កូនប្រុស​របស់​មហាសេដ្ឋី​ម្ចាស់​ក្លិប Leicester ប្តេជ្ញា​បន្ត​កេរ្តិ៍ដំណែល​ពី​ឪពុក​

1430
ចែករម្លែក

​កូនប្រុស​របស់​ម្ចាស់​ក្លិប Leicester ដែល​ស្លាប់​ក្នុងការ​ធ្លាក់​ឧទ្ធម្ភាគចក្រ បាន​សន្យា​កាលពី​ថ្ងៃ​ពុធ​ទី​៣១​តុលា​ដើម្បី​គោរព​ដល់​ឪពុក​របស់គាត់ ដោយ​បន្ត “​ចក្ខុវិស័យ​និង​ក្តី​ស្រមៃ​ដ៏​ធំ​” របស់គាត់​នៅក្នុង​ក្លិប​នៅ​ក្របខ័ណ្ឌ Premier League មួយ​នេះ​។​

​លោក អៃ​យ៉ា​វ៉ា​ត់ ស្រី​វ៉ា​ត់​ដា​ណា​ប្រា​ផា បាន​និយាយ​ក្នុងការ​រំលឹក​គុណ​ដល់​ឪពុក​របស់គាត់​ឈ្មោះ វី​ចៃ ដែល​ស្លាប់​ជាមួយ​មនុស្ស​៤​នាក់​ផ្សេងទៀត​នៅពេលដែល​ឧទ្ធម្ភាគចក្រ​របស់គាត់​បាត់បង់​ការគ្រប់គ្រង​ខណៈ​វា​ហោះ​ចេញពី​កីឡដ្ឋាន​ក្រោយ​ការប្រកួត Premier League កាលពី​ថ្ងៃ​សៅរ៍​យ៉ាង​ដូច្នេះ​ថា “​សម្រាប់​គាត់ ខ្ញុំ​បាន​ទទួលយក​បេសកកម្ម​និង​កេរ្តិ៍ដំណែល​ដ៏​ធំ​ពី​គាត់ ហើយ​ខ្ញុំ​មានបំណង​ធ្វើ​ដូច្នេះ​”​។​

​លោក​វី​ចៃ ដែលជា​មហាសេដ្ឋី​ថៃ​ម្ចាស់​ក្រុមហ៊ុន​លក់រាយ King Power បាន​ដឹកនាំ​ក្រុមហ៊ុន ដែល​បាន​ទិញយក​ក្លិប Leicester កាលពី​ខែសីហា​ឆ្នាំ ២០១០ ហើយ​បាន​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​មិន​ត្រឹមតែ​ជាមួយ​ក្រុមកីឡា​បាល់ទាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាមួយ​សហគមន៍​ទាំងមូល​ផងដែរ​។ លោក អៃ​យ៉ា​វ៉ា​ត់ គឺជា​អនុប្រធាន​ក្លិប​។​

​នៅក្នុង​សារ​មួយ​ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ Leicester លោក អៃ​យ៉ា​វ៉ា​ត់ បាន​និយាយថា ឪពុក​របស់គាត់​បាន​ប្រែក្លាយ​ក្លិប​ទៅជា​គ្រួសារ​។​

​លោក​បាន​បន្ថែមថា “​ហើយ​គ្មានអ្វី​អាចធ្វើឱ្យ​គាត់​មាន​មោទនភាព​ជាង​ការដែល​ឃើញ​គ្រួសារ Leicester City ដែល​គាត់​បាន​កសាងឡើង កំពុង​គាំទ្រ​គ្នា​ទៅវិញទៅមក​ឆ្លងកាត់​ពេលវេលា​ដ៏​សោកសៅ​បែបនេះ​នោះឡើយ​”​។​

​កីឡាករ​ដ៏​សោកសៅ​របស់ Leicester នឹងធ្វើ​ដំណើរ​ទៅ​ទីលាន​ជា​លើកដំបូង ចាប់តាំងពី​ការធ្លាក់​ឧទ្ធម្ភាគចក្រ នៅពេល​ពួកគេ​ទៅសួរសុខទុក្ខ​ក្លិប Cardiff សម្រាប់​ការប្រកួត​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃ​សៅរ៍​ខាងមុខ​៕ ដោយ៖ កញ្ញាដាលីស

លោក អៃ​យ៉ា​វ៉ា​ត់ ស្រី​វ៉ា​ត់​ដា​ណា​ប្រា​ផា នឹង​បន្ត​ដឹកនាំ​ក្លិប Leicester បន្ត​ពី​ឪពុក

ទីតាំងផ្សាយពាណិជ្ជកម្ម