ត្រាំ​និង​អឺ​ដូ​ហ្គែ​ន​និយាយ​គ្នា​អំពី​ជម្លោះ​នៅ​ស៊ី​រី​តាម​ទូរស័ព្ទ​

807
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​សម​ភាគី​របស់គាត់ គឺ​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន បាន​ពិភាក្សា​អំពី​ជម្លោះ​នៅ​ស៊ី​រី​ក្នុងអំឡុង​ការសន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១​វិច្ឆិកា​។​

​ដំណឹង​នេះ​កើតឡើង​ភ្លាមៗ​បន្ទាប់ពី​មានការ​ប្រកាសថា​កងទ័ព​តួ​ក​គី​និង​អាមេរិក​បានចាប់ផ្តើម​ធ្វើ​ការ​ល្បាត​រួមគ្នា​នៅក្នុង​ទីក្រុង​ម៉ាន់​ប៊ី​ច (Manbij) ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​

​សេចក្តីថ្លែងការណ៍​មួយ​ពី​ការិយាល័យ​ប្រធានាធិបតី​តួ​ក​គី​បានឱ្យដឹងថា ពួក​មេដឹកនាំ​ទាំង​២​បាន​ពិភាក្សាគ្នា​អំពី​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ទីក្រុង​ម៉ាន់​ប៊ី​ច ដែល​ត្រូវបាន​កាន់កាប់​ដោយ​កងជីវពល​ឃឺ​ដ​គាំទ្រ​ដោយ​អាមេរិក ដែល​តួ​ក​គី​ហៅថា ក្រុម​ភេរ​វករ​នោះ​។​

​មេដឹកនាំ​ទាំង​២​ក៏បាន​និយាយ​ផងដែរ​អំពី​ខេត្ត​អ៊ី​ដ​លី​ប ដែលជា​តំបន់​ដ៏​សំខាន់​ចុងក្រោយ​មួយ​នៅក្នុង​ប្រទេស​ស៊ី​រី​ដែល​ស្ថិត​នៅក្រៅ​ការគ្រប់គ្រង​របស់រប​បលោក​ប្រធានាធិបតី​បា​សា អាល់​អាសាដ កន្លែង​ដែល​តំបន់​គ្មាន​យោធា​មួយ​ត្រូវ​បានគ្រោង​បង្កើតឡើង​។​

​យោងតាម​សេចក្តីថ្លែងការណ៍​បានឱ្យដឹងថា ប្រធានាធិបតី​ទាំង​២​បាន​ព្រមព្រៀងគ្នា​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ និង​រក្សា “​ការប្តេជ្ញាចិត្ត​” របស់ខ្លួន​ដើម្បី “​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​”​។​

​សេត​វិមាន​បាន​និយាយថា មេដឹកនាំ​២​នាក់ “​បាន​ពិភាក្សា​ពី​បំណងប្រាថ្នា​ដើម្បី​ធ្វើការ​រួមគ្នា​ជាពិសេស​លើ​ការសម្របសម្រួល​របស់​ពួកគេ​នៅក្នុង​ប្រទេស​ស៊ី​រី​”​។​

​អ្នកនាំពាក្យ​របស់លោក​ត្រាំ លោកស្រី សា​រ៉ា សាន់​ឌ័​រ បាន​និយាយថា លោក​អឺ​ដូ​ហ្គែ​ន “​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់​បង់ជីវិត​នៅឯ​វិហារ​ជ្វី​ហ្វ​ក្នុង​ទីក្រុង​ភី​ត​ស្បឹ​ក​” ដោយ​សំដៅ​ទៅលើ​ការបាញ់ប្រហារ​កាលពី​ថ្ងៃ​សៅរ៍​ដែល​សម្លាប់​មនុស្ស ១១ នាក់​នៅក្នុង​វិហារ​ជ្វី​ហ្វ​មួយកន្លែង​។​

​តួ​ក​គី​និង​សហរដ្ឋអាមេរិក​មា​នស​ម្ព័​ន្ធ​ភាព​យូរអង្វែង​ក្នុងនាម​ជា​សមាជិក​អង្គការ​ណា​តូ ប៉ុន្តែ​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទៅលើ​កងជីវពល​ការពា​រ​ប្រជាជន​ឃឺ​ដ (YPG) នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​បានធ្វើឱ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​ដែល​តានតឹង​រួចជាស្រេច​នេះ​។​

​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ចាត់ទុក​ក្រុម YPG ជា “​ក្រុម​ភេរ​វករ​” នៃ​គណបក្ស​ពលករ​ឃឺ​ដ (PKK) ដែល​បានធ្វើ​ការបះបោរ​ដ៏​បង្ហូរឈាម​នៅ​ប្រទេស​តួ​ក​គី​តាំងពី​ឆ្នាំ ១៩៨៤ ក្នុង​គោលបំណង​បង្កើត​រដ្ឋ​ឃឺ​ដ​ឯករាជ្យ​មួយ​។​

​ដើម្បី​សម្រាល​ដល់​ទំនាក់ទំនង ប្រទេស​ទាំង​២​បាន​យល់ព្រម​លើ​ផែនទី​បង្ហាញផ្លូវ​មួយ​កាលពី​ខែមិថុនា ដែល​រួមមាន​ការដកខ្លួន​រប​ស់ YPG ចេញពី​ទីក្រុង​ម៉ាន់​ប៊ី​ច និង​បង្កើត​ការ​ល្បាត​រួមគ្នា​នៅក្នុង​ទីក្រុង​នេះ​។​

​ទោះយ៉ាងណា តួ​ក​គី​បាន​គំរាម​វាយលុក​ម្តង​ហើយ​ម្តងទៀត​នៅ​ភាគ​ខាងជើង​ស៊ី​រី​និង​បាន​បាញ់​ផ្លោង​ដាក់​ទីតាំង​ឈរជើង​របស់ YPG នៅ​ទីនោះ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​កន្លងមកនេះ​។​

​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ប្រឆាំងនឹង​ក្រុម​អាយ​ស៊ី​សបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​កំពុងធ្វើការ​ដើម្បី “​កាត់បន្ថយ​” ការប្រយុទ្ធ​រវាង​តួ​ក​គី​និង​កងជីវពល​ឃឺ​ដ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​លោក​អឺ​ដូ​ហ្គែ​ន​ពិភាក្សាគ្នា​អំពី​ជម្លោះ​ស៊ី​រី​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ