​កត្តា​ផ្លូវ​និង​កត្តា​មធ្យោបាយ​ជា​កត្តា​រួមផ្សំ​តែ​កត្តា​មនុស្ស​ជា​កត្តា​សំខាន់​

891
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប មាន ប្រសាសន៍ថា កត្តា​ផ្លូវ និង​កត្តា​មធ្យោបាយ​គ្រាន់តែ​ជា​កត្តា​រួមផ្សំ​ប៉ុណ្ណោះ​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​។​ប៉ុន្តែ​កត្តា​សំខាន់​ដែល​អាច​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​បាន​នោះ​គឺ​ខ្លួន​យើង​។​ដូច្នេះ​ត្រូវ​ចេះ​ការពារ​ខ្លួន​យើង ត្រូវ​កំណត់​អ្វីដែល​ត្រូវធ្វើ​និង​អ្វី​មិនគួរ​ធ្វើ​ព្រមទាំង​ត្រូវ​ជួយ​អប់រំ​ដល់​ក្រុមគ្រួសារ​បងប្អូន​និង​ញាតិមិត្ត​ឲ្យ​គោរព​ច្បាប់ ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​។​

​លោក​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៣​នៅ​ទីរួមស្រុក​ពួក​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។​លោក ពិន ប្រាកដ បញ្ជាក់ទៀតថា ក្នុងពេល​កន្លងមកនេះ បញ្ហា​គ្រោះថ្នាក់​ច​រារ​ចរណ៍ បាន​បណ្ដាល​ឲ្យ​បាត់បង់​អាយុជីវិត រងរបួស និង​ខាតបង់​ទ្រព្យសម្បត្តិ មិន​ត្រឹមតែ​ជាការ​បាត់បង់​ទ្រព្យសម្បត្តិ​បងប្អូន​និង​ក្រុមគ្រួសារ​ផ្ទាល់​ប៉ុណ្ណោះ​ទេ​។

​ប៉ុន្តែ​វា​បាន​បន្សល់ទុក​នូវ​កុមា​រ​កំព្រា ស្ត្រី​មេម៉ាយ ជនពិការ និង​ទុរគតជន ដែល​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដល់​គោល នយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់ រាជរដ្ឋាភិបាល និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​លើ​គ្រប់​វិស័យ​។​ដូច្នេះ​តាមរយៈ​នេះ​សូម​អំពាវនាវ​ដល់​គ្រប់​អាជ្ញាធរ​គ្រប់​ក្រុង​-​ស្រុក​ទាំងអស់​និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ក្នុង​ខេត្ត​ទាំងមូល​ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ច្បាប់​ចរាចរណ៍​នានា​សំដៅ​ប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ទៅជា​ប្រទេសមួយ មាន​សុវត្ថិភាព​ចរាចរណ៍ ដ៏​គួរ​ឲ្យ​កក់ក្តៅ​របស់​យើង ។​

​លោក​អភិបាលរង​ខេត្ដ​បានបញ្ជាក់​បន្ថែមទៀត​ថា​ស្ថានការណ៍​ទូទៅ​នៅ​កម្ពុជា​កាន់តែ​វិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ​ស្ថិរភាព​សន្តិសុខ​សង្គម​និង​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​កាន់តែ​ត្រូវបាន​ធានា​យ៉ាងរឹងមាំ​។​ភាព​រស់នៅ​ដោយ​សុខក្សេមក្សាន្ត​និង​ជីវភាព​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កាន់តែ​ល្អប្រសើរ​បានធ្វើ​ឲ្យ​កំណើន​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​កើនឡើង​យ៉ាងគំហុក​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ទន្ទឹមនឹងនេះ​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ស្ថិតក្នុង​កំណើន​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ ។​

​លោក​គឹម​ប៉ុណ្ណា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ប្រធាន​លេខាធិការដ្ឋាន​នៃ​អនុគណកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​បានបង្ហាញ​ថា​តាម​ការប្រៀបធៀប​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ខេត្តសៀមរាប រយៈពេល​១០​ខែ រវាង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មានការ​ថយចុះ ។​ក្នុងនោះ​គឺ នៅ​ឆ្នាំ​២០១៧ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៦៩​ករណី ខណៈ​នៅ​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​៥៨​ករណី ថយចុះ​១១​ករណី ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម