សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨

1036
ចែករម្លែក

​ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១ ខែវិច្ឆិកា រួមមាន​ដូចតទៅ ៖

*​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដឹកនាំ​ប្រជុំ​ត្រួតពិនិត្យ​លើ​ភាពមិនប្រក្រតី​របស់​មេ​ប៉េអឹម​ខេត្តកំពង់ស្ពឺ​-​កំពង់ឆ្នាំង​-​ព្រះវិហារ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ទៅលើ​ភាពមិនប្រក្រតី​ដែល​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង និង​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​កងរាជអាវុធហត្ថ នៅ​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និង​ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​ទី​ញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៕

*​បក្ខពួក​ក្រុម​ប៉ុនប៉ង​បំផ្ទុះ​ភេរវកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​
​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ សមត្ថកិច្ច​ចម្រុះ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​បក្ខ​ពួកក្រុម​ប៉ុនប៉ង​បំផ្ទុះ​ភេរវកម្ម ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា តាម​ដីកា​របស់​តុលាការ នៅ​ចំណុច​ផ្ទះ​លេខ​១៨៤A ផ្លូវ​លេខ​៦៩R ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ជនសង្ស័យ​ឈ្មោះ ប៉េង រ៉ា អាយុ​៤៨​ឆ្នាំ ជា​អ្នកធ្វើការ​និង​ចាំ​ដី​ឱ្យគេ​នៅ​ម្តុំ​ពេជ្រនិល គឺជា​បក្ខពួក​ក្រុម​ចង់​បំផ្ទុះ​ភេរវកម្ម ក្នុងចំណោម​បក្ខពួក​សរុប​ចំនួន​៨​នាក់​៕

*​ក្រសួង​កំណត់​តម្លៃ​លក់​ប្រេងសាំង​និង​ប្រេងម៉ាស៊ូត​មិន​ឲ្យ​លើ​៤.០០០​រៀល​ក្នុង​មួយ​លីត្រ
​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១ ខែវិច្ឆិកា​នេះ បានចេញ​សេចក្តីជូនដំណឹង​កំណត់​តម្លៃ​ប្រេងឥន្ធនៈ ដែល​ត្រូវ​លក់រាយ​តាម​ស្ថានីយ​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​តម្លៃ​សាំង​ធម្មតា និង​ម៉ា​ស៊ូ​ត ត្រូវ​លក់​ក្នុងតម្លៃ​មិន​ឲ្យ​លើសពី​៤.០០០​រៀល ក្នុង​១​លីត្រ​ឡើយ​៕

*​ជ្រូក​ថៃ​បែរ​ក្បាល​ហូរ​ចូលមក​កម្ពុជា ជំនួស​ការចូល​ពី​វៀតណាម​វិញ​ម្តង​
​តាម​ការ​ឲ្យ​ដឹង​ពី​សមាគម​ចិញ្ចឹម​ជ្រូក​កម្ពុជា​បាន​ប្រាប់ថា តាមរយ​:​ក្រុមហ៊ុន​ស្របច្បាប់​ដែលមាន​អាជ្ញា​ប​ណ្ណ័​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ មួយចំនួន​បាន​ងាក​មក​ដឹក​ជ្រូក​នាំចូល​ពី​ថៃ​មកវិញ ជំនួស​ដឹក​ជ្រូក​នាំចូល​ពី​វៀតណាម​។​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​ចិញ្ចឹម​ជ្រូក​កម្ពុជា​បាន​បញ្ជាក់ថា បានជា​ឈ្មួញ​ស្របច្បាប់​ទំងន់​ងាក​ទៅ​ទិញ​ជ្រូក​ថៃ​ចូលមក​វិញ ដោយសារ​ជ្រូក​ថៃ​ថោក​ជាង​ជ្រូក​វៀតណាម​។​ក្នុង​ជ្រូក​រស់​ថៃ​១​គីឡូក្រាម​ថ្លៃ​ជាង​៧.០០០​រៀល អាច​លក់​នៅ​ស្រុក​ខ្មែរ​បាន​ជាង​៨.០០០​រៀល​។ បើ​យក​ជ្រូក​វៀតណាម​មក​លក់​មិន​ចំណេញ​ទេពី​ព្រោះ​ជ្រូក​រស់នៅ​វៀតណាម​ថ្លៃ​៩.០០០​រៀល​ក្នុង​១​គីឡូក្រាម​។ ដូច្នេះ​ឈ្មួញ​បែរ​ក្បាល​ងាក​មក​ទិញ​ជ្រូក​នាំចូល​ពី​ថៃ​វិញ​ម្តង​៕

*​ប្រកាស​ស្នាដៃ​បេក្ខជន​ដែលជា​ប់​ជ័យលាភី​នៃ​ការប្រកួត​រចនា​, ក្លោង​របារ​កាត់​ទទឹង​ផ្លូវ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​
​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​ស្នាដៃ​បេក្ខជន​ដែល​ជាប់​ជ័យលាភី​នៃ​ការប្រកួត​រចនា ក្លោង​របារ​កាត់​ទទឹង​ផ្លូវ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងដាក់​នៅលើ​មហា​វិធី​សំខាន់ៗ​ចំនួន​៥ ដើម្បី​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ ក្នុងឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​នេះ​និង​ក៏​ដើម្បី​បានបង្ហាញ​ពី​ស្នាដៃ​បេក្ខជន​ដែលជា​ប់​ជ័យលាភី​នេះ​ផងដែរ​។​១. ជ័យលាភី​លេខ​១ ជា​ស្នាដៃ​របស់​បេក្ខជន ប៊ិន សុ​បញ្ញា ទទួលបាន​ការគាំទ្រ​ចំនួន ៦.៦០០ Like នឹងត្រូវ​ដាក់​ដំឡើង​នៅ​ទីតាំង​មហាវិថី​នរោត្តម​ចំណុច​វិមានឯករាជ្យ​។ ២. ជ័យលាភី​លេខ​២ ជា​ស្នាដៃ​របស់​បេក្ខជន ឆៀង នឿន ទទួលបាន​ការគាំទ្រ​ចំនួន ២.៦០០ Like នឹងត្រូវ​ដាក់​ដំឡើង​នៅ​ទីតាំង​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ​ចំណុច​រូបសំណាក់​តេ​ជោ​មាស​តេ​ជោ​យ៉​ត​។​៣. ជ័យលាភី​លេខ​៣ ជា​ស្នាដៃ​របស់​បេក្ខជន ខន រត​ថៃ ទទួលបាន​ការគាំទ្រ​ចំនួន ១.៨០០ Like នឹងត្រូវ​ដាក់​ដំឡើង​នៅ​ទីតាំង​មហាវិថី​ព្រះសីហនុ​ចំណុច​ខាងលិច​រង្វង់​មូល​សម្តេច​ជួន​ណាត​។ ៤. ជ័យលាភី​លេខ​៤ ជា​ស្នាដៃ​របស់​បេក្ខជន ហេង ភីរុន ទទួលបាន​ការគាំទ្រ​ចំនួន ១.២០០ Like នឹងត្រូវ​ដាក់​ដំឡើង​នៅ​ទីតាំង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ចំណុច​មុខ​នាឡិកា​៕

*​ម​ន្ត្រី : ស្នើសុំ​ដាក់​ខេត្ត​បី​ទៅ​អង្គការ​យូណេស្កូ​ជាទី​ក្រុង​បេតិកភណ្ឌ​ពិភពលោក​
​នៅក្នុង​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី​១​និង​២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ស្តីពី​ការកសាង​គោលនយោបាយ​ទេសចរណ៍​និរន្តរភាព​និង​ទីក្រុង​បេតិកភណ្ឌ​នៅ​សណ្ឋាគារ​ប្រេ​ស៊ី​ដង់​ក្រុង​បាត់ដំបង​។​លោក​កើត​ពុ​ទ្ឌ​វ​រី​នាយក​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ក្រសួង​បាន​បង្កើត​គណៈកម្មការ​មួយ​មាន​ក្រសួង ទេសចរណ៍​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួនទៀត​។​ខេត្ត​បី​មាន​ខេត្តបាត់ដំបង​ខេត្តកំពត​និង​ខេត្តក្រចេះ​ទៅជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​ដោយសារតែ​ខេត្ត​ទាំងបី​នេះ​នៅ​សេសសល់​សំណង់​បុរាណ​ជាច្រើន​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម