ឥណ្ឌា​បាញ់សម្លាប់​ខ្លា​ស៊ី​មនុស្ស​បន្ទាប់ពី​កេណ្ឌ​គ្នា​តាមរក​រាប់​ខែ​

1283
ចែករម្លែក
  • 310
    Shares

ខ្លាស៊ីមនុស្សមួយក្បាលដែលបានឆក់យកជីវិតមនុស្សអស់ជាងដប់នាក់ក្នុងរយៈពេល២ឆ្នាំមកនេះ ត្រូវបានបាញ់សម្លាប់នៅក្នុងប្រទេសឥណ្ឌា កាលពីយប់ថ្ងៃសុក្រទី២វិច្ឆិកានៅក្នុងព្រៃនៃរដ្ឋមហារ៉ាស្រ្តា។

មនុស្សមួយក្រុមមានគ្នាជាង១៥០នាក់ បានចំណាយពេលរាប់ខែដើម្បីតាមរកខ្លានេះ​ដោយប្រើឆត្រយោងទម្លាក់ខ្លួននិងកាមេរ៉ាកម្មរស្មីខណៈពួកចាំបាញ់ធ្វើដំណើរនៅលើខ្នងដំរី។

ទោះជាយ៉ាងណា ជម្លោះបានផ្ទុះឡើងភ្លាមក្រោយការសម្លាប់ខ្លាញីនេះ ។តុលាការជាន់ខ្ពស់ឥណ្ឌា បានចេញបញ្ជាអោយតាមប្រមាញ់ខ្លាឈ្មោះT1នេះដោយសារតែវាត្រូវបានសង្ស័យថាបានសម្លាប់មនុស្ស១៣នាក់ចាប់តាំងពីខែមិថុនាឆ្នាំ២០១៦មក និងសំរេចថា ខ្លានេះអាចត្រូវសម្លាប់ដរាបណាការបាញ់ថ្នាំសណ្តំមិនបានសំរេច។ការប្តឹងឧទ្ធរណ៍ជាច្រើនក៏ត្រូវបានធ្វើឡើងប្រឆាំងនឹងការដាក់ទោសប្រហារជីវិតនេះ។

យោងតាមសារព័ត៌មានTimes of India ខ្លានេះត្រូវបានសម្លាប់ពេលយប់ក្នុងពេលដែលការបាញ់ព្រួញម្ជុលដាក់ថ្នាំសណ្តំត្រូវហាមឃាត់។ពួកមន្រ្តីព្រៃឈើនិងប្រមាញ់មិនបានឆ្លើយការទូរស័ព្ទសុំបំភ្លឺទេ។

ក្នុងពេលជាមួយគ្នាមានព័ត៌មានថា មន្រ្តីព្រៃឈើនិងប្រមាញ់ម្នាក់ប្រុងលើកធ្នូបាញ់ព្រួញសណ្តំលើខ្លា តែខ្លាប្រុងហក់មកវាយប្រហារ ជាហេតុនាំអោយមានការបាញ់ការពារខ្លួនសម្លាប់ខ្លានេះទៅ។ក៏មានរបាយការណ៍ថា ផ្លែព្រួញត្រូវបានយកទៅដាក់លើខ្មោចខ្លា ក្រោយត្រូវបានបាញ់សម្លាប់ហើយ។

ពួកមន្រ្តីព្រៃឈើបានទទួលស្គាល់ថា ពិតជាមិនមានពេទ្យសត្វទៅជាមួយនៅក្នុងអំឡុងពេលប្រមាញ់ ដូចការតំរូវដោយតុលាការកំពូល។ជឺរីល បាណាអ៊ិត ពេទ្យសត្វនិងសកម្មជនការពារសត្វ នៅក្នុងរដ្ឋកាណាតាកា បានពណ៌នាការបាញ់សម្លាប់នេះជា«ឃាតកម្មឈាមត្រជាក់»។

ទោះជាការស្លាប់របស់ខ្លានេះមានភាពចម្រូងចម្រាស ក៏ពួកអ្នកភូមិនៅជុំវិញទីប្រជុំជនប៉ាន់ហាកាវដា នាំគ្នាអបអរសប្បាយ ជាមួយនឹងការធូរអារម្មណ៍។

ខ្លានេះបានសម្លាប់មនុស្សលើកដំបូងជាស្រ្តី ដោយសាកសពរបស់នាងត្រូវបានប្រទះឃើញនៅក្នុងចំការកប្បាសកាលពីឆ្នាំ២០១៦ ។ចាប់តាំងពីពេលនោះមក ជនរងគ្រោះភាគច្រើនបំផុតជាអ្នកគង្វាលសត្វភេទប្រុស។

សូមបញ្ជាក់ថា ឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការធំមួយដើម្បីបង្កើនចំនួនសត្វខ្លាធំ។ក្នុងការអង្កេតចុងក្រោយនៅឆ្នាំ២០១៤ចំនួនខ្លាបានកើនជាង២.២០០ក្បាលពីចំនួនក្រោម១.៥០០ក្បាល។តែទីក្រុងទីប្រជុំជនរីករាលដាល ខណៈចំនួនប្រជាពលរដ្ឋប្រទេសនេះឡើងដល់១.២៥០លាននាក់វាកាន់តែខើចរួញទឹកដីនិងកន្លែងរកចំណីរបស់សត្វព្រៃ។

បើតាមតួលេខរបស់រដ្ឋាភិបាល សត្វដំរីនិងខ្លាសម្លាប់មនុស្សម្នាក់ក្នុងមួយថ្ងៃនៅឥណ្ឌា ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម