មូលនិធិ​ធនាគារ​”​មេ​យ​ប៊ែ​ង​”​ប្តេជ្ញា​ពង្រីក​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ឱ្យ​កាន់តែច្រើន

1246
ចែករម្លែក
  • 19
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ មូលនិធិ​ធនាគារ មេ​យ​ប៊ែ​ង​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ធនាគារជាតិ​នៃ​កម្ពុជា​គ្រោង​នឹង​ពង្រីក​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​“CashvilleKidz”​ដល់​សិស្សានុសិស្ស​រៀន​នៅតាម​សាលាបឋមសិក្សា​ជាង​៣០​បន្ថែមទៀត​។​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ​ដើម្បី​ឲ្យ​ពួកគេ​ចេះ​សន្សំសំចៃ​ថវិកា​ក៏ដូចជា​ឲ្យ​ចេះ​ពី​ការគ្រប់គ្រង​សាច់ប្រាក់​និង​ចាយវាយ​បាន​ត្រឹមត្រូវ​ជាដើម​។​

​កម្មវិធី “Cashville Kidz” គឺជា​កម្មវិធី​មួយ ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង ហើយ​មាន​ទិសដៅ​ក្នុងការ​លើកកម្ពស់​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុងចំណោម​កុមារ​នៅតាម​បណ្តា​សាលារៀន​ព្រោះ​ជា​កម្មវិធី​គំនូរជីវចល​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ដែល​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​អង្គការសហប្រជាជាតិ​ដែល​ហៅ​កាត់​ថា​“SDG”​ដើម្បី​បង្រៀន​សិស្សានុសិស្ស​ពី​សារៈសំខាន់​នៃ​ការគ្រប់គ្រង​សាច់ប្រាក់ និង​ដើម្បី​រៀបចំខ្លួន ដើម្បី​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ​នាពេល​អនាគត​បាន​។ ​គំនូរជីវចល​ទាំងនេះ​បាន​បង្កប់​ទៅដោយ​អត្ថន័យ​អប់រំ​ដែល​ផ្តោត​ចម្បង​ទៅលើ​មេរៀន​ហិរញ្ញវត្ថុ​ដែល​រួម​មានការ​សន្សំ​ប្រាក់​រហូតដល់​ការបណ្តុះ​ផ្នត់គំនិត​នៃ​ទម្លាប់​ចំណាយ​ដោយ​វិជ្ជមាន​និង​ការវិនិយោគ​ដោយ​ភាព​វ័យឆ្លាត​។

​ថ្លែង​នៅក្នុង​ពិធី​ប្រកួត​វគ្គ​ផ្តាច់​ព្រាត់​នៃ​កម្មវិធី​កម្មវិធី “Cashville Kidz”​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅ​ធនាគារ​មេ​យ​ប៊ែ​ង​លោក SHAHRIL AZUAR JIMIN នាយក​ប្រតិបត្តិ​នៃ​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង បាន​មានប្រសាសន៍ថា «​សម្រាប់​ឆ្នាំ ២០១៩ យើង​មាន​គម្រោង​ក្នុងការ​អនុវត្ត​កម្មវិធី​នេះ​បន្ថែមទៀត​ទៅដល់​សាលារៀន​ប្រមាណ​ជាង ៣០​ទៀត។កម្មវិធី​នេះ មិន​ត្រឹមតែ​អនុវត្ត​ឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បណ្តា​ខេត្ត​ផ្សេងទៀត​ផងដែរ​។ យើង​សង្ឃឹមថា កម្មវិធី​នេះ​នឹង​អាច​ចែករំលែក​ចំណេះដឹង​ដល់​សិស្ស​រហូត​ទៅដល់ ៨.០០០ នាក់​បន្ថែមទៀត​»​។​

​លោក​បាន​បន្តថា​«​ពួកយើង បាន​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ស្វែងរក​កម្មវិធី​ថ្មីៗ​ផ្សេងទៀត​ដែល​អាចជួយ បន្ថែម​ដល់​យុវជន​ជំនាន់​ក្រោយ ដើម្បី​ឲ្យ​ពួកគេ​មានចំណេះដឹង​គ្រប់គ្រាន់ លើ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ត្រៀមខ្លួន​នឹង​ការប្រឈមមុខ​នានា​នៅក្នុង​ពិភពលោក​នៅពេល​បច្ចុប្បន្ន​នេះ​។

​ដោយមាន​កិច្ចសហការ​ជាមួយនឹង​ដៃគូ​របស់​យើង ពួកយើង​កំពុងតែ​ព្យាយាម​ក្នុងការ​បំ​លែងខ្លួន​ឲ្យ​ក្លាយទៅជា​ចំណែក​ដ៏​សំខាន់​ក្នុងការ​ជម្រុញ និង​លើកកម្ពស់​ដល់​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​បណ្តា​សហគមន៍​នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​សង្ឃឹមថា​ពួកគេ​នឹង​អាច​ទទួលបាន​បរិ​យា​ប័ណ្ណ​ហិរញ្ញវត្ថុ​មួយ​ដែល​ប្រកបដោយ​ភាពប្រសើរឡើង​»​។​

​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង បាន​ប្តេជ្ញា​ក្នុងការ​ពង្រីក​វិសាលភាព​កម្មវិធី​ទៅដល់​សិស្សានុសិស្ស​ចំនួន ៨.០០០ នាក់​ផ្សេងទៀត នៅតាម​សាលារៀន​រដ្ឋ និង​សាលា​ឯកជន នៅតាម​បណ្តា​ខេត្ត ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​រយៈពេល​៤ ឆ្នាំ​របស់ខ្លួន​ហើយ​មាន​គោលបំណង ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការផ្តល់​ចំណេះដឹង​ដល់​សិស្ស​រហូតដល់ ២០.០០០ នាក់ នៅតាម​សាលារៀន​ចំនួន ៤០ សាលារៀន​នៅ​ទូទាំងប្រទេស​។​

​លោក កាន់ ពុ​ទ្ធី អនុប្រធាននាយកដ្ឋាន​បឋមសិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សាទរ​ចំពោះ​ធនាគារ​មេ​យ​ប៊ែ​ង​ដែល​បាន​ពង្រីក​កម្មវិធី​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សាលារៀន​បន្ថែមទៀត ស្របទៅនឹង​កម្មវិធីរ​បស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​នឹង​គ្រោង​ដាក់បញ្ចូល​មេរៀន​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ទៅក្នុង​កម្ម​វិធិ​សិក្សា​របស់​សិស្ស​នៅ​ឆ្នាំ​សិក្សា​២០១៩​និង​២០២០​ខាងមុខនេះ​។​

​លោក​រំពឹងថា​៖​តាមរយៈ​កម្មវិធី​“Cashville Kidz កុមារ​និង​យុវជន​ចេះ​នៅ​វប្បធម៌​សន្សំ​លុយ គ្រប់គ្រង​លុយ ចាយលុយ​បាន​ត្រឹមត្រូវ​តាម​ផែនការ និង​យល់ដឹង​ច្រើន​ទាក់​ទាង​នឹង​ហិរញ្ញវត្ថុ​”​។​​លោកស្រី​ជា​សិរី​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បានចាត់ទុក​សកម្មភាព​របស់​ធនាគារ​មេ​យ​ប៊ែ​ង​នៅ​កម្ពុជា​និង​ក្រុមហ៊ុន​MoneyTree​ក្នុង​ការបន្ត​សហការ​បង្កើត​កម្មវិធី​នេះ​មិន​គ្រាន់តែ​បាន​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ​របស់​មេ​យ​ប៊ែ​ង​ក្នុង​កំរិត​គ្រឹះស្ថាន​ប៉ុណ្ណោះ​ទេ​តែ​បង្ហាញ​ពី​គំរូ​ដ៏​ល្អ​នៃ​ការចូលរួមចំណែក​រប​ស់​វិស័យ​ឯកជន​ដល់​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ទាំងមូល​។​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ណាស់​ជាពិសេស​សម្រាប់​កុមារ​និង​យុវជន​។​

​ដរាបណា​យើង​នៅតែ​ប្រើប្រាស់​លុយ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ចំណេះដឹង​នេះ​មិនអាច​បោះបង់ចោល​បានទេ​។​រៀន​ពី​របៀប​សន្សំ​និង​គ្រប់គ្រង​ការចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព​អាច​ធានា​នូវ​ភាពប្រាកដប្រជា​នូវ​អនាគត​របស់​អ្នក​។​ចំណេះដឹង​ហិរញ្ញវត្ថុ​មាន​ច្រើន​ជាងនេះទៅទៀត​ដូច្នេះ​សូម​លើកទឹកចិត្ត​ដល់​ការចូលរួម​យ៉ាងសកម្ម​និង​ការ​ក្រេប​យក​ចំណ​វ​ដឹង​ពី​កម្មវិធី​CASHVLLEDKIDZ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​ព្រោះនេះ​ជា​ឱកាស​ដ៏​ល្អ​និង​ជា​ពេល​ដ៏​ល្អ​បំផុត​។​

​លោកស្រី​បាន​បន្ថែមថា​មកដល់​បច្ចុប្បន្ននេះ​មាន​សិស្សានុសិស្ស​ប្រមាណ​២​ពាន់​នាក់​ហើយ​ដែល​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ពី​កម្មវិធី​“CashvilleKidz”​។​នៅ​ទីបញ្ចប់​នៃ​គម្រោង​៤​ឆ្នាំនេះ​រំពឹងថា​នឹងមាន​កុមារ​ចំនួន​២​ម៉ឺន​នាក់​ដែល​ទទួលបាន​ចំណេះដឹង​នេះ​ប៉ុន្តែ​ចំនួន​នេះ​នៅ​តិចតួច​នៅឡើយ​បើ​ធៀប​នឹង​ចំនួន​កុមារ​នៅ​ទូទាំងប្រទេស​ព្រោះថា​កុមារ​ក៏​ជា​អតិថិជន​សក្តានុពល​ដែរ​ដោយសារតែ​ការរីកចំរើន​នៃ​បច្ចេកវិទ្យា​និង​ការវិវត្ត​ទីផ្សារ​។​

​លោកស្រី​បាន​លើកទឹកចិត្ត​ឲ្យ​ធនាគារ​មេ​យ​ប៊ែ​ង​នៅ​កម្ពុជា​និង​ក្រុមហ៊ុន​Money Tree​ឲ្យ​ពង្រីក​គម្រោង​របស់ខ្លួន​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​ដើម្បី​ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស​កាន់តែច្រើន​ថែមទៀត​ឲ្យ​ទទួលបាន​ចំណេះដឹង​ពី​ផ្នែក​ហិរញ្ញវត្ថុ​នេះ​៕S/

មូលនិធិ​ធនាគារ​”​មេ​យ​ប៊ែ​ង​”​ប្តេជ្ញា​ពង្រីក​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ឱ្យ​កាន់តែច្រើន​

ទីតាំងផ្សាយពាណិជ្ជកម្ម