វៀតណាម​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​បារាំង​នៅ​ទីតាំង​សមរភូមិ​ឌៀ​ន​បៀ​ន​ភូ​

2958
ចែករម្លែក
  • 21
    Shares

ហ័ង បាវ ទើបមានអាយុ២០ឆ្នាំកាលពីគាត់ដើរកាត់ព្រៃទៅកាន់ ឌៀនបៀនភូ នៅវៀតណាមខាងជើងដើម្បីប្រយុទ្ធប្រឆាំងបារាំងជាមួយនឹងសម្អប់ពេញខ្លួន និងបានត្រៀមបូជ្ញាជីវិតដើម្បីឯករាជ្យភាពរបស់ប្រទេស។

អស់ពេលជាង៦០ឆ្នាំក្រោយជោគជ័យដ៏គួរអោយភ្ញាក់ផ្អើលរបស់ពួកកុំម្មុយនីស្ត នៅទីតាំងដែលនាយករដ្ឋមន្រ្តីបារាំងអេដូអាត ហ្វីលីប(Edouard Philippe)ធ្វើទស្សនកិច្ចនៅថ្ងៃសៅរិ៍ទី៣វិច្ឆិកា ឧត្តមសេនីយ៍ចូលនិវត្តន៍បាវ រីករាយនឹងហៅអតីតសត្រូវរបស់លោកជាមិត្ត។

បាវ អាយុ៨៥ឆ្នាំបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងនៅក្រុងហាណូយថា« យើងមិនមានសម្អប់ចំពោះបារាំងទៀតទេ» តែលោកថាមានមេរៀនដ៏សំខាន់មួយត្រូវរៀនពីការប្រយុទ្ធរយៈពេល៥៦ថ្ងៃដែលនាំដល់ការដួលរលំចក្រភពអាណានិគមឥណ្ឌូចិនរបស់បារាំងនិងបើកផ្លូវអោយវៀតណាមទទួលបានឯករាជ្យភាព។

លោកបាននិយាយទៀតថា« បារាំងមិនបានរៀនប្រវត្តិសាស្រ្តរបស់យើងអោយបានល្អទេ ដូច្នេះទើបពួកគេចាញ់…វៀតណាមផ្សេងពីប្រទេសដទៃទៀត យើងមិនមានបំណងចុះចាញ់ទេ»។

ជ័យជម្នះរបស់វៀតណាមលើបារាំងបាននាំដល់ការបំបែកប្រទេសទៅជាភាគខាងជើងគ្រប់គ្រងដោយពួកកុំម្មុយនីស្តរបស់ហូជីមិញ និងរបបដឹកនាំភាគខាងត្បូងដែលគាំទ្រអាមេរិក។វាបង្កើតបានជាឆាកសំរាប់សង្រ្គាមចំណាស់២ទសវត្សរ៍ដែលបានបញ្ចប់ត្រឹមការបង្រួបបង្រួមប្រទេសក្រោយអាមេរិកចាញ់សង្រ្គាមវៀតណាមនៅឆ្នាំ១៩៧៥។

សព្វថ្ងៃ បារាំងជាសម្ពន្ធមិត្តដ៏សំខាន់បំផុតរបស់វៀតណាម ជាមួយនឹងពាណិជ្ជកម្មតំលៃ៧.៦០០លានដុល្លារ និងបង្កើតសម្ពន្ធភាពយោធាជាមួយគ្នាថែមទៀត។

លោកហ្វីលីប ជាមេដឹកនាំបារាំងជាន់ខ្ពស់ទី២ដែលមកទស្សនកិច្ចទីតាំងនេះបន្ទាប់ពីដំណើររបស់អតីតប្រធានាធិបតី ហ្រ្វង់ស័រ មីតតេរ៉ង់ កាលពីឆ្នាំ១៩៩៣។

នាយករដ្ឋមន្រ្តីបារាំងរូបនេះដែលត្រូវធ្វើដំណើរទៅកាន់ឌៀនបៀនភូជាមួយទាហានជើងចាស់បារាំងជាច្រើនរូប បាននិយាយថា ដំណើរនេះជាឱកាសមួយសំរាប់គោរពដល់មនុស្សរាប់ពាន់នាក់ដែលប្រយុទ្ធនៅក្នុងសង្រ្គាម។«ខ្ញុំចង់ធ្វើការគោរពចំពោះការលះបង់ ការបូជ្ញាជីវិតនិងសេចក្តីក្លាហានធំធេងរបស់យុទ្ធជនមកពីភាគីទាំងសងខាង»។

សមរភូមិក្នុងជ្រលងភ្នំដ៏ល្បីល្បាញនេះបានឆក់យកជីវិតមនុស្សប្រមាណ១៣.០០០នាក់មកពីភាគីទាំងសងខាង ក្រោមការឡោមព័ទ្ធអស់២ខែពីសំណាក់យុទ្ធជនវៀតណាម និងការបាញ់ផ្លោងជាខ្លាំង។កងកម្លាំងបារាំងទោះជាមានសព្វាវុធទំនើបជាង មិនអាចទ្រាំទ្រនឹងភាពអត់ធ្មត់ស៊ូទ្រាំរបស់យុទ្ធជនវៀតណាម និងត្រូវបានធ្វើអោយបរាជ័យនៅពេលវៀតណាមជីករូងចូលកណ្តាលបន្ទាយបារាំងតែម្តង៕ដោយ៖វាសនា

នាយករដ្ឋមន្រ្តីបារាំងត្រូវ ទៅទស្សនកិច្ចបន្ទាយបារាំងចាស់នៅឌៀនបៀនភូ ខណៈប្រទេសលោកនិងវៀតណាមទុកអតីតកាលទៅមួយឡែកនិងបង្កើតទំនាក់ទំនងជាមួយគ្នា

ទីតាំងផ្សាយពាណិជ្ជកម្ម