ឡូយ​ម៉េ​ស​! ក្រសួង​សាធារណការ បង្កើត APP ដើម្បី​ឲ្យ​ពលរដ្ឋ​ថត​ផ្លូវ​សម្បុកមាន់ បញ្ជូនមក​ក្រសួង​ដើម្បី​ជួសជុល​

1363
ចែករម្លែក

​ដោយ​: សុផល​
​ភ្នំពេញ​: ដើម្បី​ថែរក្សា​ផ្លូវថ្នល់​ឱ្យបាន​គង់វង្ស​យូរអង្វែង បញ្ចៀស​គ្រោះថ្នាក់​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​ដល់​ប្រជាពលរដ្ឋ ក្រសួង​សា​ធាណ​ការ​និង​ដឹកជញ្ជូន​បាន​បង្កើត​អ៊ែ​ប​មួយ​(Application) ដើម្បី​ឲ្យ​ពលរដ្ឋ​ថត​ផ្លូវ​សំបុកមាន់ បញ្ជូនមក​ក្រសួង​ហើយ​ក្រសួង​នឹង​ចាត់វិធានការ ជួសជុល​ជាបន្ទាន់​។​

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផ្តល់​បទ​សម្ភាស​ដល់​អ្ន​ក​កាសែត​(​រូបៈ​សុផល​)

​នៅក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើក​បររថ​យន្ត​ធុន​ធ្ងន់​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែ តុលា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថាៈ​ក្រសួង​សាធារណការ បាន​បង្កើត​Application ដើម្បី​ឲ្យ​ពលរដ្ឋ​ថត​ផ្លូវ​សំបុកមាន់ បញ្ជូនមក​ក្រសួង ក្រសួង​ចាត់វិធានការ ជួសជុល​ជាបន្ទាន់ ហើយ​ក្រសួង​សង្ឃឹមថា App នេះ​នឹងដាក់​ឲ្យ​ដំណើរការ នា​ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖«​យើង​នឹងដាក់​ដំណើរការ App នេះ​ឡើង​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​។ បើ​ឃើញ​សំបុកមាន់​នៅតាម​ផ្លូវ គាត់​អាច​ថត​បាន​បញ្ជូន​ព័ត៌មាន​នេះ មក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​ក្រសួង​នឹង​ចាត់វិធានការ​ជួសជុល »​។​

​លោក​បាន​បន្ដថា APP មាន​សារសំខាន់​ណាស់ នៅពេល​ពលរដ្ឋ​ថត​បញ្ជូនមក​ភ្លាម កម្មវិធី​នៅក្នុង APP នឹង​ដឹង​ទីតាំង​ពិតប្រាកដ តើ​មាន​សំបុកមាន់​នៅ​កន្លែង​ណា​? ម៉ោង​ណា​គាត់​ថត​ផ្លូវ​សំបុក​មាន់មក​ក្រសួង​? ដូច្នេះ​ក្រសួង​បាន​ព័ត៌មាន​ទាំងនេះ ក្រសួង​នឹង​បញ្ជូន​ទៅតាម​មន្ទីរ​សាធារណការ ខេត្ត​-​ក្រុង ដើម្បី​ឲ្យ​ពួកគាត់​ចុះទៅពិនិត្យ​នៅ​កន្លែង​ផ្ទាល់ និង​ជួសជុល​ផ្លូវ​សំបុកមាន់​នោះ​។ លោក​បាន​បញ្ជាក់ថា​៖ នៅពេល​ក្រសួង​បញ្ចេញ​កម្មវិធី APP​នេះ​ទៅ អត់​មាន​លាក់​ជិត​ឡើយ​ចំពោះ​ផ្លូវ​សំបុកមាន់​នៅតាម​បណ្ដា ខេត្ត​-​ក្រុង​។ នៅក្នុង​កម្មវិធី APP នឹងមាន​រូបថត​ប្រធាន​មន្ទីរ​សាធារណការ គ្រប់​ខេត្ត​-​ក្រុង ដើម្បី​ឲ្យ​ពលរដ្ឋ​ស្គាល់មុខ​។ ដូច្នេះ តើ​ខេត្ត​ណា​មាន សំបុកមាន់​ប៉ុន្មាន ពលរដ្ឋ​ដឹង​¬​ឮ ទាំងអស់គ្នា​តាមរយៈ​កម្មវិធី APP បញ្ហា​ទាំងនេះ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​-​ក្រុង គឺ​លាក់​មុខ​លែង​បាន​ហើយ​។​

​កម្មវិធី​ក្នុង​App​នេះ ក៏​បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ពេល​បងប្អូន​ប្រជាពលរដ្ឋ​បញ្ជូន​រូបថត​មកវា​មាន​ពណ៌​ក្រហម ពេល​ប​ញ្ចូ​ន​ពត៌មាន​ទៅវិញ​ពណ៌​លឿង ពេល​ជួសជុល​សព្វគ្រប់​ហើយ​ថតរូប​បញ្ជូន​ចេញ​ចេញ​ពណ៌​បៃតង​។​
​សូម​រំលឹកថា​នាពេល​កន្លងមក ដើម្បី​ជួសជុល​ផ្លូវ​សំបុកមាន់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដាក់ចេញ​យុទ្ធនាការ ជួសជុល​ផ្លូវ​ខូច​នៅ​ទូទាំងប្រទេស ដោយបាន​ចែក​ម៉ូតូ​កង់​៣ សម្រាប់ធ្វើ​សកម្មភាព​ថែទាំ​ផ្លូវ និង​លុប​សំបុកមាន់​នេះ រួមមាន អាវ​សុវត្ថិភាព មួកសុវត្ថិភាព ស្រោមដៃ ភ្លើង ផ្លាកសញ្ញា​មាន​ការដ្ឋាន ផ្លាកសញ្ញា​ចប់​ការដ្ឋាន បង្គោល​ចរាចរណ៍​រាង​សាជី សញ្ញា​បង្វែរ​ទិស ខ្សែការពារ​ការដ្ឋាន របា​ការពារ​ការដ្ឋាន ម៉ាស៊ីនភ្លើង ម៉ាស៊ីន​បង្ហាប់ ជើងដំរី កៅស៊ូ និង មាន​មន្ត្រី​បញ្ជា​ចរាចរណ៍​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម