សិស្ស​ពូកែ​ទូទាំង​រាជធានី​ជិត​៤០០០​នាក់​ទទួលបាន​រង្វាន់​ពីស​ម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, តាមរយៈ​អភិបាល​រាជធានី​ភ្នំពេញ​

881
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន
​ភ្នំពេញ​៖ រង្វាន់​លើកទឹកចិត្ត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​ដែលមាន​ទាំង​សំភារៈ​សិក្សា​និង​ថវិកា​មួយចំនួន​ផង ត្រូវបាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី ធ្វើ​ពិធី​ប្រគល់ជូន​សិស្ស​ពូកែ​ទូទាំង​រាជធានី​ភ្នំពេញ​ជិត​៤០០០​នាក់ ដែល​ពិធី​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០១ វិច្ឆិកា​២០១៨​នៅ​អនុវិទ្យាល័យ​ចតុមុខ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​
​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា នេះ​ជា​លើក​ទី​១៨​ហើយ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ផ្តល់ រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ​ទូទាំង​រាជធានី​ភ្នំពេញ​។​លោក​បាន​បន្តថា កាលពី​ឆ្នាំ​សិក្សា​១៩៧៩ _១៩៨០ នៅ​ភ្នំពេញ មាន​សាលាបឋមសិក្សា​ចំនួន​៤០ និង​អនុវិទ្យាល័យ​ចំនួន​៣​ប៉ុណ្ណោះ ឯ​វិទ្យាល័យ​វិញ​គ្មានទេ ហើយ​សិស្ស​មាន​ចំនួន​ត្រឹមតែ​៤២៦១៩​នាក់​ប៉ុណ្ណោះ​។ តែ​សម្រាប់​ឆ្នាំ​សិក្សា​២០១៨_២០១៩​នេះ​វិញ​នៅ​ភ្នំពេញ មាន​សាលាបឋមសិក្សា​ចំនួន​១៦៤ ម​ត្តេ​យ្យ​សហគមន៍​ចំនួន​៣៦ អនុ​ឡា​ល័យ​និង​វិឡា​ល័យ​ចំនួន​៣០ មាន​សិស្សានុសិស្ស​ចំនួន​៣០​ម៉ឺន​នាក់​។ ដោយឡែក​សម្រាប់​ការប្រលង​បាក់​ឌុប​ឆ្នាំ​២០១៨​នេះ​វិញ រាជធានី​ភ្នំពេញ​របស់​យើង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ណាស់ ពោលគឺ​មាន​សិស្សានុសិស្ស​របស់​យើង​ប្រលង​ជាប់​រហូតដល់​ចំនួន​១២៤៩៥​នាក់ ក្នុងចំណោម​បេក្ខជន​ចំនួន​២២០០៦​នាក់​ស្មើនឹង​៥៦,៧៨​ភាគរយ និង​ទទួលបាន​និ​ន្ទេ​ស​A​ចំនួន​១៨៣​នាក់ និង​និ​ន្ទេ​ស​B​ចំនួន​៧០៥​នាក់​។​នេះ​ជា​មោទនៈភាព​របស់​រាជធានី​ភ្នំពេញ​យើង​។​
ទោះបីជា​យ៉ាងណាក្តី​លោក ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ កាលដែល​កូន ក្មួយ​ទាំងអស់​បាន​សិក្សា​រៀនសូត្រ​ស្រួល មិន​ខ្វល់​អ្វី​ទាំងអស់នេះ គឺ​ដោយសារតែ​ប្រទេស​យើង​មាន​សន្តិភាព​ពេញបរិបូរណ៍ ក្រោម​ការស្វែងរក​ដ៏​លំបាក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ។​ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​រក្សា សុខ សន្តិភាព​នេះ​ឱ្យ​បានល្អ​បន្ថែមទៀត​។​
ក្នុងឱកាស​នោះដែរ​លោក​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖ រង្វាន់​សិស្ស​ពូកែ​ទូទាំង​រាជធានី​ភ្នំពេញ ដែលជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​នេះ​រួមមាន​៖ សិស្ស​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដែល​ទទួលបាន​និ​ន្ទេ​ស​A​ចំនួន​១៨៣​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន កា​តាប​១ សៀវភៅ​១០​ក្បាល ប៊ិច​២​ដើម ថវិកា​១៥០០០០​រៀល​។ សិស្ស​ពូកែ​ទទួលបាន​មេដាយ​អន្តរជាតិ ចំនួន​៤១​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន កា​តាប សៀវភៅ ប៊ិច និង​ថវិកា ពី​១០០០០០​រៀល​ទៅ​១៥០០០០​រៀល​។ សិស្ស​ពូកែ​រាជធានី​ជាប់​ជ័យលាភី​ទូទាំងប្រទេស ចំនួន​១៤​នាក់ ដែល​ទទួលបាន មេដាយមាស ប្រាក់ សំរិទ្ធ ក្នុង​ម្នាក់ៗ​ទទួលបាន កា​តាប​សៀវភៅ ប៊ិច និង​ថវិកា ពី​៨០០០០​រៀល​ទៅ​១០០០០០​រៀល​។ វិ​ញ្ញាប​ន​ប័ត្រ​សិស្ស​ពូកែ​ទូទាំងប្រទេស​ចំនួន​១០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន កា​តាប​សៀវភៅ ប៊ិច និង​ថវិកា​៧០០០០​រៀល​។​សិស្ស​ពូកែ ទូទៅ​រាជធានី​ចំនួន​៧២​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន កា​តាប សៀវភៅ ប៊ិច និង​ថវិកា ៦០០០០​រៀល​។ សិស្ស​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ១១៥០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន កា​តាប​សៀវភៅ ប៊ិច និង​ថវិកា ៤០០០០​រៀល​។ លេខ​២ ចំនួន​១១៥១​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន កា​តាប​សៀវភៅ ប៊ិច និង​ថវិកា ៣០០០០​រៀល សិស្ស​លេខ​៣ ក្នុង​ម្នាក់ៗ​ទទួលបាន កា​តាប​សៀវភៅ ប៊ិច និង​ថវិកា ២០០០០​រៀល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម