​អ្នកជំងឺ​ឃ្លង់​នៅក្នុង​ភូមិ​ត្រើង​

1280
ចែករម្លែក

ដោយ​: ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​ភ្នំពេញ​: ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេលដែល​ខ្ញុំ​បានមក​រស់នៅ​ភូមិ​ត្រើង​ដំបូង ដោយ​ប្រជាជន​ភាគច្រើន​នៅក្នុង​ភូមិ​នេះ​បានកើត​ជំងឺឃ្លង់​។ ជំងឺឃ្លង់​នេះ​បានធ្វើ​ឲ្យ​អ្នកជំងឺ​មាន​រោគសញ្ញា​ស​លើ​ស្បែក ក្រញង់ និង​ខ្វិន​ដៃជើង​។ អ្នកជំងឺ​ឃ្លង់​ទាំងនេះ មកពី​តំបន់​ផ្សេងៗ និង​បាន​ប្រមូល​ផ្ដុំគ្នា​រស់នៅក្នុង​ភូមិ​មួយ គឺ “​ភូមិ​ត្រើង​”​។ កាលពី​សម័យមុន អ្នក​កើត​ជំងឺឃ្លង់​នៅក្នុង​ភូមិ​ត្រើង​មានការ​រើសអើង​ខ្លះ​ពី​ប្រជាជន​ដែល​រស់នៅ​ភូមិ​ក្បែរៗ​នោះ ហើយ​សូម្បីតែ​ការជ្រើសរើស​គូស្រករ ក៏​ប្រជាជន​នៅ​ភូមិ​ក្បែរ​នោះ មិន​ជ្រើស​រើសយក​កូនក្រមុំ ឬ​កូន​ក​ម្លោះ​ដែល​រស់នៅ​ក្នុងភូមិ​ត្រើង​ដែរ​។ ប៉ុន្តែ​ទោះបី​មានការ​រើសអើង​យ៉ាងណាក៏ដោយ ក៏​អ្នក​ជំងឺឃ្លង់​នៅក្នុង​ភូមិ​នេះ នៅតែ​ស្រឡាញ់​រាប់អាន​សាមគ្គី​គ្នា​និង​រស់នៅ​យ៉ាង​សុខសាន្ត​ដែរ​។

​ខ្ញុំ​ឈ្មោះ​ទ្រី ស៊ន អាយុ​៨៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពត​។ ខ្ញុំ​ត្រូវបាន​រដ្ឋាភិបាល​របប​សង្គមរាស្ត្រនិយម​បញ្ជូន​ឲ្យ​មក​រស់នៅ​ភូមិ​ត្រើង ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម នៅ​ឆ្នាំ​១៩៥៥ ដោយសារ​ខ្ញុំ​មាន​រោគសញ្ញា​ស្ពឹក​លើ​រាងកាយ ដែល​សង្ស័យថា ជា​ជំងឺឃ្លង់ (​បច្ចុប្បន្ន​ហៅថា ជំងឺ​ហង់​សិន​)​។ ខ្ញុំ​បានរស់នៅ​ភូមិ​ត្រើង​នេះ ក្រោម​ការជួយឧបត្ថម្ភ​ប្រាក់​ពី​ឪពុក​ខ្ញុំ​ឈ្មោះ ភូ​ជា យុក មាន​មុខរបរ​ជាជាង​ធ្វើ​គ្រឿង​សង្ហា​រឹម និង​ម្ដាយ​ខ្ញុំ​ឈ្មោះ ជ្រុ​ន សុ​ហួយ គឺជា​អ្នកលក់​បន្លែ ត្រី សាច់ នៅ​ផ្សារ​កំពត​។

​នៅក្នុង​ភូមិ​ត្រើង​ខ្ញុំ បាន​ជួប​ជាមួយ​ប្រជាជន​ជាច្រើន​ដែល​កើត​ជំងឺឃ្លង់ មកពី​គ្រប់​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា​។ ខ្ញុំ​និង​អ្នកជំងឺ​ឃ្លង់​ទាំងនេះ​ត្រូវបាន​បញ្ជូន​ឲ្យ​មក​រស់នៅ​ក្នុងភូមិ​ត្រើង​នេះ ដើម្បី​ងាយស្រួល​ក្នុងការ​តាមដាន ព្យាបាល និង​ការពារ​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​ទៅ​សមាជិក​ក្រុមគ្រួសារ​របស់ខ្លួន​ទៀត​។ រាជរដ្ឋាភិបាល​របប​សង្គមរាស្ត្រនិយម បាន​យកចិត្តទុកដាក់​ព្យាបាល​អ្នកជំងឺ​ឃ្លង់​យ៉ាងខ្លាំង ដោយបាន​សាងសង់​ផ្ទះ ដែលមាន​បណ្ដោយ​វែងៗ សម្រាប់​ឲ្យ​អ្នកជំងឺ​ស្នាក់នៅ និង​បានធ្វើ​ការបែងចែក​អ្នកជំងឺ​ជា​ពីរ​ប្រភេទ គឺ ១) អ្នកជំងឺ​ដែលមាន​អាការ​ធ្ងន់ធ្ងរ (​មាន​ដំបៅ កំបុត​ម្រាមដៃ ឬ ម្រាមជើង ពិការ និង ក្រញង់​ដៃជើង​) ដាក់​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​ចាស់ និង ២) អ្នកជំងឺ​ដែលមាន​អាការ​ស្រាលៗ (​អ្នក​ដែល​ពេទ្យ​បានកំណត់​រោគសញ្ញា​ថា កើត​ជំងឺឃ្លង់​) ដាក់​ឲ្យ​ស្នាក់នៅ​រោង​ដែល​ទើប​សង់​ថ្មី​។ ចំណែក​ម្ហូបអាហារ​វិញ រាជរដ្ឋាភិបាល​បាន​ចែក​អង្ករ និង​ម្ហូប សម្រាប់​អ្នកជំងឺ​ទៅតាម​ថ្ងៃ ដូចជា ថ្ងៃ​ចន្ទ សុក្រ និង សៅរ៍ ទទួលបាន​ត្រី​ស្រស់​។ ថ្ងៃ​អង្គា​រ៍ និង ថ្ងៃ​ពុធ ទទួលបាន​ត្រីងៀត​។ ថ្ងៃ​ព្រហស្បតិ៍ ទទួលបាន​សាច់គោ និង​ថ្ងៃអាទិត្យ ទទួលបាន​សាច់ជ្រូក ចំណែក​អង្ករសម្រូប​អ្នកជំងឺ​ឃ្លង់​ទទួលបាន​ប្រាំបី​ខាំ​សម្រាប់​ហូប​រយៈពេល​ពីរ​ថ្ងៃ​។ រីឯ​ថ្នាំ​សម្រាប់​លេប​ព្យាបាល​ជំងឺ​នេះ​ក៏​មិន​ខ្វះ​ដែរ​សម័យ​នោះ​។

ការ​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្នុងភូមិ​ត្រើង​នេះ បានធ្វើ​ឲ្យ​ខ្ញុំ​ធូរស្បើយ លែង​ស្ពឹក​ដៃជើង ហើយ​រោគសញ្ញា​ចេញ​លើ​ត្រចៀក​ពណ៌​សៗ​ក៏​រលុប​បាត់​ដែរ​។ នៅ​ភូមិ​ត្រើង​ក៏មាន​សាលារៀន​សម្រាប់​អ្នកជំងឺ​ឃ្លង់​ដែរ ប៉ុន្តែ​ខ្ញុំ​មិនបាន​ចូលរៀន​ទេ​ព្រោះ​ខ្ញុំ​រស់នៅ​ម្នាក់ឯង និង​នៅ​ក្មេង​មិនមាន​អ្នកដាំបាយ​ឲ្យ​ហូប​។ ក្រោយមក​ខ្ញុំ​បាន​ទៅសុំ​តា សុង រស់នៅ​ជាមួយ​។ គាត់​ក៏​កើត​ជំងឺឃ្លង់​ដូច​ខ្ញុំ​ដែរ​។ គាត់​មាន​តួនាទី​ជា​ប្រធាន​ចែក​អង្ករ និង​ម្ហូប ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពត​។ ខ្ញុំ​រស់នៅ​ជាមួយ​គាត់ បាន​ហូបចុក​គ្រប់គ្រាន់​ដោយ​គ្រាន់តែ​ជួយ​ធ្វើ​ការងារ​គាត់​បន្តិចបន្តួច​ប៉ុណ្ណោះ​។

​ក្រោយមក​នៅ​ឆ្នាំ​១៩៦០ ខ្ញុំ​បាន​រៀបការ​ប្រពន្ធ​ឈ្មោះ ឆាយ ស៊ី​វ៉ា មាន​ជំងឺឃ្លង់​ដូច​ខ្ញុំ​ដែរ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង​។ ចំណងអាពាហ៍ពិពាហ៍រ​បស់​យើង​ទាំងពីរ​មានកូន​ចំនួន​ពីរ​នាក់ ស្រី​មួយ និង​ប្រុស​មួយ​។ ក្រោយ​រៀបការ​ខ្ញុំ និង​ប្រពន្ធ​របស់ខ្ញុំ​បាននាំគ្នា​រកស៊ី​លក់ដូរ​បន្តិចបន្តួច​នៅផ្ទះ​ដើម្បី​បាន​ប្រាក់​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

ទីតាំងមន្ទីរពេទ្យចាស់សម្រាប់ព្យាបាល

​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ នរោត្តម សីហនុ មក ទោះបីជា​របប​នយោបាយ​ដឹកនាំ​មានការ​ប្រែប្រួល​យ៉ាងណាក្ដី ក៏​ការឧបត្ថម្ភ​ស្បៀងអាហារ និង​ថ្នាំ​សម្រាប់​អ្នក​កើត​ជំងឺឃ្លង់ នៅក្នុង​ភូមិ​ត្រើង ពី​សំណាក់​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​នៅតែមាន​ដដែល​។ នៅពេល​មានការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ខ្មែរក្រហម និង​កងទ័ព លន់ នល់ កងកម្លាំង​ខ្មែរក្រហម​បាន​គ្រប់​គ្រង់ និង​កាត់ផ្ដាច់​ផ្លូវជាតិ​លេខ​៦​អា ដែល​បង្ក​ឲ្យ​មានការ​លំបាក​ដល់​រដ្ឋា​ភិ​បាល​សាធារណរដ្ឋ​ខ្មែរ​ក្នុងការ​ដឹកជញ្ជូន​អង្ករ និង​ស្បៀងអាហារ​សម្រាប់​អ្នក​ជំងឺឃ្លង់​ក្នុងភូមិ​ត្រើង​។ ក្រោយមក ការដឹកជញ្ជូន​ស្បៀង​នេះ​ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង ដោយសារតែ​ភូមិ​ត្រើង​ជា​សមរភូមិ​ប្រយុទ្ធ រវាង​កងទ័ព នល់ នល់ និង​កងកម្លាំង​ខ្មែរក្រហម​។

​បន្ទាប់ពី​កងកម្លាំង​របស់​ខ្មែរក្រហម​វាយ​កាន់កាប់​បាន​ភូមិ​ត្រើង ខ្មែរក្រហម​ក៏បាន​ជម្លៀស​ប្រជាជន​ក្នុងភូមិ​នេះ រួមទាំង​អ្នក​កើត​ជំងឺឃ្លង់​ឲ្យ​ទៅ​រស់នៅ​ភូមិ​ទំនប់ (​ភូមិ​នេះ​ពុំមាន​ប្រជាជន​រស់នៅ​ទេ នៅ​សម័យ​សង្គមរាស្ត្រនិយម រាជ​រដ្ឋា​ភិ​បាន​សាងសង់​ទំនប់​នេះ​ឡើង​ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​)​។ នៅពេលនោះ ប្រជាជន​ត្រូវ​សាងសង់​ខ្ទម​ក្នុងព្រៃ​សម្រាប់​ស្នាក់នៅ និង​ត្រូវ​កាប់​ឆ្ការព្រៃ​ដើម្បី​ធ្វើស្រែ​។ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ទៅ​ភ្ជូ​រ​ស្រែ ព្រោះ​ដៃជើង​របស់ខ្ញុំ​មិន​ក្រញង់ ចំណែក​យុវជន​ផ្សេងទៀត​ត្រូវបានចាត់តាំង​ឲ្យ​លើក​ទំនប់​ទួល​ពោន ស្ថិតនៅ​ក្នុងភូមិ​ផ្កាយព្រឹក ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

​ក្រោយពី​ជម្លៀស​ប្រជាជន​ចេញពី​ភូមិ​អស់ ខ្មែរក្រហម​បាន​យក​ទីតាំង​ភូមិ​ត្រើង​ធ្វើជា​មន្ទីរពេទ្យ​។ នៅពេលដែល​ប្រជាជន​នៅតាម​សហករណ៍​ឈឺ​ថ្កាត់ ខ្មែរក្រហម​បាន​បញ្ជូន​អ្នកជំងឺ​ទាំង​នោះមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភូមិ​ត្រើង ដោយឡែក​អ្នកជំងឺ​ដែលមាន​ស្ថានភាព​ធ្ងន់ធ្ងរ គឺ​ខ្មែរក្រហម​បាន​យកទៅ​សម្លាប់ចោល​តែម្ដង​។ ក្នុងសម័យ​នោះ អ្នកជំងឺ​ដែល​បញ្ជូនមក​សម្រាក​នៅ​មន្ទីរពេទ្យ​ត្រើង​ភាគច្រើន​កម្រ​គេច​ផុតពី​សេចក្តីស្លាប់​ណាស់ គឺ​ស្លាប់​ដោយសារ​ជំងឺ និង​ស្លាប់​ដោយសារ​ការយកទៅ​សម្លាប់ចោល​។
​ខ្ញុំ​ធ្លាប់​ត្រូវបាន​ខ្មែរក្រហម​នាំយកទៅ​សម្លាប់ចោល​ដែរ ប៉ុន្តែ​ដោយសារ​ចំនួន​ប្រជាជន​ដែល​ខ្មែរក្រហម​គ្រោង​យកទៅ​សម្លាប់​គ្រប់​តាម​ចំនួន​កំណត់ ទើប​ខ្មែរក្រហម​បាន​បញ្ជូន​ខ្ញុំ​ត្រឡប់មក​ធ្វើស្រែ​ដូច​មុន​។

​នៅ​ឆ្នាំ​១៩៧៧ ខ្មែរក្រហម​បានរៀបចំ​ប្រជាជន​ដែល​បាន​ជម្លៀស​ទៅ​នៅ​ភូមិ​ទំនប់ ទៅជា​សហករណ៍​។ ពេលនោះ ទោះបីជា​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​នោះ​ភាគច្រើន​កើត​ជំងឺឃ្លង់​ក៏ដោយ ក៏​ខ្មែរក្រហម​នៅតែ​បញ្ជា​ឲ្យ​ធ្វើការ​ដូច​ប្រជាជន​ធម្មតា​ដែរ​។ អ្នក​កើត​ជំងឺឃ្លង់​ទាំងនោះ​មាន​អាការ​ស្ពឹក​ប្រព័ន្ធ​ប្រសាទ ហើយ​នៅពេល​ប៉ះ ឬក៏​រលាកភ្លើង ក៏​មិនដឹង​ខ្លួន​ដែរ ប៉ុន្តែ​បណ្តាល​ឲ្យ​អ្នកជំងឺ​កើត​ពងបែក​នៅលើ​ស្បែក និង​ក្លាយទៅជា​ដំបៅ​រលួយ​។ អ្នកជំងឺ​ឃ្លង់​ខ្លះ​ដែល​មិនអាច​ទ្រាំទ្រ​បាន​ចំពោះ​ស្ថានភាព​ដ៏​លំបាក​នេះ ក៏បាន​យក​ពូថៅ និង​កាំបិត​មក​កៀរ​ដំបៅ​រលួយ​ចេញពី​ម្រាម​ដៃជើង ដើម្បី​ឲ្យ​ឆាប់​ជា​មុខរបួស​។ ចំពោះ​អ្នក​ពិការ និង​អ្នក​ឧស្សា​រហ៍​ឈឺ​ថ្កាត់​ញឹកញាប់ ខ្មែរក្រហម​បាន​បញ្ជូន​ឲ្យ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​កម្រ​ឃើញ​អ្នកជំងឺ​នោះ​ត្រឡប់មកវិញ​ណាស់​។ ខ្មែរក្រហម​មាន​គម្រោង​យក​អ្នក​កើត​ឃ្លង់​ទាំងអស់​យកទៅ​សម្លាប់ចោល ព្រោះ​ជា​ជំងឺ​ដែល​ពិបាក​ព្យាបាល និង​មិនមាន​ផលប្រយោជន៍​សម្រាប់​ខ្លួន​។

ប្រជាជន​ដែល​កើត​ជំងឺឃ្លង់​កាល​ក្នុងសម័យ​សង្គម​រាស្ត្រ​និ​យ និង លន់ នល់ មាន​ជាង​១០០​គ្រួសារ ក្រោយពេល​ខ្មែរក្រហម​ដួលរលំ​ប្រជាជន​កើត​ជំងឺឃ្លង់​នៅ​រស់រានមានជីវិត​ប្រមាណ​៥០​គ្រួសារ​ប៉ុណ្ណោះ ព្រោះ​អ្នក​កើត​ឃ្លង់​មួយចំនួន​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​នៅ​ភូមិ​ស្គន់ ព្រៃ​កុង ក្នុង​ខេត្តកំពង់ចាម​។

​ខ្ញុំ​បានទទួល​ដំណឹង​គ្រួសារ​របស់ខ្ញុំ​នៅក្រោយ​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩​។ ប្អូនប្រុស​ខ្ញុំ​ឈ្មោះ ស៊ុន ហ័ន ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​ព្រោះ ខ្មែរក្រហម​ចោទប្រកាន់ថា​ប្អូនប្រុស​ខ្ញុំ​ធ្វើ​ពុត​ជា​ឈឺ​ចុកពោះ​ញឹកញាប់ ចំណែក​ប្អូន​ម្នាក់ទៀត​ឈ្មោះ ស៊ុន ភាន់ ជា​និស្សិត និង​ឪពុក​ខ្ញុំ​ក៏ត្រូវ​បាន​ខ្មែរក្រហម​យកទៅ​លត់​ដំ និង​សម្លាប់ចោល​ដែរ​។ ខ្ញុំ​មិនបាន​ចោទប្រកាន់ ឬ​គុំ​គួ​ន​ចំពោះ​យោធា និង​កម្មាភិបាល​ខ្មែរក្រហម​ដែល​បានសម្លាប់​គ្រួសារ​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​គិតថា​អ្នក​ទាំងនោះ​ទទួលបញ្ជា​ពី​ថ្នាក់លើ ប៉ុន្តែ​ខ្ញុំ​នៅតែ​ចង់​ឲ្យ​អ្នក​ទាំងនោះ​និយាយ​ការពិត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម