ដេ​ឡេ អា​លី បន្ត​កិច្ចសន្យា​ថ្មី​ដែលមាន​ប្រាក់​ឈ្នួល​មួយ​សែន​ផោន​ក្នុង​មួយ​សប្តាហ៍​

2095
ចែករម្លែក

​ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស ដេ​ឡេ អា​លី (Dele Alli) បាន​បន្ត​កិច្ចសន្យា​របស់ខ្លួន​ជាមួយ​ក្លិប តូ​តិ​ន​ហេម ហូ​ស្ពឺរ​(Tottenham Hotspur) ដល់​ឆ្នាំ​២០២៤​។​
​ ​
​ការចរចា​ជុំវិញ​ការបន្ត​កិច្ចសន្យា​ដែល​នឹង​ចប់​សុពលភាព​នៅ​ឆ្នាំ ២០២២ បន្ត​កើតមាន​ច្រើន​ខែ មកហើយ​។​

​បើទោះបីជា​ប្រាក់​ឈ្នួល​ក្នុង​កិច្ចសន្យា​ថ្មី​របស់ខ្លួន​មិនត្រូវ​បានបង្ហាញ ដេ​ឡេ អា​លី នឹង​ទទួល​បានការ​តម្លើង​ប្រាក់​ឈ្នួល​ច្រើនសន្ធឹក​សន្ធាប់​លើ​កិច្ចសន្យា​ប​ច្ច​ប្បន្ន​ដែលមាន​ទឹកប្រាក់​៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ហើយ​ការ​តម្លើង​នេះ​នឹងធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​របស់ អា​លី កើន​ដល់​១០០.០០០​ផោន​។​
​ ​
​ដេ​ឡេ បាន​ផ្ទេរ​ពី​ក្លិប​អឹម​ខេ​( MK Dons) មក​ចូលរួម​ជាមួយ​ក្លិប ស្ពឺរ​(Spurs) តាំងពី​នៅ​វ័យ​ជំទង់​កាលពី​ឆ្នាំ​២០១៥ ហើយ​បាន​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង តាំងពី​ពេលនោះ​មក​។​
​ ​
​អា​លី រកបាន​៤៨​គ្រាប់​ក្នុងការ​បង្ហាញមុខ​១៥៣​លើក​សម្រាប់​ក្រុម Spurs ហើយ​កិច្ចសន្យា ថ្មី​នេះ​ផ្តល់​ទំនុកចិត្ត​បន្ថែមទៀត​ដល់​ក្រុម​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ។​
​ ​
​បើទោះបីជា ដេ​ឡេ មិនទាន់​លើក​ពាន​ធំ​ណាមួយ​ជាមួយ​ក្លឹប Spurs ក៏ដោយ ក៏ អា​លី បាន​ជាប់​ជា​កីឡាករ​ឆ្នើម​វ័យក្មេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ក្នុង​ពីរ​រដូវ​កាល​ដំបូង​របស់ខ្លួន​ជាមួយ​ក្លិប Spurs ហើយ​បាន​ក្លាយជា​សមាជិក​សំខាន់​នៃ​ក្រុម​ជម្រើស​ដែល​នៅពេលនេះ បាន​ក្លាយជា​ក្រុម​ឆ្នើម​មួយ​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន​ក្នុង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ដេ​ឡេ អា​លី (Dele Alli)

ទីតាំងផ្សាយពាណិជ្ជកម្ម