លោក​ហ៊ុន​ម៉ា​ណែ​ត​!​វិស័យ​អប់រំ​-​សុខាភិបាល​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ម្ចាស់ការ​ដោយ​ខ្លួនឯង​លែង​ពឹង​គេ​

1358
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់ថា សព្វថ្ងៃនេះ​នៅក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​ដែល​ធ្វើឱ្យ​យើង​មាន​ភាព​ឯករាជ្យ​ម្ចាស់ការ​ដោយ​ខ្លួនឯង​លែង​ពឹង​គេ​។ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល គឺ​ផ្ដោត​សំខាន់​លើ​វិស័យ​អាទិភាព​ចំបង​ចំនួន​ពីរ​នេះ មានតែ​វិស័យ​២​នេះ​គត់ ដែល​សំខាន់​ក្នុងការ​ធានា​និង​អនុវត្ត​នូវ​និរន្តរភាព​និង​ការរីកចម្រើន​។

​កាលពី​អតីតកាល​តាម​មន្ទីរ​ក្រសួង​ស្ថាប័ន​មួយចំនួន​(​ក្នុង​វិស័យ​អប់រំ​និង​សុខាភិបាល​)​មាន​អ្នកជំនាញ​បរទេស​មកជួយ​ប៉ុន្តែ​បច្ចុប្បន្ននេះ​យើង​មាន​សមត្ថភាព​បណ្ដុះបណ្ដាល​ដោយ​ខ្លួនឯង​ទាំង​រដ្ឋ​និង​ឯកជន​។​ការ​ថ្លែង​នេះ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្ររង ជូន​និស្សិត​សាកលវិទ្យាល័យ​អន្តរជាតិ​ភ្នំពេញ (IU) កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​បញ្ជាក់ថា​“​សព្វថ្ងៃ​យើង​មាន​កំណើនប្រជាជន​និង​សុខភាព​ដោយសា​r​កត្តា​ពីរ​សំខាន់​គឺ​ទី​១.​កត្តា​សុខសន្តិភាព​ស្ថេរភាព​គឺជា​កត្តា​កំណត់​រួម​ជាមួយនិង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​និង​ផ្ដល់​សេវា​សុខាភិបាល​ដល់​មូលដ្ឋាន និង​ទី​២. កត្តា​ធនធានមនុស្ស​នៅក្នុង​វិស័យ​សុខាភិបាល​ដែលមាន​ប្រមាណ​ជាង​២​ម៉ឺន​នាក់​ហើយ​ត្រូវ​ផ្ដល់​សេវា​សុខភាព​ដល់​មនុស្ស​ជិត​១៦​លាន​នាក់​ដែល​ព្យាបាល​បាន​ជោគជ័យ​និង​កាត់បន្ថយ​អត្រា​មរណៈ នេះ​ជា​មោទនភាព​របស់​យើង​”​។​

​លោក​បាន​បន្តទៀតថា​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅពេលនេះ​គឺជា​ធនធាន​បន្ថែមទៀត​(​ក្រុម​ទេវតា​ដែល​ជួយ​ព្យាបាល​ជំងឺ​របស់​មនុស្ស​) ដែលជា​មោទនភាព​ចំពោះ​សមិទ្ធផល និង​ជំនាញ​របស់​និស្សិត នឹងចូលរួម​យ៉ាងសំខាន់​ក្នុង​ការជួយ​លើកស្ទួយ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​និង​ជួយ​ខ្លាំងណាស់​ដល់​សង្គមជាតិ ព្រោះ​យើង​ផ្ដោត​សំខាន់​លើ​វិស័យ​ពីរ​ចំពោះ​ប្រជាពលរដ្ឋ គឺ​អប់រំ​និង​សុខភាព​។

​ប្រជាពលរដ្ឋ​មាន​សុខភាព​ខ្លាំង​តែ​អត់​ចំណេះដឹង​អត់​សមត្ថភាព​ក៏​លំបាក​យើង​មាន​ធនធានមនុស្ស​ដែលមាន​កំរិត​។​ម្យ៉ាងវិញទៀត​មានចំណេះដឹង​ច្រើនតែ​សុខភាព​អត់​ល្អ​ក៏​ទៅ​អត់​រួច​។​ដូច្នេះ​ទាល់តែ​មាន​ធនធានមនុស្ស​ទាំងពីរ​នេះ​ដែល​ធ្វើអោយ​មនុស្ស​មាន​ភាពរឹងមាំ​និង​សមត្ថភាព​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​កាន់តែ​រឹងមាំ​។​

​នេះ​គឺជា​ភាពជោគជ័យ​របស់​យើង​ក្នុងដំណាក់កាល​ប្រទេស​មាន​សុខសន្តិភាព​និង​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការកសាង​អនាគត​។​និស្សិត​ដែល​ចាប់យក​ជំនាញ​នៅថ្ងៃនេះ​គឺ​កសាង​អនាគត​និង​ក្តីសង្ឃឹម​របស់ខ្លួន​ឯង​គ្រួសារ​និង​ប្រទេសជាតិ​យើង​។​ហើយ​ចាប់ពីពេលនេះ​សូម​ឲ្យ​និស្សិត​ទាំងអស់​ជោគជ័យ​បន្ថែមទៀត​នៅក្នុង​ជីវិត​និង​ការងារ​។​

​ជាមួយគ្នានេះ​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​អបអរសាទរ​ចំពោះ​ភាពជោគជ័យ​របស់​និស្សិត​ជ័យលាភី​ទាំងអស់​និង​ក្រុមគ្រួសារ​របស់​និស្សិត​ទាំងអស់​ព្រោះនេះ​គឺជា​មោទនភាព​ទី​១​សម្រាប់​និស្សិត​ខ្លួនឯង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សម្រាប់​និស្សិត​ខ្លួនឯង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​រហូត​ទទួលបាន​ជោគជ័យ​និង​មោទនភាព​ទី​២​សម្រាប់​គ្រួសារ​ដែល​បាន​ខិតខំ​ចិញ្ចឹម​បីបាច់​ថែរក្សា​គិតគូរ​ដល់​កូន​គ្រប់ពេលវេលា​និង​មោទនភាព​មួយទៀត​គឺ​សម្រាប់​សាលា​និង​សាស្ត្រាចារ្យ​ដែល​បាន​ខិតខំ​ផ្ទេរ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ដល់​និស្សិត​យើង​៕S/

លោក​ហ៊ុន​ម៉ា​ណែ​ត​!​វិស័យ​អប់រំ​-​សុខាភិបាល​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ម្ចាស់ការ​ដោយ​ខ្លួនឯង​លែង​ពឹង​គេ​

ទីតាំងផ្សាយពាណិជ្ជកម្ម