បី​តា​ផលិតករ​ភាពយន្ត​ហុងកុង ដែល​លើកស្ទួយ​តារា​លី​សៀវ​ឡុង និង​ជែក​គី​ចាន់​ឱ្យ​ល្បី ទទួលមរណភាព​នៅ​អាយុ ៩១ ឆ្នាំ

1251
ចែករម្លែក
  • 160
    Shares

​របាយការណ៍​នានា​បាន​រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​ទី​៣​វិច្ឆិកា​នេះ​ថា លោក រ៉េ​ម៉ុ​ន ចូ​វ (Raymond Chow) ជា​ផលិតករ​ខ្សែភាពយន្ត​ដែលមាន​ស្នាដៃ​ក្នុង​ការនាំ​វីរបុរស​តារា​ក្បាច់គុន​កុង​ហ្វូ​មកកាន់​ផ្ទាំងសំពត់ស​ខ្សែភាពយន្ត​ខ្នាត​ធំ និង​ត្រូវបាន​ចាត់ទុកជា​បិតា​ភាពយន្ត​ហុងកុង បានទទួល​មរណភាព​នៅ​អាយុ ៩១ ឆ្នាំ​។​

​លោ​កចូវ​បាន​សហ​បង្កើត​ស្ទូ​ឌី​យ៉ូ Golden Harvest នៅ​ឆ្នាំ ១៩៧១ និង​ត្រូវបាន​ចាត់ទុកថា​ជា​អ្នកទទួលខុសត្រូវ​ធំ​បំផុត​ក្នុង​ការនាំ​ខ្សែភាពយន្ត​ហុងកុង​ទៅកាន់​ទស្សនិកជន​អន្តរជាតិ​។​

​យោងតាម​វេ​ប​សាយ​ឧស្សាហកម្ម​ភាពយន្ត IMDB បានឱ្យដឹងថា លោ​កចូវ​បាន​ផលិត​ខ្សែភាពយន្ដ​ជាង ១៧០ នៅក្នុង​អាជីព​របស់លោក ហើយ​បាន​បណ្តុះ​អាជីព​លេចធ្លោ​ដល់​តារា​ល្បី​ជាច្រើន​រួមទាំង ជែក គី​ចាន់​។​

​លោ​កចូវ​បានធ្វើការ​ជា​លើកដំបូង​ជាមួយ​លោក​លី​សៀវ​ឡុង​ក្នុង​ខ្សែភាពយន្ត “The Big Boss” ដែល​បញ្ចាំង​នៅ​អាមេរិក​ក្រោម​ចំណងជើង​ថា “Fists of Fury” ក្នុង​ឆ្នាំ ១៩៧១ ដោយ​ធ្វើឱ្យ​តារា​សម្តែង​លី​សៀវ​ឡុង​ក្លាយជា​កំពូល​វីរបុរស​ក្បាច់គុន​កុង​ហ្វូ​តែមួយ​ប៉ព្រិចភ្នែក​។ ខ្សែភាពយន្ត​នេះ​បាន​បំបែក​ឯតទគ្គ​កម្ម​លក់​សំបុត្រ​ដាច់​បំផុត​ទាំង​នៅ​ហុងកុង​និង​ក្រៅប្រទេស​។​

​លោក​បាន​បន្ត​ផលិត​ខ្សែភាពយន្ត​ល្បីល្បាញ​២​ទៀត​ជាមួយ​លី​សៀវ​ឡុង គឺ​រឿង “Way of the Dragon” ក្នុង​ឆ្នាំ ១៩៧២ ហើយ​នៅ​មួយឆ្នាំ​ក្រោយមក​គឺ​រឿង “Enter the Dragon” ដែលជា​ខ្សែភាពយន្ត​ដំបូង​គេ​បង្អស់​រវាង​ស្ទូ​ឌី​យ៉ូ​ហុងកុង​និង​ហូលីវូដ​។​

​គាត់​បាន​បន្ត​ភាពជោគជ័យ​សាជាថ្មី​ជាមួយ​ជែក​គី​ចាន់ ដោយ​ថត​រឿង​ដំបូង​ជាមួយគ្នា​ក្នុង​រឿង “The Young Master” នៅ​ឆ្នាំ ១៩៨០​។​

​កើត​នៅ​ឆ្នាំ ១៩២៧ នៅ​ទីក្រុង​ហុងកុង លោ​កចូវ​បាន​សិក្សា​ផ្នែក​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​សៀង​ហៃ​ហើយ​បានធ្វើការ​ជា​អ្នកយកព័ត៌មាន​មួយរយៈ​ពេល​ខ្លី មុនពេល​ចូលប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​។​

​លោក​បាន​ចូលរួម​ក្នុង​ស្ទូ​ឌី​យ៉ូ Shaw Brothers ក្នុង​ឆ្នាំ ១៩៥៨ ដោយ​ធ្វើការ​រហូត​កាន់តំណែង​ជានា​យក​ប្រតិបត្តិ មុនពេល​ចាកចេញ​នៅ​ឆ្នាំ ១៩៧០ ដើម្បី​បង្កើត​ក្រុមហ៊ុន​របស់លោក​ផ្ទាល់​។​

​គាត់​ទទួលបាន​ពានរង្វាន់​សមិទ្ធផល​មួយជីវិត នៅ​កម្មវិធី​ប្រគល់​ពានរង្វាន់ Asia Film Awards ក្នុង​ឆ្នាំ ២០១១៕ ដោយ៖ កញ្ញាដាលីស

លោក រ៉េ​ម៉ុ​ន ចូ​វ ដែលជា​អ្នក​លើកស្ទួយ​លី​សៀវ​ឡុង​ឱ្យ​ល្បីល្បាញ បានទទួល​មរណភាព​នៅ​អាយុ ៩១ ឆ្នាំ

ទីតាំងផ្សាយពាណិជ្ជកម្ម