មិនបាន​កូនប្រុស​ដូច​បំណង ឪពុក​ម្នាក់​គ្រវែង​កូនស្រី​ទើបនឹង​កើត​ពី​ចំណោត​យ៉ាងខ្ពស់​

997
ចែករម្លែក

​បុរស​ម្នាក់​នៅ​ប្រទេស​ចិន​ភាគខាងត្បូង​ដែល​ប៉ង​ចង់បាន​កូនប្រុស​ខ្លាំង ប៉ុន្តែ​ខកបំណង​ច្រើន លើក​ច្រើនសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​គ្រវែង​កូនស្រី​ទើបនឹង​កើត​របស់ខ្លួន​ទម្លាក់ ទី​ចំណោត​កម្ពស់ ៣០ ម៉ែត្រ​យ៉ាង​ព្រៃផ្សៃ​។

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន បានឱ្យដឹងថា ជនល្មើស​បាន​ចូលទៅក្នុង​មន្ទីរពេទ្យ មួយ​ស្ថិតក្នុង​ក្រុង​កាវ​ចូ​វ (Gaozhou) ខេត្ត​គ័ង​តុង (Guangdong) កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ហើយ​ច្រក​ទារិកា​ទើបនឹង​កើត​បាន​ប្រហែល ៦ ម៉ោង​ខាងលើ​ចូលក្នុង​កាបូប រួច​គ្រវែង​នាង​ពី​ទី​ចំណោត​ចូលក្នុង​ព្រៃ​។

​ប៉ុន្តែ​ជា​អព្ភូតហេតុ​អស្ចារ្យ ទារិកា​មហា​អាយុ​ថ្លៃ​ខាងលើ​នៅរស់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​រយៈពេល ១២ ម៉ោង​បន្ទាប់ពី​ទើ​លើ​មែកឈើ ហើយ​ត្រូវគេ​ជួយសង្គ្រោះ​ទាន់ពេលវេលា​។

​ក្រោយ​ឃាត់ខ្លួន ឪពុក​ចិត្តកំណាច​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា ខ្លួន​ខក​យ៉ាងខ្លាំង​ដោយសារ កូន​ទី​៤ នេះ​កើត​មកជា​ស្រី​ដូច​កូន​បងៗ​ទៀត​។

​ទូរទស្សន៍ Gaozhou Television បាន​ផ្សាយ​ថា ប៉ូលិស​បានដឹង​ករណី​នេះ បន្ទាប់ពី វេជ្ជបណ្ឌិត​ម្នាក់​នៅ​មណ្ឌល​សុខភាព​ម៉ា​គួ​យ (Magui Health Centre) បាន​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ថា ទារិកា​ទើបនឹង​កើត​ម្នាក់​បាន​បាត់​ខ្លួន​ពី​មន្ទីរពេទ្យ​ខាងលើ​។

​ក្រោយ​បើក​ការស៊ើបអង្កេត​ភ្លាមៗ ប៉ូលិស​ចាប់ផ្តើម​សង្ស័យ​ឪពុក​របស់​ទារិកា​អភ័ព្វ ដែលមាន​ត្រកូល លី នេះ​។ ទីបំផុត បុរស​ជា​ឪពុក​សារភាព​ប្រាប់​សមត្ថកិច្ច​ហើយ​គេ​ក៏ ទៅ​ជួយសង្គ្រោះ​ទាន់ពេល​។

​ទោះជា​យ៉ាងណា គេ​មិនទាន់​ដឹង​ពី​ជោគវាសនា​របស់​បុរស​ជា​ឪពុក​ចិត្តកំណាច​នេះ​ទេ​៕ ប្រែ​សម្រួល​: ខុម​


ទីតាំងផ្សាយពាណិជ្ជកម្ម