា​អរគុណ​ខ្លាំងណាស់​ចំពោះ​សំបុត្រ និង​រូបថត​ដែល​ខ្ញុំ​ទើបតែ​ទទួលបាន​នៅក្នុង​ថ្ងៃនេះ​។
​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេលដែល​ខ្ញុំ​បានទទួល​ដំណឹង​ពី​អ្នក​។ ជាការ​ពិតណាស់ ខ្ញុំ​មិន​ធ្លាប់​បានទទួល​សំបុត្រ​ពី​អ្នក​ទាល់តែសោះ​។ ខណៈពេល​មុន ខ្ញុំ​បាន​ឲ្យ​អាសយដ្ឋាន​របស់​បងប្រុស​ខ្ញុំ​ទៅ​អ្នក ហើយ​ខ្ញុំ​ក៏​ធ្លាប់បាន​ទៅយក​សំបុត្រ​នៅផ្ទះ​របស់​បងប្រុស​ខ្ញុំ​ដែរ ប៉ុន្តែ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មិន​ធ្លាប់​បានទទួល​សំបុត្រ​ពី​អ្នក​ទេ​។ ខ្ញុំ​ពិតជា​មិន​យល់​ទាល់តែសោះ ថា​តើ​មានរឿង​អ្វី​កើតឡើង​?
​ជេ​ន‌​! ខ្ញុំ​ពិតជា​ចង់​យំ​ណាស់​នៅពេលដែល​ខ្ញុំ​គិតដល់​អ្នក​។ ចំពោះ​ខ្ញុំ ពេលវេលា​ដែល​យើង​បាន​ចំណាយ​រួមគ្នា គឺជា​ពេលវេលា​មួយ​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ជីវិត​របស់ខ្ញុំ​។ អ្ហ‌ូ​! ជេន ជាទី​ស្រឡាញ់ សព្វថ្ងៃនេះ សុខភាព​របស់ខ្ញុំ​មិនសូវ​ល្អ​ទេ​។ ខ្ញុំ​ឈឺ ។ ខ្ញុំ​មិនសូវ​ចូលចិត្ត​ទីក្រុង​ភ្នំពេញ​ទេ ដូច្នេះហើយ​បានជា​ខ្ញុំ​មក​រស់នៅ​កំពង់សោម​ប៉ុន្មាន​ខែ​នេះ​។ នៅទីនេះ មាន​ជនជាតិ​បារាំង​ជាច្រើន​រស់នៅ​។ ខ្ញុំ​ស្គាល់​លោក ជូ​វេត និង​លោក ឌែ​លពិច​។ ខ្ញុំ​ចង់​ប្រើប្រាស់​អាស័យដ្ឋាន​របស់​ពួកគេ ពីព្រោះ​អាស័យដ្ឋាន​របស់ខ្ញុំ​មិន​ច្បាស់លាស់​ទេ​។
​ខ្ញុំ​សូមទោស​ផង ជេន​! ក្រៅពី កាន់​យ៉ា ខ្ញុំ​មិន​ធ្លាប់បាន​ទទួលដំណឹង​អ្វី​ពី​មិត្តភក្តិ​ផ្សេងទៀត​ទេ​។ កាន់​យ៉ា បាន​សរសេរ​សំបុត្រ​មក​ប្រាប់​ខ្ញុំ​ថា នាង​សុខ​សប្បាយ​ទេ​។ នាង​នឹង​រៀបការ​ជាមួយ​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​ក្នុងពេល​ឆាប់ៗ​នេះ ។
​ជេន​! ហេតុអ្វី​បានជា​អ្នក​មិន​ត្រឡប់​មកជួប​ខ្ញុំ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​? ជាការ​ពិតណាស់ ពួកយើង​អាចមាន​ពេលវេលា​ជាមួយគ្នា​។ ពេលវេលា​ដើម្បី​ស្គាល់គ្នា និង​ជិតស្និទ្ធ​គ្នា​ទៅវិញទៅមក​។ ប្រសិនបើ​ខ្ញុំ​មាន​លុយ​គ្រប់គ្រាន់ ខ្ញុំ​នឹងធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​អ្នក​។ ប៉ុន្តែ​ខ្ញុំ​គឺជា​នារី​ក្រីក្រ​ម្នាក់​។
​ដំណើរ​ទស្សនា​របស់​យើង​ទៅកាន់​វត្តភ្នំ ផ្សារ​ថ្មី និង​សារមន្ទីរ​ជាតិ ហើយ​គ្រប់ពេលវេលា​ទាំងអស់ គឺ​យើង​បាន​ដើរ​ជាមួយគ្នា ចំណាយ​ពេលវេលា​រួមគ្នា ដែល​ការចងចាំ​ទាំងអស់នេះ នឹង​ស្ថិតក្នុង​ចិត្ត​របស់ខ្ញុំ​ជានិច្ច​។ ទោះបីជា​អ្នក​បាន​ស្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ​រយៈពេល​ខ្លី ប៉ុន្តែ​វា​ពិត​ជាមាន​អត្ថន័យ​ជ្រាលជ្រៅ​បំផុត​សម្រាប់​ខ្ញុំ​។
​ជេន​! ខ្ញុំ​ពិតជា​ចង់ដឹង​ពី​សុខទុក្ខ​របស់​អ្នកខ្លាំង​ណាស់​? ខ្ញុំ​ក៏​ចង់ដឹង​ដែរ​ថា តើ​អ្នក​កំពុងតែ​ធ្វើ​អ្វី​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​? តើ​អ្នក​បាន​រៀន​ភាសា​បារាំង​ដែរឬទេ​? តើ​ខ្ញុំ​អាច​ក្លាយជា​គ្រូ​របស់​អ្នក​បាន​ដែរឬទេ​? សូមមេត្តា​ផ្តល់ដំណឹង​ដល់​ខ្ញុំ​ផង ប្រសិនបើ​សព្វថ្ងៃនេះ អ្នកទទួលបាន​ការងា​រ​ធ្វើ​ហើយ​។
​យប់​ជ្រៅ​ហើយ​! ខ្ញុំ​ត្រូវតែ​បញ្ចប់​ការសរសេរ​សំបុត្រ​របស់ខ្ញុំ​។ អ្ហូ​! កុំភ្លេចថា គ្រប់ពេល​ទាំងអស់​ដែល​ខ្ញុំ​បាន​អានសំបុត្រ​របស់​អ្នក ខ្ញុំ​តែងតែ​យំ​។
​លា​ហើយ​!
​វ​ណ្ណី
​សេចក្តី​បន្ថែម ៖ លោក ជូ​វេត នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ខាងក្រោម​នេះ​ជា​អាសយដ្ឋាន​ថ្មី​របស់ខ្ញុំ​៖
​ស៊ឹម វ​ណ្ណី​
​ផ្ទះ​លេខ U2 ឌែ​លពិច​
​អគារ ៧៨ ស​.​ល​.​រ​.​ព​
​ក្រុង​កំពង់សោម ប្រទេស​កម្ពុជា​

​សំបុត្រ​មួយច្បាប់​នេះ ត្រូវបាន​ផ្ញើ​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​១៩៧០​។​

​បញ្ជាក់​៖​ខ្លឹមសារ​ខាងលើ​គឺជា​សំណើ​ដែល ជេន វេ​គ​នើ​រ បាន​សរសេរ​ជា​ភាសា​អង់គ្លេស រួចហើយ​ផ្ញើមក​កាន់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​តាមរយៈ​សារ​អេឡិចត្រូនិក​ក្នុង​បំណង​ស្វែងរក​ដំណឹង​មិត្តភក្តិ​របស់គាត់ គឺ វ​ណ្ណី និង កាន់​យ៉ា ដែល​បាន​បែក​គ្នា​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​។ នៅក្នុង​សារ​អេឡិចត្រូនិក​នេះ ជេន ក៏បាន​ភ្ជាប់​មកជា​មួយ​នូវ​សំបុត្រ​ចំនួន​ពីរ​ដែល​គាត់​បានទទួល​ពី វ​ណ្ណី ដែល​ត្រូវបាន​បកប្រែ​ចេញពី​ខ្លឹមសារ​ដើម​ទាំងស្រុង មកជា​ភាសា​ខ្មែរ​ដោយ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម