«​យុទ្ធនាការ​ភ្នំពេញ​ស្អាត ឆ្នាំ​២០១៨» ចាប់ផ្តើម​បើក​ដំណើរការ​

1183
ចែករម្លែក

​ដោយៈ សុផល​
​ភ្នំពេញៈ «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» ដែលជា​ផ្នែក​មួយ​នៃ «​គម្រោង​ស្អាត​» បានចាប់ផ្តើម​បើក​ដំណើរការ​ជា​លើក​ទី​ពីរ សម្រាប់​ឆ្នាំ​២០១៨ កាលពី​ទី​ថ្ងៃទី​០១ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ជាមួយនឹង​ផែនការ​សកម្មភាព​ផ្សព្វផ្សាយ​និង​អប់រំ​ថ្មីៗ ដែល​គួរឱ្យ​ចាប់អារម្មណ៍​ទាក់ទង​នឹង​ការគ្រប់គ្រង​សំរាម​។​

​ក្នុង​ពិធី​ប្រកាស​បើក​ជា​ផ្លូវការ «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​សម្រាប់ ឆ្នាំ​២០១៨» នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​គណៈអធិបតី ដែលមាន​ដូចជា លោក ហ៊ុន ម៉ា​នី សមាជិក​នៃ​រដ្ឋសភា និង​ជា​សហ​ស្ថា​និក «​គម្រោង​ស្អាត​», លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ព្រមទាំង​លោក ហួត ហៃ អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។ ក្នុងនោះ ក៏មាន​ការចូលរួម​ពី ភ្ញៀវកិត្តិយស​ដែលជា​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ក្រុមហ៊ុន​ឯកជន សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ស្ថានទូត និង​ជា​ម្ចាស់​ឧបត្ថម្ភ​នៃ​គម្រោង​ភ្នំពេញ​ស្អាត ព្រមទាំង​សមាជិក សមាជិកា នៃ​ក្រុមការងារ​ប្រតិបត្តិ​គម្រោង​ស្អាត យុវជន​សុ​ឆន្ទៈ​ស្អាត សិល្បករ សិល្បការី ដែល​ទាំងអស់​មាន​ចំនួន​សរុប ១៥០ នាក់​។

​សូម​ជម្រាប​ផងដែរ​ថា «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» នេះ​ធ្វើឡើង​រៀងរាល់ឆ្នាំ ក្នុងអំឡុង​ខែវិច្ឆិកា ដែល​ត្រូវ​យុទ្ធនាការ​នេះ បាន​ប្រសិទ្ធ​នាម​ថា​ជា «​ខែ​ស្អាត​»​ហើយ​ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​២​នៃ យុទ្ធនា​-​ការ​ភ្នំពេញ​ស្អាត ដែល​នឹង​ប្រព្រឹត្តឡើង​ពេញ​មួយខែ​វិ​ចិ្ឆ​កា ត្រូវបាន​អនុវត្ត​ដោយ​ស្ម័គ្រចិត្ត ដោយមាន ការចូលរួម​ពី «​យុវជន​សុ​ឆន្ទៈ​ស្អាត​» ចំនួន ២០០ នាក់​។ ជាក់ស្ដែង យុវជន​សុ​ឆន្ទៈ​ស្អាត ដែលជា​អ្នក​ពាំនាំ​សារ​របស់​យុទ្ធនាការ នឹង​បំពេញការងារ​ស្ម័គ្រចិត្ត ដោយយោង​ទៅតាម​ផែនការ​សកម្មភាព ៩ ធំៗ មានដូចជា​៖ សិក្ខាសាលា​ស្ដីពី​ការបញ្ជ្រាប​ការអប់រំ​ទៅតាម​បណ្តា​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន (​គ្រោង ៣៤ គ្រឹះស្ថាន​អប់រំ​), វេទិកា​វោហា​សព្វ​ជា​សាធារណៈ​, ការ​បំផុស​យុទ្ធនាការ​តាមរយៈ​Social media Challenge «​ផ្ទះ​ខ្ញុំ​ស្អាត ភ្នំពេញ​ស្អាត​», ការបង្កើត​កម្មវិធី​ប្រកួតប្រជែង​វីដេអូ​អប់រំ​ខ្លី​,​បន្ត​ការចុះ​ផ្សព្វផ្សាយ​តាមរយៈ​ការបិទ​ស្ទី​គ័​រ «​ស្អាត​»​និង​ជំរុញ​ការទទួលយក​ទស្សនាទាន​«​ស្អាត​» អោយបាន​ទូលំទូលាយ​, បន្ត​ការផ្សព្វផ្សាយ​បទ​ចំរៀង​ភ្នំពេញ​ស្អាត​និង​ខ្លី​ប​វីដេអូ​តុក្កតា​ខ្លី​អប់រំ​ពី​ការថែរក្សា​អនាម័យ​ទីក្រុង​តាមរយៈ​ស្ថានីយទូរទស្សន៍ និង​ប្រព័ន្ធ​សារពត៌មាន ។​ល​។ និង ។​ល​។

​ទស្សនាទាន​ចម្បង​នៃ​គម្រោង​ស្អាត ដែល​បង្កើតឱ្យមាន «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» គឺ​សំរាម​មិនមែនជា​របស់​នរណាម្នាក់ ពោលគឺ​វា​កើតចេញពី​យើងទាំងអស់គ្នា ដែល​ទាមទារ​អោយមាន​ការចូលរួមចំណែក​ទទួលខុសត្រូវ​រួមគ្នា​ក្នុងទិសដៅ​រួមគ្នា​គឺ «​ស្អាត​» បានន័យថា «​គ្មាន​សំរាម​ពាសវាល​ពាសកាល​»​។ បុព្វ​ហេតុនេះ បាន​នាំអោយ​គោលបំណង​ជា​សារវន្ត​របស់ «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» គឺ​ផ្ដោតទៅលើ​ការផ្លាស់ប្ដូរ​ឥរិយាបទ​តាមរយៈ​ការអប់រំ និង​ផ្សព្វផ្សាយ​ក្នុងការ​គ្រប់គ្រង​កាកសំណល់​ក្នុងប្រទេស​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ក្រោម​ពាក្យស្លោក​៖“​សំរាម​មិន​ធ្លាក់​ដល់​ដី​ភ្នំពេញ​កាន់តែ​ប្រពៃ​»​។​«​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» នឹង​ក្លាយជា​ដំណោះស្រាយ ចំពោះ​បញ្ហា​សំរាម​នៅ​កម្ពុជា ជាពិសេស​ការអប់រំ​ប្រជាជន យុវជន និង​កុមារ ក្នុង​គោលបំណង​ចែករំលែក​នូវ​ចំណេះដឹង បទពិសោធន៍ យុទ្ធសាស្ត្រ ក្នុងការ​ការពារ​បរិ​ស្ថាន សោភ័ណភាព និង​សុខុមាលភាព ប្រកបដោយ​និរន្តរភាព​។

​គួរបញ្ជាក់​ផងដែរ​ថា គម្រោង «​ភ្នំពេញ​ស្អាត​» គឺជា​យុទ្ធនាការ​មួយ​ដែល​កំពុងតែ​ត្រូវការ ការចូល​រួមសហការ រវាង​ក្រសួង​ពាក់ព័ន្ធ ស្ថាប័នរដ្ឋ​និង​ឯកជន ព្រមទាំង​តាម​បណ្ដា​សាកលវិទ្យាល័យ និង​សាលារៀន​នានា​។ នៅក្នុង​នោះ​ផងដែរ​ក៏មាន​ការចូលរួម​គាំទ្រ​ពី ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួងបរិស្ថាន​, ក្រសួងទេសចរណ៍​, គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​, ក៏ដូចជា រដ្ឋបាល​រាជធានី​ភ្នំពេញ​។

​ដូចនេះ​យុទ្ធនាការ​ភ្នំពេញ​ស្អាត ចាប់ផ្តើម​បើក​ដំណើរការ​ជា​លើក​ទី​ពីរ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​ក្នុង​ឆ្នាំ​បន្តបន្ទាប់ ជាមួយនឹង​ប្រធានបទ​ថ្មីៗ​ទាក់ទង​នឹង​ការគ្រប់គ្រង​សំរាម រហូត​ទាល់តែ​ប្រជាពលរដ្ឋ​គ្រប់រូប​កែ​ទម្លាប់ និង​ប្តូរ​ឥរិយាបថ​ក្នុងការ​ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ ពោលគឺ​លែងមាន​សំរាម​ធ្លាក់​ដល់​ដី​នៅ​ទីក្រុង​ភ្នំពេញ ឲ្យ​ដូច​ពាក្យស្លោក​របស់​យុទ្ធនាការ​ភ្នំពេញ​ស្អាត «​សំរាម​មិន​ធ្លាក់​ដល់​ដី ភ្នំពេញ​កាន់តែ​ប្រពៃ​» ។​

​គួរ​រំលឹក​ផងដែរ​ថា «​គម្រោង​ស្អាត​» ត្រូវបាន​បង្កើត​នៅក្នុង​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៧ ដោយ​សហ​ស្ថាបនិក​ចំនួន​៦​រូប ដែល​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា រួមមាន​១៖ លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទី​២៖ លោក ជី សីលា អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay ទី​៣៖ លោកស្រី ជា សុ​ផល្លា អគ្គនាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Emerald Plus​ទី​៤៖​លោកស្រី ហេង ធីតា នាយិកា​ផ្នែក​សេវាកម្ម​ហិ​រញ្ញា​វត្ថុ​បុគ្គល​នៃ​ធនាគារ CIMB CambodiaPLC​ទី​៥៖​លោក ហៃ ភិរម្យ អគ្គនាយក​ក្រុមហ៊ុន Bosch នៅក្នុង​ប្រទេស​កម្ពុជា និង​ទី​៦៖ លោកស្រី​ទេព កូ​លាប សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU)​។ គម្រោង​ភ្នំពេញ​ស្អាត មានការ​ចូលរួម និង​គាំទ្រ​ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួងបរិស្ថាន​,​ក្រសួងទេសចរណ៍​, គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​, សាលា​រាជធានី​ភ្នំពេញ សភាពាណិជ្ជកម្ម​កម្ពុជា​, សមាគម​សហគ្រិន​ស្ដ្រី​កម្ពុជា​, សមាគម​ភោជនីយដ្ឋាន​កម្ពុជា​, សភាពាណិជ្ជកម្ម​អ៊ឺរ៉ុប​, សមាគម​សហគ្រិន​វ័យក្មេង និង​សមាគមនិស្សិត​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច និង​ពាណិជ្ជ​សាស្ដ្រ​អន្ដរជាតិ​នៅ​កម្ពុជា (AIESEC) និង​ស្ថាប័ន​ផ្សេងៗ​ទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម