ទណ្ឌិត ៥២៣ នាក់ ត្រូវបាន​ស្នើសុំ​លើកលែងទោស ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

931
ចែករម្លែក

ដោយៈ ម៉េង​ឆៃ​,ដេប៉ូ/​ភ្នំពេញៈ ទណ្ឌិត ៥២៣ នាក់ ក្នុងនោះ មាន​ស្ត្រី ៣៧​នាក់ ត្រូវបាន​គណៈកម្មការ​ថ្នាក់​ខេត្ត​រាជធានី និង​គណៈកម្មការ​រប​ស់​ក្រសួងមហាផ្ទៃ​បាន​លើក​ស្នើ​មកកាន់​គណៈកម្មការ​ចម្រុះ​ថ្នាក់ជាតិ​ដើម្បី​ពិនិត្យ​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក នា​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ខាងមុខ​។

​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត

​គណៈកម្មការ​ថ្នាក់ជាតិ​ដឹកនាំ​ដោយ​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ទាំងនេះ កាលពី​រសៀល​ថ្ងៃ​ពុធ ទី​៣១ ខែតុលា​ឆ្នាំ​២០១៨​។​ក៏ប៉ុន្តែ​មិនទាន់​សម្រេច​ថា​តើ​មាន​ទណ្ឌិត​ប៉ុន្មាន​នាក់ ដែល​ត្រូវបញ្ជូន​ឈ្មោះ ទៅកាន់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ ប្រទាន​ការលើកលែងទោស និង​បន្ធូរ​បន្ថយទោស ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំ​នេះឡើយ​។

លោក សុច សុផាន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន កិច្ចការ​អយ្យការ និង​ព្រហ្មទណ្ឌ នៃ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​ថ្នាក់ជាតិ លើកលែងទោស និង​បន្ធូរ​បន្ថយទោស បាន​ឲ្យ​ដឹងថា ទណ្ឌិត​ទាំង ៥២៣​នាក់ ដែលមាន​ស្ត្រី ៣៧​នាក់ ត្រូវបាន​គណៈកម្មការ​ថ្នាក់​រាជធានី​ខេត្ត​ស្រង់​ឈ្មោះ​ពី​ពន្ធនាគារ​ចំនួន ២៥ រាជធានី​ខេត្ត​និង​បាន​ស្រង់​ឈ្មោះ​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​ដើម្បី​លើក​ស្នើ​មកកាន់​គណៈកម្មការ​ចម្រុះ​ថ្នាក់ជាតិ ដឹកនាំ​ដោយ​លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពិនិត្យ​សំណើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ នាពេល​ខាង​មុខនេះ​។

​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត

​លោក​សុផាន់​ណា​រ៉ា​បាន​បញ្ជាក់ថា​ការបន្ធូរបន្ថយ​ទោស​និង​លើកលែងទោស​ដល់​ទណ្ឌិត​គឺ​ឈរលើ​គោល​ការណ៍​​មនុស្សធម៌ ក្នុងនោះ​រួមមាន ទណ្ឌិត​វ័យ​ចំណាស់ ចាប់ពី ៦៥​ឆ្នាំ​ឡើង មាន​ជំងឺ​ប្រចាំកាយ ស្រី្ត​មានកូន​តូច​នៅ​ជាមួយ និង​ទណ្ឌិត ដែល​បាន​អនុវត្តន៍​ទោស ចំនួន ២​ភាគ​៣ នៃ​ទោស​សរុប​។​យ៉ាងណាក៏ដោយ លោក សុច សុផាន់​ណា​រ៉ា នៅ​មិនទាន់​ដឹងថា​ទណ្ឌិត​ប៉ុន្មាន​នាក់​ដែល​នឹងត្រូវ​បន្ធូរ​បន្ថយទោស​និង​លើកលែងទោស​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក នាពេលខាងមុខ​នោះឡើយ ដោយ​គណៈកម្មការ​ថ្នាក់ជាតិ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នឹង​ពិនិត្យ​យ៉ាង​ល្អិតល្អន់ ទៅតាម​គោលការណ៍​កំណត់​។​

​សូម​រម្លឹកថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ នៅ​ឆ្នាំនេះ គណៈកម្មការ​ថ្នាក់ជាតិ បាន​ពិនិត្យ និង​សម្រេច​​ជ្រើស​យក​ទណ្ឌិត​សរុប ៥០ នាក់ (​មាន​ស្ត្រី ៦ នាក់​) ក្នុងនោះ បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​ចំនួន ៤២ នាក់ (​មាន​ស្ត្រី ៥ នាក់ )​និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន ៨​នាក់ (​មាន​ស្ត្រី ១​នាក់​) ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទូល​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ប្រទាន​ការលើកលែងទោស និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទ​ណ្ឌិ​ត​។​

​នៅក្នុង​ប្រទេស​កម្ពុជា​យើង កន្លងមក ក្នុង​មួយឆ្នាំ មានការ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​ដល់​ទ​ណ្ឌិ​ត ចំនួន ៣ ដង គឺ​នៅពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ពិធីបុណ្យ​វិសាខបូជា និង​ពិធី​បុណ្យអុំទូក​។​ក៏ប៉ុន្តែ​​នៅ​ឆ្នាំនេះ ជា​ឆ្នាំ​ពិសេស ជាង​ពេលកន្លងមក ដោយហេតុថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្នើអោយ​ក្រសួងយុត្តិធម៌ ពិនិត្យ​លើ​ពិធីបុណ្យ ៣​បន្ថែមទៀត នៅក្នុង​ការលើកលែងទោស និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទ​ណ្ឌិ​ត គឺ​ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា និង​ទិវា​ឈ្នះៗ នៅ​ថ្ងៃទី​២៩ ខែធ្នូ​ខាងមុខនេះ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម