ពិ​ព័រ​ណ៌​វិស័យ​កសិកម្ម សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បើកសម្ពោធ​ជា​ផ្លូវការ​

1043
ចែករម្លែក

ដោយៈ សុផល​
​ភ្នំពេញៈ​ពិ​ព័រ​ណ៌​វិស័យ​កសិកម្ម សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​(AGRILIVESTOCK 2018)​បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​០១​ខែ វិច្ឆិកា​ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ពិ​ព័រ​ណ៌​នេះ មានការ​ចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន តំណាង​ក្រុមហ៊ុន​ជាតិ​-​អន្តរជាតិ តំណាង​ជ័យលាភី​មកពី​ក្រុមហ៊ុន​ចិញ្ចឹមសត្វ ចំណី​សត្វ កែច្នៃ​សាច់សត្វ​និង​អង្ករ សហគមន៍​កសិកម្ម ពាណិជ្ជករ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ កសិករ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ អ្នក​ផលិត​ចំណី​សត្វ ពេទ្យសត្វ និង​អ្នក​កែច្នៃ។

​​លោ​ករី​ឆាត យ៉ែ​វ​( Richard Yew) អនុប្រធាន​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន AMB Tarsus Events Group ដែលជា​អ្នករៀបចំ​ពិព័រណ៍​នេះ​បានឱ្យដឹងថា យើង​មាន​មោទនភាព​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជាថ្មី​ម្តង​ទៀតហើយ សូម​អរគុណ​ចំពោះ​ការគាំទ្រ និង​សហការ​ពី​ខាង​ក្រសួង​និង​អ្នក​នៅ ក្នុង​វិស័យនេះ​ទាំងអស់​។ លោក​សង្ឃឹមថា​អ្នកជំនាញ​ក្នុងស្រុក​ដែល​បាន​ចូលរួម នៅទីនេះ​នឹងចូលរួម​ធ្វើឱ្យ​វិស័យ​មួយ​នេះ​កាន់​តែមាន​សក្តានុពល​ស្របពេល​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុងតែ​អភិវឌ្ឍ​ហើយ​វិស័យនេះ បាន​ចូលរួម​លើ​កម្ពស់​ដល់​ការរស់នៅ​របស់​ប្រជាកសិករ​មួយផ្នែកធំ​និង​អ្នកធ្វើអាជីវកម្ម​ដែល​ពាក់ព័ន្ធ​ផងដែរ​។​ជារួម​យើង​ស​ង្ឈឹ​មយ៉ាង​មុតមាំ​ថា​ពិព័រណ៍​នេះ និង​រួម​ជា​ចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​បន្ថែម​សម្រាប់​បច្ចុប្បន្ន និង​នាពេល​អនាគត​សម្រាប់​ប្រទេស​កម្ពុជា។

​ពិព័រណ៍​នេះ​បានបង្ហាញ​អំពី​ផលិតផល​ពាក់ព័ន្ធ​នឹង​ចំណី​សត្វ​និង​សារធាតុ​បន្ថែម ឧបករណ៍​កិនស្រូវ ប្រព័ន្ធ​វេច​ខ្ចប់ និង​ប្រព័ន្ធ​បង្កបង្កើនផល​ឧបករណ៍​ផលិតកម្ម​បសុសត្វ​ហើយក៍​ជា​ឱកាសល្អ ក្នុង​ការកសាង​ទំនាក់ទំនង​អាជីវកម្ម​ផងដែរ ដោយសារ​តែមាន​អ្នក​តាំងពិព័រណ៍​ជាច្រើន កំពុង​ស្វែងរក​ដៃគូ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖​នេះ​ជា​ឱកាស​សម្រាប់​អ្នកជំនាញ ផ្នែក​ឧស្សាហកម្ម​ចិញ្ចឹមសត្វ ផលិត​ចំណី​សត្វ ក្នុង​ការធ្វើទំនាក់ទំនង ដកស្រង់​បទពិសោធន៍​លើ​ការងារ​បច្ចេកទេស និង​ឱកាស​ផ្សេងៗ ដែល​ទាក់ទង​នឹង​ការ ធ្វើ​អាជីវកម្ម​ក្នុង​កម្ពុជា ជាពិសេស​គឺ​ការទាក់ទាញ​វិនិយោគិន ឲ្យ​ងាក​មក​ចាប់អារម្មណ៍​បណ្តាក់​ទុក លើ​វិស័យ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ដែល​កំពុងមាន​សក្តានុពល​នៅលើ​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស​។​


​លោក​រដ្ឋមន្ត្រី វេ​ង សាខុន ក៏បាន​អំពាវនាវ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ តំណាង​ក្រុមហ៊ុន​ជាតិ អន្តរជាតិ តំណាង​ជ័យលាភី​មកពី ក្រុមហ៊ុន​ចិញ្ចឹមសត្វ ក្រុមហ៊ុន​ផលិត​ចំណី​សត្វ កែច្នៃ​សាច់សត្វ និង​អង្ករ ពាណិជ្ជករ ម្ចាស់​កសិដ្ឋាន ចិញ្ចឹមសត្វ និង​តំណាង​កសិករ​ចិញ្ចឹមសត្វ សហការគ្នា​ធ្វើឱ្យ​វិស័យ​សិ​កម្ម​កាន់​តែមាន​ការរីក​ចម្រើន​។​

​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​បសុសត្វ លោក​រដ្ឋមន្ត្រី​ក៏បានផ្តល់​អនុសាសន៍​៣​ចំណុច ៖
​ទី​១៖ ត្រូវ​រួមគ្នា​ជំរុញ​ការផលិត​ចំណី​សត្វ ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក ដើម្បី​បង្កើត​ការងារ​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន កាត់បន្ថយ​ថ្លៃដើម និង​ការ​នាំចូល​វត្ថុធាតុដើម​ទាំងនោះ​។ ទន្ទឹមនឹងនេះ ត្រូវ​លើក​កំពស់​សុខុមាលភាព​សត្វ ធានា​សុខភាព​សាធារណៈ តាមរយៈ​ការអនុវត្ត​ផលិតកម្ម​សត្វ​ល្អ​។​ត្រូវ​សហការ​ជាមួយ​អង្គភាព ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន និង​ស្ថាប័ន​ស្រាវជ្រាវ​ធ្វើការ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​នូវ​ចំណី​សត្វ ថ្នាំ​ព្យាបាល និង​ថ្នាំ​ការពារ ឬ​ផលិតផល​ផ្សេងៗ​ដើម្បី​ធានា​ប្រសិទ្ធភាព និង​កាត់បន្ថយ​ហា​នី​ភ័យ​ដល់​សុខភាព​សត្វ និង​មនុស្ស​ឲ្យ​បាន ជា​អប្បបរមា​។​
​ទី​២៖ ថ្នាំ​ការពារ និង​ព្យាបាល​សត្វ ចំណី​សត្វ ចំណី​បន្ថែម សារធាតុ​ផ្សេងៗ​ដែល​ប្រើ​ក្នុងការ​ផ្សំ​ចំណី​សត្វ ត្រូវធ្វើ​ការចុះ បញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​តម្រូវ​ឲ្យ​មាន​ស្លាក​សញ្ញា​ជា​ភាសា​ខ្មែរ របៀប​ប្រើ ការថែរក្សា​ទុកដាក់ និង​អាយុកាល​ដើម្បី​ធានា​គុណភាព សុវត្ថិ​ភាពស្រប​តាមច្បាប់​ដែល​បានកំណត់​។​ ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ សេចក្តីប្រកាស និង​សារា​ចរណ៍​ណែនាំ​ដែល​ចេញ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រយោជន៍​ដើម្បី​ធានា ឲ្យ​បាន​នូវ​ក្រមសីលធម៌ មនសិការ​វិជ្ជាជីវៈ និង​តម្លាភាព​ខ្ពស់​ដើម្បី​ផលប្រយោជន៍​រួម ធានាបាន​នូវ​សុវត្ថិភាព និង​សុខភាព​សាធារណៈ សុខភាព​សត្វ អ្នកប្រើប្រាស់ និង​អ្នក​ចិញ្ចឹមសត្វ ពិសេស​ប្រជាកសិករ​ផ្ទា​ស់​។​
​ទី​៣៖​ចូលរួម​សហការ​ឲ្យ​បានល្អ​ជាមួយ​អង្គភាព​ជំនាញ​នានា​ក្នុងការ​សម្របសម្រួល​ពាណិជ្ជកម្ម​កសិកម្ម​សត្វ និង​ផលិតផល​សត្វ​ឲ្យ​បានល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព ដូចជា​ការនាំ​ចូល​និង​នាំចេញ​កសិផល​ក្នុងស្រុក​ទៅកាន់​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​។​ត្រូវ​ជំរុញ​លើកទឹកចិត្ត ដល់​ការ​បង្កាត់​ពូជ​សត្វ ដើម្បី​បង្កើន​សក្តានុពល ផលិតកម្ម​សត្វ និង​ការប្រកួតប្រជែង កាត់បន្ថយ​ការនាំ​ចូល ព្រមទាំង​ពង្រឹង​ភាពជា​ដៃគូ​រវាង​ផ្នែក​សាធារណៈ​ឯកជន អ្នក​ចិញ្ចឹមសត្វ និង​បង្កើត​បរិយាកាស​វិនិយោគ លើ​ឧស្សាហកម្ម​ចិញ្ចឹមសត្វ ការកែច្នៃ​ម្ហូបអាហារ និង​ផលិតផល​សត្វ ឲ្យ​បានល្អ​ប្រសើរ​។​

​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង លោក​រដ្ឋមន្ត្រី បានផ្តល់​ការជឿទុកចិត្ត​យ៉ាង​មុតមាំ​ថា ក្រសួង​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ដ៏​ស្អិតល្មួត ជាមួយ​វិស័យ​ឯកជន​ក្នុង​ការធានា​ពង្រឹង​ភាពជា​ដៃគូ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​តាម​អភិក្រម​«​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍​និង​សហគមន៍​»​ដើម្បី​បង្កើន​នូវ​បរិយាកាស​អំណោយផល​ស​ម្រា​ប់​កា វិនិយោគទុន​លើ​វិស័យ​ផលិតកម្ម​សត្វ នៅក្នុង​កម្ពុជា​នាពេល​អនាគត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម