​ម្ចាស់​ការដ្ឋាន​មួយចំនួន​ផ្អាក​ការផលិត​ដោយ​រង់ចាំ​លក់​ដីស្រែ​អំបិល​ឱ្យទៅ​ឈ្មួញ​

1259
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ដោយសារ​ជួប​វិប្បត្តិ​ក្នុង​អាជីវកម្ម​អំបិល​រយៈពេល​ពីរ​ឆ្នាំកន្លងមក​ធ្វើឱ្យ​ម្ចាស់​ការដ្ឋាន​មួយចំនួន​ផ្អាក​សកម្មភាព​ផលិត​ដោយ​ហាក់ដូចជា​រង់ចាំ​លក់​ដី​ឱ្យទៅ​ឈ្មួញ​។​ជា​ទិដ្ឋភាព​ច្បាប់​ទោះបី​លក់ ឬ​ផ្ទេរ​ទៅ​ម្ចាស់​ផ្សេង​ក្តី ស្រែអំបិល​មិនអាច​ធ្វើ​ប្រែក្លាយជា​ប្រភេទ​ដី​អ្វី​ផ្សេង​បានឡើយ​។

​ក្នុង​កិច្ចប្រជុំ​ស្តីពី​វិស័យ​ផលិត​អំបិល​កាលពី​រសៀល​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៨​នៅ​សាលប្រជុំ​សាលាខេត្ត​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ម្ចាស់​ការដ្ឋាន​មួយចំនួន​បាន​ផ្អាក​សកម្មភាព​ផលិត​អំបិល​ដោយ​ហាក់ដូចជា​រង់ចាំតែ​លក់​ដី​ឱ្យទៅ​ឈ្មួញ​ប៉ុណ្ណោះ​។

​ព័ត៌មាន​ដែល​ផ្តល់​ដោយ​ប្រភព​នានា​បានឱ្យ​លោក​ដឹងថា​មាន​អ្នក​ចម្ងាយ​មក​ទិញ​ដីស្រែ​អំបិល​ពី​ក្រុម​អ្នក​ផលិត​មួយចំនួន​ដើម្បី​ទុក​លក់​បន្ត​ព្រោះ​តម្លៃថោក​ជាង​ដី​ធម្មតា​។​ប៉ុន្តែ​ក្រោយពី​ដឹងថា​ដីស្រែ​អំបិល​មិនអាច​កែប្រែ​ជា​ប្រភេទ​ដី​អ្វី​ផ្សេង​បាន​នោះ អ្នកទិញ​ខ្លះ​សុខចិត្ត​ចោលលុយ​កក់​ប​ណ្តើ​រៗ​ហើយ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​ពិតណាស់​ច្បាប់​មិនបាន​ហាមឃាត់​ចំពោះ​ការលក់​ស្រែអំបិល​ទេ តែ​អ្នកគ្រប់គ្រង​បន្ត​ចាំបាច់​ត្រូវ​រក្សា​ការផលិត​អំបិល​ស្របតាម​អ្វីដែល​បានចែង​រួច ហើយ​ម្ចាស់​ដី​ក៏​គួរតែ​ប្រាប់​បញ្ហា​នេះ​ដល់​អ្នក​មក​សួរនាំ​ក្នុង​ការទិញ​ដី​របស់ខ្លួន​ជាមុន​ដែរ​។ ជាមួយនឹង​ករណី​ទាំងនេះ លោក​អភិបាលក្រុង​ស្រុក​ត្រូវ​ណែនាំ​ដល់​ចៅសង្កាត់ មេឃុំ​បញ្ចៀស​នូវ​ការចុះហត្ថលេខា​លើ​ឯកសារ​លក់​ទិញ​ដីស្រែ​អំបិល​ឱ្យបាន​ដាច់ខាត​។ អ្នកទិញ​លក់​ជា​សិទ្ធិ​របស់​ពួកគាត់​។

​លោក​ជាវ​តា​យ​បាន​បញ្ជាក់ថា​អ្វីដែល​នៅ​ជា​ធរមាន​នោះ​គឺ​ដីស្រែ​អំបិល​មិនអាច​កែប្រែ​ជា​ប្រភេទ​ដី​ផ្សេង​បានឡើយ​។ ក្នុងនោះដែរ​លោក លោកស្រី​ជា​ចៅសង្កាត់ មេឃុំ​ត្រូវ​ចុះ​ជួប និង​ពន្យល់​ដល់​ម្ចាស់​ការដ្ឋាន​ឱ្យ​បន្តសកម្មភាព​ដោយ​មិនត្រូវ​ទន្ទឹងរង់ចាំ​ការលក់​ដី ហើយ​បោះបង់​ការផលិត​អំបិល​នោះទេ​។ ពាក់ព័ន្ធ​នឹង​ការងារ​ដឹកនាំ​របស់​ស​ហគ​មន៍​អ្នក​ផលិត​អំបិល​វិញ លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​ផ្ទៃក្នុង​កំពុងមាន​ភាព​រង្គោះរង្គើ​ដោយ​ក្រុម​ផលិត​ខ្លះ​មាន​ចេតនា​មិន​ចង់​បន្ត​អាជីវកម្ម​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សហគមន៍​តទៅទៀត​។

បញ្ហា​នេះ​គណៈ​គ្រប់គ្រង​ត្រូវ​គិតគូរ​ឱ្យ បាន​ហ្មត់ចត់​ថា តើ​ការដឹកនាំ​មាន​ចំណុច​ណាខ្លះ​មិនល្អ ដូចជា​ការបែងចែក​វេន​លក់​អំបិល​តាម​ការដ្ឋាន​ផលិត​ជាដើម​។ ធម្មតា ការបង្កើត​សហគមន៍​គឺមាន​លក្ខន្តិកៈ បទបញ្ជា​ផ្ទៃ​ក្នុ​ច្បាស់លាស់ ពិសេស​ការធ្វើ​សន្និបាត មហាសន្និបាត​ដើម្បី​បោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​សម្រាប់​អាណត្តិ​នីមួយៗ ហើយ​មាន​អគ្គនាយក​មួយរូប​ដែល​មិន​ពាក់ព័ន្ធ​ក្នុង​ការចូល​ហ៊ុន​ដើម្បី​គ្រប់គ្រង​៕S/​

​ម្ចាស់​ការដ្ឋាន​មួយចំនួន​ផ្អាក​ការផលិត​ដោយ​រង់ចាំ​លក់​ដីស្រែ​អំបិល​ឱ្យទៅ​ឈ្មួញ​

ទីតាំងផ្សាយពាណិជ្ជកម្ម