លោក​សុខ ឥសាន ៖ ធម្មិកោ កុំ​ចង់​បោកប្រាស់​រាស្ត្រ​រឿង​ទាមទារ​កម្ពុជា​ក្រោម

1179
ចែករម្លែក

(​ភ្នំពេញ​) ៖ បន្ទាប់ពី​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​សន្យាថា នឹង​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម ពី​វៀតណាម​មកវិញ​ក្រោយ​គណបក្សប្រឆាំង​ឈ្នះឆ្នោត​ឆ្នាំ​២០១៨ មន្ដ្រី​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្លើយតប​ទៅវិញ​ថា នោះ​គឺជា​ការឃោសនា​បោកប្រាស់​តែប៉ុណ្ណោះ​។​

​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម ជាមួយ​ក្រុម​អ្នកសារព័ត៌មាន លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើងថា “​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ ត្រូវបាន​ប្រជារាស្ត្រ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស ប្រសិទ្ធ​នាម​ព្រះអង្គ​ថា ជា​ព្រះវរបិតា​ជាតិ ជា​អ្នកស្នេហាជាតិ​ជាងគេ​ទាំងអស់​។ ក្នុងឋានៈ​ព្រះអង្គ​ជា​ព្រះ​បី​តា​ជាតិ​ព្រះអង្គ​បានធ្វើ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​ប្រជាជាតិ​កម្ពុជា​ដែល​ការលះបង់​របស់​ព្រះអង្គ​បាន​ត្រឹម​ទឹកដី​កម្ពុជា បច្ចុប្បន្ននេះ គឺ​ក្នុង​ក្រឡា​ផ្ទៃ ១៨១.០៣៥​គីឡូម៉ែត្រ​ការ៉េ ប៉ុណ្ណោះ ដោយ​ព្រះអង្គ​ឈ្វេង​យល់ថា មិនអាច​ទាមទារ​បាន ទឹកដី​កម្ពុជា​ក្រោម​មកវិញ​ទេ​។ ហើយ នៅក្នុង​ព្រះរាជ​សារលិខិត​របស់​ព្រះអង្គ​ផ្ញើជូន​លោក ផាំ វ៉ាន់​ដុង នាយករដ្ឋមន្ត្រី​វៀតណាម​នា​ឆ្នាំ​១៩៩៩ ក៏​ព្រះអង្គ​បាន​បញ្ជាក់ថា​ដែនដី​កម្ពុជា​ក្រោម រួមទាំង​កោះត្រល់ និង​កោះ​មួយចំនួនទៀត​បាន​បាត់បង់​រួចទៅហើយ​ដោយសារ​បារាំង​បានកា​ត់ទៅ​ឲ្យ​វៀតណាម​” ។​

​លោក​បន្ដថា “​ដូច្នេះ បើ​សម្តេច​ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ នរោត្តម សីហនុ មិនអាច​ទាមទារ​ដែនដី​កម្ពុជា​ក្រោម​បានមក​វិញ​នោះ​ហើយ​ទ្រង់​ធម្មិកោ ដែល​ត្រូវជា​ក្មួយ​ព្រះករុណា ថា​អាច​ទាមទារ​មកវិញ​បាន​នោះ មានតែ ធម្មិកោ​ខ្លាំង​ជាង​ព្រះករុណា​ព្រះ​នរោត្តម សីហនុ​? ស្នេហា​ជាតិ​ជាង សម្តេចព្រះ​នរោត្តម សីហនុ​? តើ​ប្រជារាស្ត្រ​ខ្មែរ ជឿថា ទ្រង់​ធម្មិកោ​ស្នេហា​ជាតិ​ជាង​សម្តេច​ឳ សម្តេច​តា​សម្តេច​តា​ទួត​យើង​ដែរឬទេ​។ បើ​មិន​ជឿថា ធម្មិកោ​ស្នេហា​ជាតិ​ជាង​សម្តេច​ឳ សម្តេច​តា សម្តេច​តា​ទួត យើង​ទេ​មានតែ​ធម្មិកោ​ភូតកុហក់​ប្រជារាស្ត្រ​ខ្មែរ យ៉ាងពិត​ប្រាកដ​។ កុំ​ចង់​បោកប្រាស់​អី ទ្រង់​ធម្មិកោ មិន​ខ្មេះ​ទេ រឿង​កម្ពុជា​ក្រោម​នោះ​!”​។​

​សូម​រំលឹកថា មាន​ព្រះរាជបន្ទូល​នៅ​ចំពោះមុខ​ពលរដ្ឋ និង​ព្រះសង្ឃ​ក្នុង​ពិធី​រំលឹក​ការចងចាំ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ​អង្គ​នេះ​សន្យាថា នឹង​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម ពី​វៀតណាម​មកវិញ​ក្រោយ​គណបក្សប្រឆាំង​ឈ្នះឆ្នោត​ឆ្នាំ​២០១៨​។​

​មាន​ព្រះរាជបន្ទូល​នៅ​វត្ត​ចាស់ ស្ថិតក្នុង​ខណ្ឌ​ជ្រោយចង្វារ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សន្យាថា​ទឹកដី​កម្ពុជា​ក្រោម​មិនត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម​ឡើយ​៕​

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោមាន​ព្រះរាជបន្ទូល​នៅ​វត្ត​ចាស់ ស្ថិតក្នុង​ខណ្ឌ​ជ្រោយចង្វារ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា(រូប៖អាស៊ីសេរី)

ទីតាំងផ្សាយពាណិជ្ជកម្ម