ពិព័រណ៍​គ្រឿងបន្លាស់ គ្រឿង​បរិក្ខារ​យានយន្ត​និង​ឧបករណ៍​ជួសជុល​យានយន្ដ បើក​ដំណើរការ​ជា​ផ្លូវការ​

1235
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​: ពិព័រណ៍​គ្រឿងបន្លាស់ គ្រឿង​បរិក្ខារ​យានយន្ត​និង​ឧបករណ៍​ជួសជុល​យានយន្ដ​ខ្នាត​អន្តរជាតិ (​ខេ​ម​អូ​តូ)​ បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១ ខែ វិច្ឆិកា​ឆ្នាំ​២០១៨ នៅ កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ពិព័រណ៍​គ្រឿងបន្លាស់​រថយន្ត​ដែលមាន រយៈពេល​៣​ថ្ងៃ ផ្តើម​ពីថ្ងៃ​ទី​១​ដល់​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ប្រមូលផ្ដុំ​ទៅដោយ​ផលិតផល​ថ្មី​គ្រឿង​បរិក្ខារ​យានយន្ត ឧបករណ៍​ជួសជុល​និង​ថែទាំ​រថយន្ត​យន្ត​នាំចូល​ពី​ប្រទេស​តំបន់​អាស៊ី​និង​ម៉ាក​ផលិតផល​ល្បី​ល្បី​លើ​ទីផ្សារ​ជាច្រើន​ដូចជា Newera Equipment ,Saxo Performance Parts,Solex International,Tech International​និង​United Grease & Lubricant។​

​លោក រី​ឆាត យែ​វ អនុប្រធាន​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន ​AMB Tarsus Events Group​ដែលជា​អ្នករៀបចំ​ពិព័រណ៍ CAMAUTO 2018 បាន​មានប្រសាសន៍ថា​៖​លោក​ជឿថា ពិព័រណ៍​នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកជំនួញ​វិស័យ​ឧស្សាហកម្ម​យានយន្ត​ក្នុងស្រុក​ដើម្បី​បង្កើន​អាជីវកម្ម​របស់​ពួកគេ​។​ពិព័រណ៍​នេះ​ក៏​នឹង ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ឧស្សាហកម្ម​យានយន្ត​របស់​ប្រទេស​ផងដែរ​។​

​លោក​បាន​បន្ថែមថា​៖​អ្នកជំនាញ ពាណិជ្ជករ​និង​អ្នក​ចែកចាយ​ក្នុង​វិស័យ​ឧស្សាហកម្ម​យានយន្ត​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ ចូលរួម​ទស្សនា ពិព័រណ៍​ខេ​ម​អូ​តូ​នេះ​ឱ្យបាន​ច្រើន ដើម្បី​ទទួលបាន​ចំណេះដឹង​ជាច្រើន​ក្នុង​វិស័យ​របស់ខ្លួន​។​

​លោក ជា សឿន អនុប្រធាន​អចិន្ត្រៃយ៍​សមាគម​ខ្មែរ​ចិន​នៅ​កម្ពុជា ដែល​អញ្ជើញ​ជា​អធិបតី​ពិព័រណ៍​គ្រឿងយន្ត​នេះ បាន​មានប្រសាសន៍ថាៈ ចំនួន​យានយន្ត​នៅ​កម្ពុជា​កើនឡើង កាន់តែ​ខ្ពស់ ដូច្នេះ​តម្រូវការ​គ្រឿងបន្លាស់​ក៏ត្រូវ​ការ​ច្រើន​ផងដែរ​។​ពិព័រណ៍​នេះ ប្រមូលផ្តុំ​ដោយ​ក្រុមហ៊ុន​ធំៗ​ដែល​ផលិត និង​នាំចូល​គ្រឿងបន្លាស់ បរិក្ខារ​រថយន្ត​ថ្មីៗ ដូច្នេះ​នេះ​ជា​ឱកាស​មួយ​ក្នុងការ​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ស្វែងយល់​ពី​ផលិតផល​គ្រឿងបន្លាស់​ថ្មីៗ​ទំនើប គុណភាព​ខ្ពស់​។​

​លោក​បាន​លើកឡើងថា ពីមុន​កម្ពុជា​ប្រើ​គ្រឿងបន្លាស់​រថយន្ត​ជជុះ តែ​ពេលនេះ​ជា​កាស​ដែល​ប្រជាពលរដ្ឋ​ងាក​មក​ប្រើ​គ្រឿងបន្លាស់​ថ្មីៗ​គុណភាព​ខ្ពស់ ដែល​នាំមក​នូវ​សុវត្ថិភាព​សម្រាប់​រថយន្ត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម