ស្រុក​កងមាស​ទីផ្សារ​ផលិត​ស្វាយ​កែ​រមៀត​សម្រាប់​លក់​ផ្គត់ផ្គង់​ការនាំចេញ​ក្រៅប្រទេស​

1733
ចែករម្លែក

ដោយៈ​គង​ហេង​/​កំពង់ចាម​: ស្ទើរ​គ្រប់​ទាំង​ចំនួន ១១ ឃុំ នៃ​ស្រុក​កងមាស ខេត្តកំពង់ចាម ដែល​ប្រជាពលរដ្ឋ​បាន​និយម​ដាំ​ស្វាយកែវ​រមៀត​។ ដោយ​សក្តានុពល នៃ​ដំណាំ​ស្វាយ មួយ​ប្រភេទ​នេះ​អាច​បញ្ចេញ​ផ្កា ផ្តល់​ទិន្នផល​ជា​ផ្លែ​លក់បាន​ក្នុង​មួយឆ្នាំ​ចំនួន បី ដង​គឺ​បាន​លើកកម្ពស់ និង​កែប្រែ​ជីវភាព​បាន​យ៉ាង​ប្រសើរ​។​

​លោក ច​ន សា​រ៉ា​ត ដែលមាន​ចម្ការ​ស្វាយកែវ​រមៀត​ចំនួន​ជាង​ពីរពាន់​ដើម នៅ​ភូមិ​សម្បូរ​មាស​ឃុំ​ពាមជីកង ស្រុក​កងមាស បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ថា ដើម​ស្វាយ​ចំនួន​ខាង​នេះ មាន​អាយុ​ចាប់ពី ប្រាំ ទៅ ប្រាំបី ឆ្នាំ​។ ក្នុងនោះ​លោក​បាន​ចំណាយ​ប្រាក់ លើ​ស្វាយ​មួយ​ក្នុង​មួយ​ដើម​ចំនួន​ពី​បី​ម៉ឺន​ទៅជា​ង​បួន​ម៉ឺន​រៀល​។​ដើម្បី​ទទួលបាន​ផ្លែ​ចូល​ស្តង់ដារ​ឈ្មួញ​ទទួល​ទិញ​ក្នុងតម្លៃ​សព្វថ្ងៃ មួយ​គីឡូក្រាម ចំនួន ២.០០០ រៀល​នោះ​។​

​លោក​សា​រ៉ា​ត​ដែលមាន​វ័យ​៤៩​ឆ្នាំ​រូបនេះ​បានលើកឡើង​ឲ្យ​ដឹង​ទៀតថា​ស្វាយ​ក្នុង​មួយ​ដើម​អាច​ផ្តល់​ផល​ជា​ផ្លែ បាន​ចន្លោះ​ពី ៤០ ទៅ ៤៥ គីឡូក្រាម គឺ​អាស្រ័យ​ដោយ​អាយុ​របស់​ដើម​ស្វាយ​។ ដោយ​បេះ​ប្រមូល​ផល​ក្នុង​មួយ​លើក​ពី​៦០​ទៅ​១០០​តោន​គឺ​ទំហំ​នៃ​ការប្រមូល​នេះ​ផ្អែកទៅលើ​ក​កត្តា​ថែទាំ និង​កត្តា​អាកាសធាតុ​។ ដោយឡែក​សម្រាប់​ការផលិត​ផ្លែ លក់​ឲ្យ​ឈ្មួញ តែ​ក្នុង​ឃុំ​ពាមជីកង​នេះ តាម​ការប៉ាន់ស្មាន​ក្នុង​មួយថ្ងៃ​ប្រហែល ២០០ តោន យកទៅលក់​បន្ត​។​

​បុរស​ដែលមាន​អាជីព​ជា អ្នក​ដាំ​ដំណាំ​ស្វាយ​រមៀត​ប្រមាណ​ជាង ប្រាំ ឆ្នាំ ម្នាក់នេះ​បាន​លើក​បន្តថា តាមរយ​:​មុខរបរ​នេះ ក្នុង​មួយឆ្នាំ ប្រមូល​ផល​ចំនួន បី ដង គឺ​គ្រួសារ​របស់លោក​អាច​ចំណូល​ប្រមាណ ៤០​លាន រៀល​។ ដោយ​ទូទាត់​បូកបោះ លើក​ការចំណាយ​ផ្សេងៗ រួចរាល់​នោះ​។

ប៉ុន្តែ​មុខរបរ​ដាំ​ស្វាយកែវ​នេះ ក៏មាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ច្រើន​គ្រួសារ​ដែរ គឺ​ដោយសារ​ខ្វះ​បច្ចេកទេស និង​ការថែទាំ​មិនបាន​ដិតដល់ ក្នុងដំណាក់កាល​ធ្វើ​ឲ្យ​ស្វាយ​ចេញ​ផ្កា ផ្លែ​នោះ​។ បញ្ហា​ល្បី​ថា ដើម​ស្វាយ​មាន​ជំងឺ ចេញ​បែរជា​ស្អុយ​ជ្រុះ​នោះ គឺជា​បញ្ហា​ខ្វះ​ការថែទាំ​ដិតដល់​។​

លោក យឿ​ង យ៉ាំង​ហ្វា​ង អាយុ ៣៣ ឆ្នាំ ជា​អ្នកប្រមូល​ទិញ​ផ្លែ​ស្វាយកែវ​រមៀត​ម្នាក់ ក្នុងចំណោម​អ្នកប្រមូល​ទិញ​ស្វាយ​នេះ នៅ​ស្រុក​កងមាស​ចំនួន​ជាង ២០ នាក់​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា សម្រាប់​ការទិញ​ស្វាយកែវ​រមៀត នៅ​ស្រុក​កងមាស​នេះ គឺ​លោក និង​ភរិយា​បាន​ទិញ​តាម​តម្លៃ​ចុះកិច្ចសន្យា​ពី ១.៤០០ ទៅ ២.០០០ រៀល​។​

បុរស​ជា​ជនជាតិ​វៀតណាម ដែលមាន​ទីលំនៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល រូបនេះ​បាន​បន្តថា ក្នុងនោះ លោក​បាន​ប្រមូល​ទិញ​ផ្លែស្វាយ​ប្រចាំថ្ងៃ​ចំនួន​ពី ១៥ ទៅ ១៦ តោន ពី​ស្រុក​កងមាស​នេះ ដឹក​ជ​ញ្ជួ​ន​តាម​រថយន្ត​។ ដោយបាន​យកទៅលក់​បន្ត​ឲ្យ​ឈ្មួញ នៅជាប់​ព្រំដែន​ប្រទេស​វៀវ​ណា​ម ច្រក​អន្តរជាតិ​ចក្រី ក្នុង​ខេត្តព្រៃវែង ហើយ​គេ​យកទៅលក់​បន្តទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន​ទៀត​។​

លោក មឿ​ន ផា អភិបាលស្រុក​កងមាស​បាន​ឲ្យ​ដឹងថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាពលរដ្ឋ​បាន​សម្រុក​ដាំ​ដំណាំ​ស្វាយកែវ​ល្មៀត​ស្ទើរ​គ្រប់​ទាំង ១១ ឃុំ នៃ​ស្រុក​នេះ ពិសេស គឺ​ពួកគាត់​បាននាំគ្នា​កែប្រែ​ដី តែងតែ​ដំណាំ​ស្រូវប្រាំង គឺ​ក្លាយជា​ចម្ការ​ស្វាយ​អស់ហើយ​។ ឃុំ​ដែល​ដាំ​ស្វាយកែវ​រមៀត​ច្រើនជាងគេ​មាន​: ឃុំ​រកាអារ ,​ឃុំ​អង្គរ​បាន ,​ឃុំ​កង​តា​ណឹ​ង , ឃុំ​ខ្ចៅ ,​ឃុំ​ពម​ជី​កង និង​ឃុំ​សូ​គង​។ ប៉ុន្តែ​យើង​នៅ​ពុំទាន់​មាន​តួលេខ​ចំនួន​ចម្ការ​ស្វាយ​នេះ និង​ទំហំ នៃ​ការផលិត​លក់​ប្រចាំថ្ងៃ​នៅឡើយ​ទេ​៕S/

​សកម្មភាព​ប្រមូល​ផល និង​សកម្មភាព​វេច​ខ្ចប់ ស្វាយកែវ​រមៀត នៅ​ឃុំ​សូ​គង ស្រុក​កងមាស ដើម្បី​នាំចេញ​ទៅ​លក់ នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន​។​

ទីតាំងផ្សាយពាណិជ្ជកម្ម