ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង សន្យា​ផ្តល់​អាទិភាព​ដល់​ទំនាក់ទំនង​ចិន – ប៉ា​គី​ស្ថាន​

2530
ចែករម្លែក

លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានភ្ជាប់សារសំខាន់ដ៏ធំធេងទៅនឹងចំណងទាក់ទងទ្វេភាគីរវាងចិននិងប៉ាគីស្ថានដោយនិយាយថា ចិននឹងផ្តល់អាទិភាពដល់ភាពជាដៃគូក្នុងគោលនយោបាយការ បរទេសរបស់ខ្លួន។

លោកបានធ្វើការកត់សម្គាល់នេះនៅពេលជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រទី២វិច្ឆិកា។

លោក ស៊ី ជីនពីង បានកត់សម្គាល់ថា ភាពជាដៃគូយុទ្ធសាស្ត្រដ៏ល្អរវាងប្រទេសទាំង២ គឺជាទំនាក់ទំនងពិសេសដែលបានបង្កើតឡើងនិងអភិវឌ្ឍតាមរយៈការគាំទ្រគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។

ប្រធានាធិបតីចិនរូបនេះ បានថ្លែងបញ្ជាក់ថា ទោះបីជាមានការផ្លាស់ប្តូរយ៉ាងណាអំពីការប្រែប្រួសជាអន្តរជាតិនិងនៅក្នុងតំបន់ក៏ដោយ ក៏ទំនាក់ទំនងចិន -ប៉ាគីស្ថាននឹងនៅតែបន្តរស់រវើកនិងបន្តការអភិវឌ្ឍរបស់ខ្លួន ។

ក្នុងអំឡុងជំនួបនោះ លោក ស៊ី ជីនពីង បានប្តេជ្ញាធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅនិងបានអំពាវនាវឱ្យមាន កិច្ចជំនួបបន្ថែមទៀតរវាងមន្រ្តីជាន់ខ្ពស់មកពីភាគីទាំង២។ លោកក៏បាននិយាយផងដែរថាប្រទេសទាំង២គួរតែមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យជាច្រើនដូចជាពាណិជ្ជកម្ម និង ការវិនិយោគ ការផ្លាស់ប្តូរបទពិសោធន៍និងការធ្វើទស្សនកិច្ចរវាងគ្នានឹងគ្នានិងការប្រឆាំងភេរវកម្ម។

លោក ស៊ី ជីនពីង ក៏បានសម្តែងក្តីសង្ឃឹមផងដែរថាសមិទ្ធិផលនាពេលបច្ចុប្បន្នពីច្រករបៀងសេដ្ឋកិច្ចចិននិងប៉ាគីស្ថាន (CPEC) គឺកាន់តែល្អប្រសើរឡើងដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់សួនឧស្សាហកម្មនៅ តាមបណ្តោយផ្លូវនិងបង្កើនជីវភាពរស់នៅរបស់ប្រជាជន។

ទំហំពាណិជ្ជកម្មរវាងចិននិងប៉ាគីស្ថានពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ គឺមានការកើនឡើងដោយកើនឡើងពីជាង១៤ពាន់លានដុល្លារដល់ជាង២០ពាន់លានដុល្លារ។

ចំពោះភាគីប៉ាគីស្ថានវិញ នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះ បាននិយាយថា លោកសង្ឃឹមថានឹងបានរៀនសូត្រពីបទពិសោធន៍របស់ប្រទេសចិនស្តីពីការអភិវឌ្ឍកាត់បន្ថយភាពក្រីក្រ និងការប្រឆាំងនឹងអំពើពុករលួយ។

នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់ លោក អ៊ីមរ៉ាន ខាន់ទៅកាន់ប្រទេសចិនចាប់តាំងពីលោកបានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប៉ាគីស្ថានអស់រយៈពេល៣ខែមកហើយ៕ដោយ៖សុខា/sn

លោក ស៊ី ជីនពីង ទទួលជួបពិភាក្សា ជាមួយ លោក អ៊ីមរ៉ាន ខាន់នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម