​អំពាវនាវ​ដល់​សិស្សានុសិស្ស​ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​ថ្មី​

1011
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ថ្លែង​ទៅកាន់​លោកគ្រូ​អ្នកគ្រូ​ក៏ដូចជា​សិស្សានុសិស្ស​ក្នុងឱកាស​ថ្ងៃ​បើក​បវេសនកាល​ថ្មី ឆ្នាំ​សិក្សា​២០១៨-២០១៩ និង​ពិធី​សម្ពោធ​សាលាបឋមសិក្សា​ពងទឹក​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែតុលា​ឆ្នាំ​២០១៨​កន្លងទៅ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​គ្រប់​ប្រភេទ​កុំ​ព្យាយាម​សាកល្បង​ដែល​នាំ​ឲ្យ​ខូចអនាគត​ខ្លួនឯង និង​បាត់បង​កិត្តិយស​គ្រួសារ​។​

លោក​បាន​ថ្លែងថា​សព្វថ្ងៃនេះ​បញ្ហា​គ្រឿងញៀន​គឺជា​បញ្ហា​មួយ​ដែល​កំពុងតែ​កើតមានឡើង​ស្ទើរ​គ្រប់​ទីកន្លែង និង​បាន​វាយលុក​ចូល​តាម​ជួរ​មហាជន ពិសេស​ស្រទាប់​យុវជន នៅតាម​សាលារៀន​វិទ្យាល័យ​នេះ ហើយ​ក៏មាន​សិស្ស​មួយចំនួន​តូច កំពុង​ដើរតួរ​ចែកចាយ​ថ្នាំញៀន​នេះ ហើយ​ត្រូវបាន​សមត្ថកិច្ច កំពុងតែ​តាមឃ្លាំមើល​ផងដែរ​។​

លោក​អភិបាលខេត្ត​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ប្អូនៗ​សិស្សានុសិស្ស ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​គ្រប់​ប្រភេទ ដោយ​កុំ​ព្យាយាម​សាកល្បង ដែល​នាំ​ឲ្យ​ខាតបង់​ពេលវេលា​ក្នុងការ​សិក្សា ខូចអនាគត និង​ខូច​កិត្តិយស ដល់​ក្រុមគ្រួសារ​របស់​យើង​ផងដែរ​»​។​

ទាក់ទង​នឹង​ថ្ងៃ​បើក​បវេសនកាល​ថ្មី ឆ្នាំ​២០១៨-២០១៩​នេះ លោក អ៊ុន ចាន់​ដា បាន​ថ្លែង​ទៀតថា ពិធី​បើក​បវេសនកាល​ថ្មី​នេះ គឺជា​ខួប​លើក​ទី​៣៨ នៃ​ការ​រស់​ឡើងវិញ​នៃ​វិស័យ​អប់រំ បន្ទាប់ពី​បាន​រង​ការបំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម ជាពិសេស​ការបំផ្លាញ​ដល់​ឫសគល់ របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​គ្រប់គ្រង​ប្រទេស រយៈពេល​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​។​

លទ្ធផល​នៃ​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​នៃ​របប​ប្រជាធិបតេយ្យ បាន​បន្សល់ទុក​នូវ​ស្នាមរបួស​ផ្លូវចិត្ត និង​មានវី​ការ​ភាព​សតិសម្បជញ្ញៈ បាន​ធ្លាក់​មកលើ​ប្រជាពលរដ្ឋ ស្ទើរតែ​កែកុន​មិនបាន​។ ដោយ​គុណបំណាច់​ដ៏​ធំធេង របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បានធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព​ពេញលេញ មាន​ស្ថិរភាព​នយោបាយ មានការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​អប់រំ ឈានឡើង​គួរ​ឲ្យ​កត់សម្គាល់​ទាំង​បរិមាណ និង​គុណភាព​។​

ជាមួយគ្នា​នោះ លោក អ៊ុន ចាន់​ដា បាន​ណែនាំ​ដល់​លោកគ្រូ អ្នកគ្រូ ត្រូវ​ពង្រឹង​ការដឹកនាំ​គ្រប់គ្រង នៃ​រចនាសម្ព័ន្ធ​អប់រំ គ្រប់លំដាប់​ថ្នាក់ ជាពិសេស​ការគ្រប់គ្រង​នៅតាម​សាលារៀន ព្រោះ​សាលារៀន ជា​សមរភូមិ​ជួរមុខ ដែល​ត្រូវ​ប្រយុទ្ធ​ផ្ទាល់ និង​កិច្ច​ការអប់រំ​។​

​លោក ចេង លឹម​ហ៊ាន់ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៨-២០១៩​នេះ ខេត្តព្រះវិហារ មាន​គ្រឹះស្ថានសិក្សា​រួមមាន​៖ មត្តេយ្យសាលា​មាន​ចំនួន​៦​កន្លែង​, សាលាបឋមសិក្សា​មាន​ចំនួន​២២៧​កន្លែង​, អនុវិទ្យាល័យ​មាន​៤៨​កន្លែង​, និង​វិទ្យាល័យ​មាន​១៦​កន្លែង​។ ចំណែក​បុគ្គលិក​សិក្សា មាន​ចំនួន​២៤៧៥​នាក់ ក្នុងនោះ​ស្រី​១២៨​នាក់​៕S/​

អំពាវនាវ​ដល់​សិស្សានុសិស្ស​ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​ថ្មី​