សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​អញ្ជើញ​សួរសុខទុក្ខ​និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​ជាង​១.៦០០​គ្រួសារ​នៅ​ខេត្ដ​កំពង់ឆ្នាំង​

1263
ចែករម្លែក
  • 6
    Shares

​ដោយៈ សុផល​/​កំពង់ឆ្នាំងៈ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ ចាស់ជរា​គ្មាន​ទីពឹង ស្ដ្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នក​កើត ឬ​អ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន ១.៦៣៦​គ្រួសារ​ដែល​មកពី​ភូមិ​ចំនួន​៧១ ឃុំ​១១ និង​មកពី​ស្រុក​ចំនួន​៤ នៃ​ខេត្តកំពង់ឆ្នាំង​។​

​ការអញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​របស់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត បានធ្វើ​ឡើង​នៅ​ភូមិ​ស្រែ​សាន ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្ដ​កំពង់ឆ្នាំង​។​

​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ថ្លែងថា​៖​កាកបាទក្រហមកម្ពុជា តែងតែ​យក​ចិ​ត្ដ​ទុក្ខ​ដាក់ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​ដោយ​ក្តីមេត្តា ករុណា គិតគូរ និង​ផ្តល់​ក្តីសង្ឃឹម ជំនឿ​ចិត្ត​ដល់​ប្រជាជន​ទូទៅ ដែល​ជួប​ការលំបាក​ដោយ​គ្មាន​ការរើសអើង​។ មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ដោយ​កន្លែង​ណា​មានទុក្ខ​លំបាក គឺមាន​កាកបាទក្រហម​កម្ពុជា​។​

​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​បាន​លើកឡើងថា​«​ការផ្តល់​អំណោយ​ដែល​បានមកពី​សប្បុរសជន​នាពេលនេះ​គឺ​សម្រាប់​ចាស់​គ្មាន​ទីពឹង ជនពិការ ក្មេង​កំព្រា​អ្នក​ផ្ទុកមេរោគ​អេដស៍​។​ថ្ងៃនេះ​គ្មានអ្វី សប្បាយរីករាយ ក្រៅពី​ការ​បានមក​សួរសុខទុក្ខ ពុក​ម៉ែ បងប្អូន​ទាំងអស់គ្នា »​។​ក្រៅពី​ការសួរសុខទុក្ខ និង​ចែក​អំណោយ

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​ផ្ដល់នូវ​អនុសាសន៍​សំខាន់ៗ​ជាច្រើន​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សុខ​សុវត្ថិភាព គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន បាន​មានប្រសាសន៍​អំពាវ​ដល់​បងប្អូន​ប្រជាជន ពិសេស​យុវជន សូមកុំ​ប៉ះពាល់​នូវ​គ្រឿងញៀន​ឱ្យសោះ ដែលជា​មូលហេតុ​នាំ​បង្កឱ្យមាន​អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ កាប់សម្លាប់​ឪពុកម្តាយ និង​ធ្វើឱ្យ​បាត់បង់​កិត្តិយស​គ្រួសារ នៅក្នុង​សង្គម​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ណែនាំ​ប្រជាពលរដ្ឋ ជៀសវាង​ឱ្យបាន​ដាច់ខាត នូវ​ការដែល​នាំឱ្យ​ឆ្លង​មេរោគ​អេដស៍ ដល់​ខ្លួន ឬ​បន្ត​ចម្លង​ទៅ​អ្នកដទៃ និង​ក្រុមគ្រួសារ​។ ដោយឡែក​ចំពោះ​អ្នក​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍ សូម​ទៅពិនិត្យ​សុខភាព និង​លេបថ្នាំ​ពន្យា​ជីវិត​ឱ្យបាន​ទៀត​ទាត់ ទៅតាម​ការកំណត់​រប​ស់​គ្រូពេទ្យ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ស្នើសុំ​បងប្អូន​ទាំងអស់ ថែទាំ​សុខភាព​ឱ្យបាន​ល្អ ដោយ​ត្រូវមាន​អនាម័យ​ក្នុង​ការរស់នៅ​ពិសេស ត្រូវ​បរិភោគ​ទឹកស្អាត និង​ទឹក​ឆ្អិន ដើម្បី​ជៀសវាង​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ ពិសេស​បងប្អូន​យើង​ដែល​រស់​នៅតាម​ផ្ទះជួល​តែម្ដង​និង​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​នូវ​អត្រា​ស្លាប់ និង​ពិការភាព ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​នេះ​នៅតែ​ជា​បញ្ហា​ប្រឈម​របស់​យើងទាំងអស់គ្នា​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​បន្ត​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដោយ​ព្យាយាម​ដោះស្រាយ​បញ្ហា ជូន​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។​អំពាវនាវ ដល់​ប្រជាពលរដ្ឋ កុំ​ប្រព្រឹត្ត​ល្បែងស៊ីសង គ្រប់មុខ​ទាំងអស់ ព្រោះ​វា​នឹង​នាំ​ឲ្យ​វិនាស​។​អំពាវនាវ​ដល់​អាណាព្យាបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​តាមដាន​ការសិក្សា​កូនៗ​ឲ្យ​បាន​ជាប់​ជានិច្ច​។​

​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​បានឱ្យដឹងថា​៖​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​បានទទួល​អំណោយ​ថ្ងៃនេះ​មាន​មាន​ចាស់ជរា​គ្មាន​ទីពឹង​ជនពិការ​កុមារកំព្រា​អ្នកជំងឺ​អេដស៍​នៅ​ខេត្តកំពង់ឆ្នាំង​ចំនួន​១.៦៣៦​គ្រួសារ​។​ក្នុងនោះ មកពី​ស្រុក​ទឹកផុស​៥៩៤​គ្រួសារ ស្រុក​សាមគ្គី​មានជ័យ​៥៩៤​គ្រួសារ​ស្រុក​រលាប្អៀរ​៣៦៧​គ្រួសារ និង​ស្រុក​កំពង់ត្រឡាច​១៦១​គ្រួសារ ។​

ក្នុង​ចំនួន​សរុប​ខាងលើនេះ​មាន​ចាស់ជរា​គ្មាន​ទីពឹង​៨៨៤​នាក់ ជនពិការ​២១៧​នាក់ កុមារកំព្រា​១១៥​គ្រួសារ និង​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​៦៧​នាក់ ។​ចំពោះ​ការងារ​មនុស្សធម៌​ក្នុង​ឆ្នាំ​២០១៨​នេះ ថ្នាក់ដឹកនាំ​កាកបាទក្រហម​ខេត្ត​កន្លងមក​បាន​នាំយក​អំណោយ​មនុស្សធម៌​មក​ចែកជូន​ជន​ងាយ រងគ្រោះ​សរុប​៤៣ លើក​ស្មើ​និង​២.០៩២​គ្រួសារ ។​

​សូមជម្រាបថា​៖​ក្នុង​ការចែក​អំណោយ​នេះ​ប្រជា​ជល​រដ្ឋ​ក្នុង​១​គ្រួសារៗ​ទ​ទទួលបាន​អង្ករ​៣០​គីឡូក្រាម មី ១​កេស​ត្រីខ​១០​កំប៉ុង​ឃី​ត​=១​ឃី​ត​(​សារុង​ក្រមា​មុង​ភួយ​អាវ​)​ក្រណាត់ស​=១​ដុំ​(​ក្នុងនោះ​មាន​ថវិកា​១​ម៉ឺន​រៀល​)​នំ​បុ័ង​១​ដើម​ទឹកបរិសុទ្ធ​១​ដប​រទេះរុញ​សម្រាប់​ជនពិការ​ព្រមទាំង​អំណោយ​ផ្សេងៗ​ជាច្រើន​ទៀត​៕S/

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​អញ្ជើញ​សួរសុខទុក្ខ​និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​ជាង​១.៦០០​គ្រួសារ​នៅ​ខេត្ដ​កំពង់ឆ្នាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម