ប៉ូលិស​នឹង​កោះហៅ​មនុស្ស​មួយចំនួនទៀត​មក​សួរ​រឿង​ថត​ខ្សែភាពយន្ត​ឯកសារ​”​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​”

1853
ចែករម្លែក
  • 935
    Shares

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា​សមត្ថកិច្ច​នឹងធ្វើ​ការ​កោះហៅ​អ្នក​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​មក​សាក​សួរ​ការថត​ខ្សែភាពយន្ត​ឯកសារ​មួយ​ដែលមាន​ចំណងជើង​ថា “​ម្តាយ​របស់ខ្ញុំ​បាន​លក់​ខ្ញុំ​”​។​ប៉ុន្តែ​លោកស្នងការ​មិនបាន​បញ្ជាក់​អត្តសញ្ញាណ​មនុស្ស​ដែល​ត្រូវ​ហៅ​មក​សាកសួរ​នោះទេ​។

​ការគ្រោង​កោះហៅ​មនុស្ស​មួយចំនួន​មក​សាកសួរ​នេះ គឺ​បន្ទាប់ពី​ស្ត្រី​ពីរ​នាក់​ម្តាយ និង​កូន ដែល​ថត​ខ្សែភាពយន្ត​ឯកសារ​មួយ​ដែលមាន​ចំណងជើង​ថា “​ម្តាយ​របស់ខ្ញុំ​បាន​លក់​ខ្ញុំ​” ត្រូវបាន​ប៉ូលិស​ហៅ​មក​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន នៃ​ស្នងការ​នគររាជ​ធានី​ភ្នំពេញ​។ ការសាកសួរ​នេះ គឺ​បន្ទាប់ពី​ខ្សែភាពយន្ត​ឯកសារ​មួយ​នេះ ត្រូវបាន​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័ន្តច្រឡំ ជាពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​។​

​ការសាកសួរ​ស្ត្រី​ពីរ​នាក់​ម្តាយ និង​កូន គឺ​បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​៣១ ខែតុលា រហូតមកដល់​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។ ស្ត្រី​ទាំងពីរ​នាក់​មានឈ្មោះ គៀង ស្រី​ម៉ិច ត្រូវជា​កូន និង​ឈ្មោះ កៅ ម៉ា​ល័យ ត្រូវជា​ម្តាយ​។​ទាំង​ម្តាយ​និង​កូនស្រី​បាន​សារភាពថា ពួកគាត់​ទទួលបាន​លុយ​២០០​ដុល្លារ សម្រាប់​ការសម្តែង​នៅក្នុង​ខ្សែភាពយន្ត​នេះ​។ ប៉ុន្តែ​អ្វីដែល​ថត គឺ​មិនមែនជា​ខ្សែជីវិត​ពិត​របស់គាត់​ទាំងពីរ​នាក់​ទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​បាន​មានប្រសាសន៍ថា​សមត្ថកិច្ច​បាន​សាកសួរ​ស្ត្រី​ពីរ​នាក់​ម្តាយ​និង​កូន​ថា​តើ​អ្នកណា​មក​ថត​ខ្សែ​ភាពយ​ន្តេ​ក​សារ​នេះ​ថត​ដើម្បី​អ្វី​?​ហើយ​ករណីនេះ​កំពុងតែ​ស្ថិតនៅក្នុង​ការស្រាវជ្រាវ​នៅឡើយ​។ លោក​មិនអាច​បញ្ជាក់​លម្អិត​បាន​ទេ ទុក​ឲ្យ​សមត្ថ​ក​កិច្ច​ធ្វើការ​ស្រាវជ្រាវ​សិន​។

​លោកស្នងការ​បានបញ្ជាក់​ថា​“​សមត្ថកិច្ច​កំពុងតែធ្វើការ​ងារ​នេះ​យើង​នឹងមាន​ហៅ​អ្នក​ដែល​ពាក់ព័ន្ធ​មក​សាកសួរ​ទៀត​”​។​លោកស្រី​ជូ​ប៊ុន​អេង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិកា​រ​ប្រឆាំង​ការជួញដូរ​មនុស្ស បាន​បញ្ជាក់ថា ចំពោះ​រឿងនេះ សមត្ថកិច្ច​កំពុងតែធ្វើការ​សាកសួរ​ស្ត្រី​ម្តាយ និង​កូន តាំងពី​ថ្ងៃទី​៣១ ខែតុលា មកដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ មិនទាន់​ចប់​ទេ ។​

​បើទោះបីជា​គាត់​ឆ្លើយថា គាត់​គ្រាន់តែ​ដើរតួ​ស៊ីឈ្នួល ក៏ដោយ​ក៏​មិនទាន់​ទៅរួច​ដែរ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​ជា​បន្តទៀតថា តើ​ស្ត្រី​ពីរ​នាក់​ម្តាយកូន​ដើរតួ​ឲ្យ​អ្នកណា​? ហើយ​ថត​នេះ​ក្នុង​គោលបំណង​អ្វី ទាំង​ស្ត្រី​ពីរ​នាក់​ម្តាយកូន និង​អ្នក​ដែល​ឲ្យ​គាត់​ដើរតួ​។ បើ​គាត់​ថត​ធ្វើ​ខ្សែភាពយន្ត​សួរថា តើ​មាន​សុំច្បាប់​ឬ​អត់​? ពីព្រោះ​នេះ វា​ពាក់ព័ន្ធ​និង​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ គឺ​មិនមែន​តែ​គាត់​តែម្នាក់ឯង​ទេ​។

​លោកស្រី​បញ្ជាក់ថា ការផ្សព្វផ្សាយ​វីដេអូ​នេះ មិនមែន​ផ្សព្វផ្សាយ​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​ដាក់​ប្រព័ន្ធ​បង្ហោះ ទូទាំង​ពិភពលោក​បានឃើញ ដែល​នេះ​គឺជា​ចេតនា​អាក្រក់​ណាស់​។ ក្មេងស្រី​កម្ពុជា​វា​មិន​ដល់​ថ្នាក់​នឹង​ទេ​។​បើសិនជា​ទោះបីជា​គាត់​(​ក្មេងស្រី​)​ធ្លាប់មាន​ប្រវត្តិ​ពីមុនមក​យ៉ាងម៉េច​ក៏ដោយ​តែ​ជា​រឿង​បុគ្គល​របស់គាត់​ហេតុអ្វី​បានជា​គាត់​យកមក​បណ្តុះបង្អាប់​នារី​។​វា​ពាក់ព័ន្ធ​ទៅ​និង​ចេតនា​មួយ ប៉ុន្តែ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​។​

​សូមជម្រាបថា​ខ្សែភាពយន្ត​ឯកសារ​នេះ​មាន​រយៈពេល​២៧​នាទី​បាន​រៀបរាប់​លម្អិត​អំពី​គ្រួសារ​ក្រីក្រ​នៅ​កម្ពុជា​ដែល​លក់​ព្រហ្មចារី​ស្រី​របស់​ពួកគេ​ក្នុងតម្លៃ​ប្រហែល ៤០០​ដុល្លារ​ក្នុង​ម្នាក់ៗ​។ ខ្សែភាពយន្ត​នេះ​បាន​និយាយថា​នៅក្នុង​ក្លិប​រាត្រី​និង​ខារ៉ាអូខេ​ក្មេងស្រី​ជំទង់​បាន​ញ៉ាំ​ភេសជ្ជៈ​និង​ផ្តល់​ការ​សេវា​ផ្លូវភេទ​ដល់​អតិថិជន​បួន​ឬ​ប្រាំ​នាក់​ក្នុង​មួយថ្ងៃ​។​

​នៅក្នុង​ខ្សែភាពយន្ត​នេះ​ក្មេងស្រី​ឈ្មោះ​គៀង​ស្រី​ម៉ិច​បាន​និយាយថា​ម្តាយ​របស់​អ្នកស្រី​បាន​បង្ខំ​ឱ្យ​នាង​ចូល​ពេស្យាចារ​។​នៅក្នុង​ក្លឹប​ខារ៉ាអូខេ​ភ្ញៀវ​បាន​ហៅ​ឱ្យ​អង្គុយ​ជាមួយ​ពួកគេ​។​ពួកគេ​បានឱ្យ​នាង​ផឹកស្រា​បៀរ​។ ប្រសិនបើ​ទៅ​គេង​ជាមួយ​ពួកគេ​និង​ទទួលបាន​ច្រើនជាង​នេះ​។​បើ​មិន​ដូច្នោះ​ទេ​ទទួលបាន ១០ ឬ ២០​ដុល្លារ​សម្រាប់​ការផឹក​ជាមួយ​ពួកគេ​៕S/

ប៉ូលិស​នឹង​កោះហៅ​មនុស្ស​មួយចំនួនទៀត​មក​សួរ​រឿង​ថត​ខ្សែភាពយន្ត​ឯកសារ​”​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​”


​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម