បណ្ដុះបណ្តាល​លើ​កិច្ចការពារ​និង​គ្រប់គ្រង​រមណី​ដ្ឋា​ន​អង្គរ​ដល់​បុគ្គលិក​ទើប​ចូល​បំរើ​ការងារ​ថ្មី​១០០​នាក់​

1277
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ ​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ពី​កិច្ចការពារ និង​គ្រប់ គ្រង​រមណីយដ្ឋាន​អង្គរ បេតិកភណ្ឌ​ពិភពលោក​ដល់​បុគ្គលិក​ទើប​ចូល​បំរើការ​ថ្មី​១០០​នាក់​។

​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ តុលា ដល់​ថ្ងៃទី​២ វិ​ច្ឆ​កា ឆ្នាំ​២០១៨ រៀបចំឡើង​ក្នុង​គោលបំណង​បំពេញ​ចំណេះដឹង​បន្ថែម​ដល់​បុគ្គលិក​ផ្នែក​សណ្តាប់ធ្នាប់​ចំនួន៣៦​នាក់ និង​ផ្នែក​ទេសចរណ៍​ចំនួន ៦៤​នាក់​ដែល​ទើប​ចូល​បម្រើ​ការងារ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ អំពី​តម្លៃ​ប្រវត្តិ​សាស្ត្រ​ខ្មែរ ការងារ​អភិរក្ស និង​អភិវឌ្ឍន៍ ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​«​អង្គរ​»​ទាំងមូល​។

​លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​បានឱ្យដឹងថា កម្មវិធី​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់ ដែល​អាច​ផ្តល់​ចំណេះដឹង​ជា​មូលដ្ឋាន​ដល់​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅតាម​ប្រាសាទ ដែល​ស្ថិតនៅ​ជួរមុខ ប្រៀប​បានជា​ខ្សែត្រៀម ស្ថិត​នៅជាប់​ជាមួយ​ប្រាសាទ ប្រតិបត្តិ​ការណ៍​ផ្ទាល់​ជាពិសេស​ជាមួយ​ភ្ញៀវទេសចរ​។ លោក​បាន​បន្តថា​យើង​មាន​គោលការណ៍​សិក្សា​រៀនសូត្រ​បន្តិច​ម្តងៗ​ជា​បន្តបន្ទាប់ និង​មាន​ភាព​សាមគ្គី​គ្នា​ផ្តល់ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក ហើយ​អាច​យក​ចំណេះដឹង​ផ្ទាល់ខ្លួន​​នេះ​ទៅ​អប់រំ ផ្សព្វផ្សាយ​បន្ត​ដល់​សហគមន៍ ជៀសវាង​ការទទួលយក​ព័ត៌មាន​មិន​ពិត​។​

​លោក ស្វាយ ពិសិដ្ឋ តំណាងឱ្យ​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ បានលើកឡើង​ដែរ​ថា សិក្ខាកាម​ដែលមាន​វត្តមាន​នៅទីនេះ​ពិតជា​បាន​ខិតខំ​ប្រឹងប្រែង តស៊ូ អត់ធ្មត់​ដោយ​ឆ្លងកាត់​ការធ្វើ​តេស្ត​សមត្ថភាព​ដោយ​សរសេរ និង​ផ្ទាល់មាត់​បាន​យ៉ាង​ជោគជ័យ​។ លោក​បាន​បន្តទៀតថា ក្នុងនាម​ជា​អ្នកធ្វើ​ការបម្រើ​បេតិកភណ្ឌ ត្រូវ​ស្វែងយល់​ពី​បេតិកភណ្ឌ និង​ចូលរួម​ថែរក្សា​ទាំងអស់គ្នា​។

​លោក​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តោត​សំខាន់​ទៅលើ​ប្រវត្តិសាស្ត្រ អារ្យធម៌ និង​បេតិកភណ្ឌ​។ លើសពីនេះ​គឺ​គោលការណ៍​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ​បេតិកភណ្ឌ​ពិភពលោក ការគ្រប់គ្រង​បេតិកភណ្ឌ​វប្បធម៌ និង​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​បង្ហាញ​ដល់​សិក្ខាកាម​ផងដែរ​។ ម្យ៉ាងទៀត​ខិតខំ​ធ្វើយ៉ាងណា​គ្រប់គ្រង​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ក្នុង​ឧទ្យាន​អង្គរ ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​ចីរភាព​។ ការគ្រប់គ្រង​សំណង់​លំនៅដ្ឋាន​ខ្មែរ​ក្នុង​តំបន់​អង្គរ និង​គ្រប់គ្រង​លំនៅដ្ឋាន​ខ្មែរ ដែលជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ រួម​និង​ការអភិរក្ស និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​ក្រុង​សៀមរាប អង្គរ និង​ការអភិវឌ្ឍន៍​សហគម​ន៍​ក្នុង​តំបន់​អង្គរ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម