មន្ត្រី​ទេសចរណ៍ៈ សូម​អាជីវករ​បង្កើន​ការចូលរួម​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​

1004
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​សំណូមពរ​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​នានា​ថា  មុននឹង​ត្រូវ​រង​ការផាកពិន័យ ម្ចាស់ និង អ្នក​គ្រប់​អាជីវកម្ម សេវាកម្ម​ទាំងអស់ មេត្តា​ចូលរួម​បន្ថែមទៀត​នូវ​ការអនុវត្ត​នូវ​បរិស្ថាន​គ្មាន​ផ្សែង​បារី ដោយ​យក​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ជា​មូលដ្ឋាន ដូចជា បិទ​ស្លាក​សញ្ញា​ហាម​ជក់បារី ជាដើម ហើយ​ការធ្វើ​បែប​នោះ មិន​ត្រឹមតែ​បាន​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ឡើយ ប៉ុន្តែ​ថែមទាំង​បានរួម​ចំណែក​អភិវឌ្ឍ​ជាតិ និង លើកកម្ពស់​វិស័យ​ទេសចរ​ផងដែរ ព្រោះ​តាមរយៈ​ការស្ទង់មតិ យើង​បាន​រកឃើញថា ភ្ញៀវ​ចរ​ជាតិ និង អន្តរជាតិ មិន​ចង់​ស្រូប​ផ្សែង​បារី​ពី​គេ នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ពួកគាត់​ឡើយ  ។​

លោក ហោ សារុន ពេល​ផ្តល់​បទសម្ភាសន៍ ដល់​អ្នកសារព័ត៌មាន ( រូបៈ មេសា )

​លោក ហោ សារុន មានប្រសាសន៍​យ៉ាង​ដូច្នេះ នាឱកាស​អញ្ជើញ​ជា​អធិបតី នៃ ពិធី​ប្រកួត​និ​យា​ជា​សាធារណៈ វគ្គ​ផ្តាច់ព្រ័ត្រ ស្តីពី ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី រៀបចំ​ដោយ​អង្គការ​ចលនា ដើម្បី សុខភាព​កម្ពុជា ( CMH ) នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា​-​កូរ៉េ នា​ព្រឹក​ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។​

​ចំណែក​លោក​វេជ្ជបណ្ឌិត ម៉ុំ គង់ នាយក​អង្គការ​ចលនា ដើម្បី សុខភាព​កម្ពុជា ( CMH ) បាន​គាំទ្រ​នូវ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម ហោ សារុន ហើយ​លោក​វេជ្ជបណ្ឌិត ម៉ុំ គង់ បាន​បន្ថែមថា ម្ចាស់ ឬ អ្នកគ្រប់គ្រង​ហាង ឬ អាជីវកម្ម​សេវាកម្ម​ទាំងឡាយណា​ដែល​នៅតែ​ស្ទាក់ស្ទើរ មិន​ព្រម​អនុវត្ត វិធានការ​បរិស្ថាន​គ្មាន​ផ្សែង​បារី ពោលគឺ​នៅតែ​បណ្តែតបណ្តោយ​ឱ្យគេ​ជក់បារី​នៅ​កន្លែង​អាជីវកម្ម​របស់ខ្លួន​នោះ ពួកគេ​នឹង​បាត់បង់​អតិថិជន​ជា​បន្តបន្ទាប់​ជាក់​ជាមិនខាន ដ្បិត អ្នក​ដែល​មិន​ជក់បារី ច្រើនជាង​អ្នក​ដែល​ជក់បារី ពួកគេ​នឹង​បាត់បង់​អ្នក​ដែល​មិន​ជក់បារី​នោះឯង ។​

​គប្បី​រំឭកថា ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិត​ថ្នាំជក់ បាន​ចែងថា អ្នកគ្រប់គ្រង​ឬ​ម្ចាស់​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ ត្រូវ​បិទ​សញ្ញា​ហាម​ជក់បារី​នៅក្នុង​ទីតាំង​របស់ខ្លួន មិនត្រូវ​ដាក់​ចាន​គោះ​បារី​នៅក្នុង​ទីតាំង​របស់ខ្លួន ប្រសិនបើ​ឃើញ​មាន​អ្នក​ជក់បារី​នៅ​កន្លែង​ហាមឃាត់​នោះ ត្រូវ​បង្គាប់​អ្នក​ជក់​អោយទៅ​ជក់​នៅ​ខាងក្រៅ​ទីតាំង​របស់ខ្លួន ប្រសិនបើ​បុគ្គល​នៅតែ​ជក់​នៅ​កន្លែង​ហាមឃាត់​ទៀត​នោះ ម្ចាស់ ឬ អ្ន​គ្រប់គ្រង​កន្លែង​នោះ ត្រូវ​ផ្តល់ព័ត៌មាន​ទៅ​សមត្ថកិច្ច​ដើម្បី​មាន​ចំណាត់ការ ។ ម្ចាស់​កន្លែង​ដែល​មិនបាន​អនុវត្តតាម​ចំនុច​ណាមួយ​ក្នុងចំណោម​ចំណុច​ទាំងនេះ​នឹងត្រូវ​ពិន័យ ៥ ម៉ឺន​រៀល ។​

​គួរ​បញ្ជាក់ថា ប្រទេស​សិង្ហ​បុរី ពិន័យ ៧៥៨ ដុល្លារ​អាមេរិក ប្រទេស វៀតណាម ពិន័យ ១៣២-២.៤១៨ ដុល្លារ​អាមេរិក ចំពោះ​ម្ចាស់​កន្លែង​ដែល​មិនបាន​អនុវត្តតាម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​នេះ ។

​សូមជម្រាបថា បន្ទាប់ពី​បាន​ឆ្លងកាត់​ការប្រឡង​សំខាន់​ចំនួន ៣ លើក​មក ជ័យលាភី លេខ ១ នៃ ការប្រកួត​និយាយ​ជា​សាធារណៈ​អំពី​ការអនុវត្ត​វិធានការ​បរិស្ថាន​គ្មាន​ផ្សែង​បារី របស់​អង្គការ CMH នេះ គឺ​បាន​ទៅលើ​យុវជន ចាន់ គី​លៀង និស្សិត សកលវិទ្យា​ល​ភូមិន្ទ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ( RULE ) , លេខ​២ យុវជន គាត សៅ និស្សិត​សកល​វិទ្យាល័យ​កម្ពុជា ( UC ) និង លេខ​៣ យុវជន ឌឹ​ម ណៃ​យ៉េ និស្សិត​សកលវិទ្យា​ល​ភូមិន្ទ​កសិកម្ម ( RUA )​។​

​ផលិតផល​ថ្នាំជក់ ត្រូវបាន​ទទួលស្គាល់ថា​ជា​ឃាតករ​លេខ ១ ក្នុង​លោក ដោយ​ក្នុង​មួយឆ្នាំ វា​បានធ្វើឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា ៦ លាន​នាក់​នៅ​ទូទាំង​ពិភពលោក ចំណែក​នៅ​កម្ពុជា មាន​មនុស្ស​ស្លាប់​ដោយសារ​ផ្សែង​បារី​ប្រមាណ​ជា ១ ម៉ឺន​នាក់​ក្នុង ១ ឆ្នាំ ៕ Kh

​ជ័យលាភី​ កម្មវិធី​ប្រកួត​និយាយ​ជា​សាធារណៈ​អំពី​បរិស្ថាន​គ្មាន​ផ្សែង​បារី ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម