ក្រសួងបរិស្ថានរៀបចំការប្រណាំងរថយន្ដក្រោមប្រធានបទ “​រួមគ្នា​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ”

1179
ចែករម្លែក

ដោយ : វិបុល/ភ្នំពេញ ៖ «​រួមគ្នា​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​» នេះ​គឺជា​ប្រធានបទ​នៃ​ការប្រណាំង​​រថយន្ត​ឆ្លងកាត់​តំបន់​អភិរក្ស រ៉ា​លី​រ៉េដ ២០១៨ ដែល​សហការ​រៀបចំ​ដោយ​ក្រសួងបរិស្ថាន និង​សហព័ន្ធ​កីឡា​យានយន្ត កម្ពុជា​ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែវិច្ឆិកា និង​បញ្ចប់​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨ នៅ​ទី​ស្តី​ក្រសួងបរិស្ថាន​ថា ការប្រណាំង​រថយន្ត​ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នេះ​» ធ្វើឡើង​ដោយ​ឆ្លងកាត់​ចំនួន ៣ ខេត្ត​គឺ​ខេត្តកំពង់ស្ពឺ​ដោយ​ឆ្លង​ឆ្លងកាត់​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​ឧទ្យាន​ជាតិ​គិរី​រម្យ នៅក្នុង​ខេត្តកំពត​ដែល​ឆ្លងកាត់​តំបន់​ឧទ្យាន ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ ហើយ​នៅក្នុង​ខេត្ត​ព្រះសីហនុ ឆ្លងកាត់​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង​ដែលមាន​ចម្ងាយ​ផ្លូវ​សរុប​ជាង ៦៣០ គឺ​ឡូ​ម៉ែត្រ​។

​បើតាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ នេះ​ជា​លើក​ទី​១ ដែល​ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយនឹង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​រៀបចំ​ការប្រណាំង​រថយន្ត​នេះឡើយ​។ តាម​លោក នេត្រ ភក្ត្រា ការប្រណាំង​រថយន្ត​ត្រូវបាន​រៀបចំ ២ លើក​រួចមកហើយ​គឺ​នៅ​ខែធ្នូ ឆ្នាំ ២០១៧ និង​ខែមិថុនា ឆ្នាំ ២០១៨ នៅក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​។

ចំណែក​លោក ហូ សិទ្ធី​គុណ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង​អ្នករៀបចំ​កម្មវិធី​ប្រណាំង​រថយន្ត​រ៉ា​លី រ៉េដ ២០១៨ បាន​ថ្លែងឱ្យដឹងថា​នៅក្នុង ការប្រកួត​រយៈពេល ៤ ថ្ងៃនេះ​នឹងមាន​ការចូលរួម​ពី​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​រួម​នឹង​អ្នក​សម្រប សម្រួល​កម្មវិធី​សរុប​ទាំងអស់​ប្រមាណ ៨០ នាក់​ដែល​មកពី ៥ ប្រទេស​គឺ​កម្ពុជា ថៃ អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ វ៉ែល ស្ក​ត់ឡែ​ន ដិ​យ​ក្នុ​ហ​នោះ​មាន​រថយន្ត​ចំនួន ៩ គ្រឿង និង​ម៉ូតូ​ចំនួន ១៦ គ្រឿង​។

លោក ហូ សិទ្ធី​គុណ បាន​ថ្លែងថា​ការសហការ​រៀបចំ​ការ​ប្រណាំង​រថយន្ត​ជាមួយនឹង​ក្រសួងបរិស្ថាន​មិនមែន​ដើម្បី​ការ កម្សាន្ត និង​ការពង្រឹង​លើ​បច្ចេកទេស​នៃ​ការប្រណាំង​ដើម្បី​ឈានទៅ​ចូលរួម​ប្រណាំង​រថយន្ត​ជា​លក្ខណៈ អន្តរជាតិ​ផ្សេងៗ​ទៀត​តែប៉ុណ្ណោះ​នោះទេ គឺ​ដើម្បី​ផ្សាភ្ជាប់​ជីវិត​របស់​កីឡាករ កីឡាការិនី​ទៅនឹង​ធនធានធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​។ បើតាម​លោក ហូ សិទ្ធី​គុណ កម្ពុជា​សម្បូណ៌​ដោយ​ធនធានធម្មជាតិ ដែល​ត្រូវ​បង្ហាញ​ដល់ ពិភពលោក​លោក​ទាំងមូល​ឱ្យបាន​ដឹង​។

​ទាក់ទង​នឹង​ការរៀបចំ​ឱ្យមាន​ការប្រណាំង​រថយន្ត​ឆ្លងកាត់​តំបន់​អភិរក្ស​នៅ​កម្ពុជា​នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់​ពី​សារៈប្រយោជន៍​ថា​ដើម្បី​ផ្សព្វផ្សាយ​ពីស​ក្តា​នុពល​ធនធាន​ធម្មជាតិ​ដែល​កម្ពុ​ជាមាន​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង ចូលរួម​ពង្រឹង​ការផ្សព្វផ្សាយ​ពី​ការអនុវត្ត​ច្បាប់ និង​ផ្សព្វផ្សាយ​​ពី​ភាព​សម្បូណ៌​បែប​នៃ​ធនធានធម្មជាតិ ព្រៃឈើ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​ដែល​ប្រទេស​កម្ពុ​ជាមាន និង​ជំរុញឱ្យមាន​ការចូលរួម​របស់​សាធារណៈជន​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យបាន គង់វង្ស និង​ចូលរួម​ការពារ​បរិស្ថាន​ឱ្យមាន​និរន្តរភាព​។

​ដោយបាន​គូសបញ្ជាក់​បច្ចុប្បន្ននេះ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​រួមមាន​តំបន់ការពារធម្មជាតិ​ចំនួន ៥២ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ៣ ( ឦ​សាន្ត ឧ​ត្ត​រ និង​ជួរ​ភ្នំក្រវាញ​) មាន​ផ្ទៃដី​សរុប​ទំហំ​ប្រមាណ ៧ ២៣៩ ៩២០ ហិកតា ស្ថិតនៅក្រោម​ការការពា​រ​និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា គូសបញ្ជាក់ថា ព្រឹត្តិការណ៍​របៀបនេះ​នឹងត្រូវ​សហការ​រៀបចំ​បន្តទៀត​ជាមួយ​សហព័ន្ធ​កីឡា យានយន្ត​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រជាជន​នៅលើ​ពិភពលោក​ដើម្បីឱ្យ​ពួកគាត់​បានដឹង​ពី​ភាព​សម្បូណ៌​បែប​នៃ​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ​នៅក្នុង​ប្រទេស កម្ពុជា និង​រួមគ្នា​អភិរក្ស​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម