អ្នកភូមិ​មាន​ទ្វារ​ទឹក​ថ្មី​ដែល​ជួយ​ឱ្យ​ផល​កសិកម្ម​ពួកគាត់​បា​ន​ផល​ល្អ​ឡើងវិញ​

1398
ចែករម្លែក
  • 16
    Shares

​ដោយ​: បាយ័ន / សៀមរាប​: អ្នកភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប បាន​សម្ដែង​ការ​សាទរ​ចំពោះ​សំណង់​ទ្វារ​ទឹក​ថ្មី​នៅ​មូលដ្ឋាន​ពួកគេ ដែល​សង់​ឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ទ្វារ​ទឹក​នេះ​អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រែចម្ការ​ពលរដ្ឋ​ជាង ៥០០​គ្រួសារ លើ​ផ្ទៃដី​ជិត ១០០​ហិកតា​។​

​ទ្វារ​ទឹក​លោកតា ស៊​ត់ ទើបនឹង​សង់​រួចរាល់​នៅ​អំឡុង​ខែតុលា ក្រោយ​ដំណើរ​ការសាងសង់​ចាប់ពី​ខែ មិថុនា​មក​។ ទ្វារ​ទឹក​នេះ សង់​ឡើង​ដោយ​បច្ចេកទេស​ត្រឹមត្រូវ ដោយមាន​ប្រព័ន្ធ​បិទទ្វារ​ទឹក​ដើម្បី​ស្ទាក់​ទឹក​ទុក​ប្រើ​នា​រដូវប្រាំង​ផងដែរ​។​

​ពលរដ្ឋ​មួយរូប​លោក បឿន ម៉ាប់ បានឱ្យដឹងថា ស្រែ​របស់លោក​នៅ​ឆ្នាំនេះ​ទទួលបាន​ផល​ល្អ​ណាស់ ដោយសារ​មានទឹក​ស្រោចស្រព​គ្រប់គ្រាន់​។ តាម​ការបញ្ជាក់​របស់​លោក ម៉ាប់ ក្រោយ​ទំនប់ទឹក​ចាស់​បាន​បាក់​មក អ្នកភូមិ​នគរ​ក្រៅ មិនដែល​ធ្វើស្រែ​បាន​ផល​ល្អ​ឡើយ ដោយសារ​គ្មាន​ទឹក​ផ្គត់ផ្គង់​គ្រប់គ្រាន់ ពិសេស​ពេល​រដូវប្រាំង​មកដល់​។ ទើបតែ​ឆ្នាំនេះ​ទេ ដែល​លោក ម៉ាប់ ធ្វើស្រែ​បានល្អ ហើយ​លោក​រំពឹងថា ផលដំណាំ​ស្រូវ​លោក​អាចនឹងទទួល​បាន​ផល​ច្រើន​នៅលើ​ផ្ទៃដី​ជាង ២​ហិកតា ដែល​រាល់​ឆ្នាំ អត់​ទឹក ធ្វើឱ្យ​ស្រូវស្កក ហើយ​ទទួលផល​តែ​២​ទៅ​៣​កា​រ៉ុង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំៗ​។​

​ចំណែក​អ្នកស្រី ឡាយ ទុំ នោះ​វិញ អ្នកស្រី​កំពុង​មមាញឹក​នឹង​ដំណាំ​ត្រសក់​ទឹក ដែល​កំពុង​ឡើងទ្រើង​បណ្ដើរៗ​ហើយ​នោះ​។ អ្នកស្រី​ថា តាំងពី​មានទឹក​ដែល​បង្ហូរ​ពី​ទ្វារ​ទឹក​ថ្មី​ដែល​សង់​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​មក ធ្វើឱ្យ​អ្នកស្រី​មាន​ភាពងាយស្រួល​ក្នុងការ​ទាញ​ទឹក​មក​ស្រោចស្រព​ដំណាំ ដែល​ពេលមុន​ការប្រើប្រាស់​ត្រូវ​បុក​អណ្ដូង ហើយ​ត្រូវ​ចំណាយធនធាន​ច្រើន​។ ពេលនេះ អ្នកស្រី ទុំ អាច​បូមទឹក​មក​ស្រោចស្រព​ដំណាំ​បាន​យ៉ាង​ងាយ ដោយ​គ្រាន់តែ​ដាក់​ម៉ាស៊ីន​បូម​ចេញពី​ប្រឡាយ​តែប៉ុណ្ណោះ​។​

​លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ទ្វារ​ទឹក​លោកតា ស៊​ត់ ក្រៅពី​បម្រើ​ដល់​ផល​កសិកម្ម​ដល់​ប្រជាពលរដ្ឋ​ហើយ​នោះ ទ្វារ​ទឹក​នេះ​សង់​ឡើង​ដើម្បី​គ្រប់គ្រង និង​ស្ដុក​ទឹក​រក្សា​លំនឹង​ប្រាសាទ​ផងដែរ ព្រោះ​ទឹក​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​ទៅនឹង​គ្រឹះ​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ តាម​លោក សុ​ឃីម ទ្វារ​ទឹក​នេះ​អាច​ស្ទាក់​ទឹក​បម្រើ​ដល់​ប្រយោជន៍​ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ លើ​ផ្ទៃដី​កសិកម្ម​ជិត ១០០ ហិកតា​។ ក្រៅពីនេះ ទ្វារ​ទឹក​នេះ​ដើរតួ​យ៉ាងសំខាន់​សម្រាប់​រំដោះ​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​អង្គរ និង​ក្រុង​សៀមរាប ព្រមទាំង​ដើម្បី​រក្សា​ទឹក​ក្រោម​ដី​ក្នុង​តំបន់​អង្គរ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ទ្វារ​ទឹក​លោកតា ស៊​ត់ មាន​បណ្តោយ​ជាង ២០​ម៉ែត្រ និង​ទទឹង​ប្រមាណ ១៨​ម៉ែត្រ ហូរ​កាត់​អូរ​ខ្លូត ដែល​រំដោះ​ទឹកភ្លៀង​ហូរ​ចាក់​ទៅ​ស្ទឹង​ពួក និង​ស្ទឹង​ព្រះ​ស្រុក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម