កូរ៉េខាងជើង​គំរាម​បន្ត​ការអភិវឌ្ឍ​នុយក្លេអ៊ែរ បើ​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​មកលើ​ខ្លួន​

2743
ចែករម្លែក

កូរ៉េខាងជើងបានគំរាមថា ខ្លួនអាចយកមកប្រើវិញគោលនយោបាយរដ្ឋមួយក្នុងបំណងពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន បើសិនជាសហរដ្ឋអាមេរិកមិនព្រមដកចេញទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួនទេ។

សេចក្តីថ្លែងការណ៍ចេញដោយក្រសួងការបរទេសកាលពីល្ងាចថ្ងៃសុក្រទី២វិច្ឆិកា ធ្វើឡើងស្របពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសេអ៊ូលហាក់មិនសូវត្រូវគ្នាអំពីការប្រើទណ្ឌកម្មនិងសម្ពាធដើម្បីបង្ខំអោយកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ក្រសួងបាននិយាយថា កូរ៉េខាងជើងអាចនាំត្រឡប់មកវិញគោលនយោបាយpyongjinស្តីពីការអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរនិងសេដ្ឋកិច្ចរបស់ខ្លួនក្នុងពេលដំណាលគ្នាបើសិនជាអាមេរិកមិនផ្លាស់ប្តូរជំហរ។

កូរ៉េខាងជើងមិនបានគំរាមបោះបង់ចោលកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកទេ តែបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថាបំផ្លាញការសន្យាតាំងចិត្តរបស់មេដឹកនាំគីម ជុងអ៊ុន និងប្រធានាធិបតីដូណាល់ ត្រាំ ដែលបានធ្វើនៅក្នុងជំនួបរបស់គេកាលពីខែមិថុនានៅសិង្ហបុរី ថានឹងធ្វើការឆ្ពោះទៅរកឧបទ្វីបកូរ៉េមួយគ្មាននុយក្លេអ៊ែរ។

សេចក្តីថ្លែងការណ៍បាននិយាយថា « អាមេរិកគិតថា ទណ្ឌកម្មនិយាយច្រំដែលនិងសម្ពាធរបស់ខ្លួននឹងនាំដល់ការលុបបំបាត់នុយគ្លេអ៊ែរ។យើងមិនអាចថាមិនអស់សំណើចចំពោះគំនិតឆ្កួតៗដូច្នេះ។ការធ្វើអោយប្រសើរឡើងទំនាក់ទំនងនិងទណ្ឌកម្មវាមិនស៊ីគ្នាទេ»។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រកត់សំគាល់ជាលើកដំបូងអំពីការដែលកូរ៉េខាងជើងនិយាយអំពីលទ្ធភាពបន្តការសាកល្បងសព្វាវុធនុយក្លេអ៊ែរនិងសកម្មភាពអភិវឌ្ឍន៍ផ្សេងៗចាប់តាំងពីលោកគីមបញ្ចេញសញ្ញាអំពីគោលនយោបាយថ្មីរបស់រដ្ឋកាលពីខែមេសា។

សូមបញ្ជាក់ថា ក្រោយការសាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរបែបបង្ករឿងបន្តបន្ទាប់កាលពីឆ្នាំមុន លោកគីម បានផ្លាស់ប្តូរមកកិច្ចការទូតនៅពេលលោកជួបប្រជុំជាមួយត្រាំនិងប្រធានាធិបតីកូរ៉េខាងត្បូង ។តែកូរ៉េខាងជើងហាក់ប្រែជាប្រកាន់ជំហរតឹងរ៉ឹងបន្តិចដោយទាមទារអោយដកទណ្ឌកម្មមុនមានការរីកចំរើនណាមួយនៅក្នុងកិច្ចពិភាក្សាអំពីនុយក្លេអ៊ែរ៕ដោយ៖វាសនា

រូបឯកសារកាលពីខែមិថុនា បង្ហាញប្រធានាធិបតីត្រាំនិងគីម ជុងអ៊ុន ជួបគ្នាជាប្រវត្តិសាស្រ្តនៅសិង្ហបុរី

ទីតាំងផ្សាយពាណិជ្ជកម្ម