រដ្ឋធានី​អា​ហ្ស​ង់​ទីន​បង្ហាញ​រូបសំណាក​ម៉ា​រ៉ា​ដូ​ណា​ជា​លើកដំបូង​

1429
ចែករម្លែក

​ប្រជាជន​អា​ហ្ស​ង់​ទីន​បាន​ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់​អាយុ ៥៨ ឆ្នាំ​របស់លោក ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា កាលពី​ថ្ងៃ​ពុធ ទី​៣១​តុលា ដោយ​បង្ហាញ​រូបសំណាក​ធ្វើ​ពី​សំរិទ្ធ​របស់​វីរបុរស​បាល់ទាត់​រូបនេះ ដែល​បង្ហាញ​រូបគាត់​អូស​បាល់​ស៊ុត​ក្រុម​អង់គ្លេស ដែល​គេ​បោះឆ្នោត​ជា​គ្រាប់​បាល់​ស៊ុត​អស្ចារ្យ​បំផុត​ប្រចាំ​សតវត្សរ៍​ទី ២០​។​

​ខួបកំណើត​របស់​ម៉ា​រ៉ា​ដូ​ណា​គឺ​នៅ​ថ្ងៃទី ៣០ ខែតុលា ប៉ុន្តែ​ការដាក់​បង្ហាញ​នេះ​ត្រូវបាន​ពន្យារពេល​មួយថ្ងៃ​ដោយសារ​ភ្លៀង​។ រូបសំណាក​នេះ​មាន​ទីតាំងនៅ​ជិត​កីឡាដ្ឋាន​របស់​ក្លិប Argentinos Juniors ក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ ជា​កន្លែង​ដែល​គាត់​បានចាប់ផ្តើម​អាជីព​ដំបូង​របស់គាត់​នៅក្នុង​ឆ្នាំ ១៩៧៦​។​

​មួយ​ទសវត្សរ៍​ក្រោយមក​ម៉ា​រ៉ា​ដូ​ណា​បាន​ដឹកនាំ​អា​ហ្ស​ង់​ទីន​ឱ្យ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ ១៩៨៦ និង​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ក្នុងចំណោម​គ្រាប់​បាល់​គួរឱ្យ​ចងចាំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​។ គ្រាប់​បាល់​ទី​១​គឺ​គ្រាប់​បាល់ “​ដៃ​អាទិទេព​” ដែល​ក្នុងនោះ​ម៉ា​រ៉ា​ដូ​ណា​មាឌ​ល្អិត​បាន​ហក់​ប្រកៀក​ប្រកិត​ជាមួយ​អ្នកចាំទី​ជម្រើសជាតិ​អង់គ្លេស ឈ្មោះ ភី​ត​ធឺ ស៊ី​ល​តុ​ន ហើយ​បាន​ដាល់​បាល់​បញ្ចូល​សំណាញ់​។ ដៃ​អាទិទេព​នេះ​បានធ្វើឱ្យ​អា​ហ្ស​ង់​ទីន​នាំមុខ ១-០ ។​

​ប៉ុន្តែ​វេទមន្ត​ពិតប្រាកដ​បានកើត​ឡើង​ប៉ុន្មាន​នាទី​ក្រោយ នៅពេលដែល​ម៉ា​រ៉ា​ដូ​ណា​អូស​បាល់​តាំងពី​ពាក់កណ្តាល​តារាង​ឆ្លងកាត់​កីឡាករ​អង់គ្លេស​២​នាក់ រួច​រត់​ឆ្ពោះទៅរក​ទី​របស់​គូប្រកួត​។ បន្ទាប់មក គាត់​បាន​ញាក់​ស៊ី​ចង្កេះ​ខ្សែការពារ​អង់គ្លេស​២​នាក់​ទៀត មុនពេល​ស៊ុត​ផុតដៃ​អ្នកចាំទី​ស៊ី​ល​តុ​ន​ចូល​សំណាញ់​យ៉ាង​ស្អាត​។​

​ជាងចម្លាក់​ឈ្មោះ​ច​ច ម៉ា​ទីណេស បាន​និយាយថា “​គ្រាប់​បាល់​នោះ​ហើយ ដែល​ប្រជាជន​អា​ហ្ស​ង់​ទីន​ស្រែក​អបអរ​” ដែល​វា​នាំឱ្យ​មានការ​បំផុសគំនិត​សម្រាប់​រូបសំណាក​ម៉ា​រ៉ា​ដូ​ណា​។​

​លោក​បាន​និយាយថា “​វា​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ប្រវត្តិសាស្ត្រ​អា​ហ្ស​ង់​ទីន​”៕ ដោយ៖ កញ្ញាដាលីស

រូបសំណាក​ម៉ា​រ៉ា​ដូ​ណា​បានបង្ហាញ​នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ របស់​អា​ហ្ស​ង់​ទីន

ទីតាំងផ្សាយពាណិជ្ជកម្ម