បុគ្គល​លួចលាក់​ផលិត ឬ​ផ្សាយ​ផលិតផល​ណាមួយ គ្មាន​បិទ​ស្លាក​សញ្ញា​ស្តង់ដារ នឹងមាន​ទោស​

1134
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា បានស្នើ​ដល់​ម្ចាស់​អាជីវកម្ម ឧ​ស្សហកម្ម និង​ពលរដ្ឋ ដែល​រស់នៅក្នុង​ខេត្តកោះកុង កុំ​លួចលាក់​ផលិត​លក់ ឬ​ផ្សព្វផ្សាយ​ផលិតផល​ណា​ដែល​គ្មាន​បិទ សញ្ញា​ស្តង់ដារ និង​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។ ប្រសិនបើ​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​ពិនិត្យឃើញ បុគ្គល​ប្រព្រឹត្ត​បទ ល្មើស​នឹង​ទទួល​ការពិន័យ​ជា​ប្រាក់ និង​ដាក់ពន្ធនាគារ​។​

​លោក ចាន់ បូ​រិន្ទ អគ្គនាយក​នៃ​វិទ្យា​ស្តង់ដារ​កម្ពុជា ពន្យល់​នៅ​ថ្ងៃទី​៣១ ខែតុលា ថា​រាល់​ទំនិញ​ផលិតផល​ប្រភេទ​ដែលមាន​អាជ្ញាប័ណ្ណ​អាជីវកម្ម កំពុង​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ​ទូទាំងប្រទេស​កម្ពុ​ជា ចាំបាច់​បិទ​សញ្ញា​ស្តង់ដារ បើ​គ្មាន​បិទ​សញ្ញា​ស្តង់ដារ និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ពុំ​ដូច្នេះ​ទេ នឹង​ទទួលទោស​តាមច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា​។

​ការពន្យល់​របស់​មន្ត្រី​ជាន់ខ្ពស់​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​យ៉ាង​ដូចនេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា ច្បាប់​ស្តីពី​វិសោធនកម្ម និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ផលិតផល​ម្ហូបអាហារ សម្ភារៈ​សំណង់ អគ្គិសនី អេឡិចត្រូនិក និង​សារ​ធាតុគីមី​។​

​អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា បញ្ជាក់ទៀតថា ការតម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន​សហគ្រាស ក៏ដូចជា​ប្រជាពលរដ្ឋ​អនុវត្ត​បែបនេះ ក្នុង​គោលបំណង​ចម្បង​ដើម្បី​កែលម្អ​គុណភាព​ផលិតផល​ក្នុងស្រុក សម្រាប់​ការប្រកួតប្រជែង​ជាមួយនឹង​ផលិតផល​នាំចូល ពិសេស​សុវត្ថិភាព​ខ្ពស់​ចំពោះ​អ្នកប្រើប្រាស់​តែម្តង​។

​យន្តការ​ដោះស្រាយ​លុបបំបាត់​ផលិតផល​គ្មាន​គុណភាព​ដែល​ដាក់តាំង​លក់​នៅលើ​ទីផ្សារ លោក ចាន់ បូ​រិន្ទ ក៏​ស្នើ​ដល់​អ្នកពាក់ព័ន្ធ​ក្នុង​ខេត្តកោះកុង​ទាំងអស់ កុំ​លួចលាក់​ផលិត​លក់ ឬ​ផ្សព្វផ្សាយ​ផលិតផល​ណា​ដែល​គ្មាន​បិទ សញ្ញា​ស្តង់ដារ និង​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។ លោក ចាន់ បូ​រិន្ទ​៖ «​ផលិតផល​អ្នក​ដែល​គ្មាន​ស្តង់ដារ​គុណភាព ត្រូវ​ទទួល​ទោសទណ្ឌ​តាំងពី​២០០៧​មកម្ល៉េះ ខណៈ​ខ្វះ​យន្តការ​ត្រួតពិនិត្យ​មួយចំនួន គឺ​យើង​អនុវត្ត​ពុំបាន​ល្អ​ទេ​។ ប៉ុន្តែ​ឥឡូវនេះ មានច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា ក៏បាន​សោធនកម្ម​រួចរាល់ ក្រោយពី​ផ្សព្វផ្សាយ​អប់រំ​ថ្ងៃនេះ យើង​នឹង​អនុវត្ត​រឹតបន្តឹង​ពេញលេញ​នា​ចុងខែ​វិច្ឆិកា​ខាងមុខ តាម​ឧ​ស្សហកម្ម​រោងចក្រ សហគ្រាស និង​នៅលើ​ទីផ្សារ​តែម្តង​»​។​

​ចំណែក​អ្នកស្រី ហ៊ឹម កែវ​សុគន្ធា និង​អ្នកស្រី ជា សុ​គាវ ម្ចាស់​សហគ្រាស​ផលិត​ទឹកបរិសុទ្ធ និង​ផលិត​ទឹកកក​នៅ​ស្រុក​ស្រែអំបិល ចាត់ទុក​ការអប់រំ​ណែនាំ​អំពី​ច្បាប់​ស្តង់ដារ​កម្ពុជា​រប​ស់​មន្ត្រី​ជំនាញ​នៅពេលនេះ ថា​ពិត​មាន​សារៈសំខាន់​ថែមទៀត សម្រាប់​ពួកគាត់​ដែលជា​អាជីវករ​។ ទោះបីជា​ខ្លួន​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ក៏ដោយ ក៏​តែង​ជួប​ចំណុច​ខ្វះ​ត្រូវ​បំពេញបន្ថែម ដើម្បី​ពង្រឹងគុណភាព និង​សុវត្ថិភាព​ជូន​អ្នកប្រើប្រាស់​។

​របាយការណ៍​របស់លោក ខ្លឹម គគីរ ប្រធាន​មន្ទីរ​ឧ​ស្សហកម្ម និង​សិប្បកម្ម​ខេត្ត បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​៣១ ខែតុលា នេះ ខេត្តកោះកុង​មាន​រោងចក្រ សិប្បកម្ម​ធំ​តូច​ជិត​៣០០​មូលដ្ឋាន ដោយ​ក្រុមហ៊ុន រោងចក្រ សហគ្រាស នីមួយៗ បាន​ចុះបញ្ជី​តាម​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​ខេត្ត និង​ស្រុក​។ ទន្ទឹម​នោះ ក្រុមអធិការកិច្ច​មន្ទី​រ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ និង​វាយតម្លៃ​ស្តង់ដារ​មាត្រា​សាស្ត្រ​ប្រេងឥន្ធនៈ​ជាច្រើន​កន្លែង​ផងដែរ ដោយ​បុគ្គល​មួយចំនួន​បន្ត​លួចលាក់​ចរាចរណ៍​ទំនិញ​ខូចគុណភាព​៕

ទីតាំងផ្សាយពាណិជ្ជកម្ម