កូរ៉េខាងត្បូង​និង​អាមេរិក បន្តធ្វើ​សមយុទ្ធ​ទាហាន​ម៉ា​រី​ន​ដែល​ត្រូវបាន​ផ្អាក​

2752
ចែករម្លែក

កូរ៉េខាងត្បូងនិងអាមេរិក កាលពីថ្ងៃចន្ទទី៥វិច្ឆិកាបានប្រកាសបន្តការហ្វឹកហាត់យោធាទ្រង់ទ្រាយតូច ដែលត្រូវបានផ្អាកទុកចោលក្រោយជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។

ការហ្វឹកហាត់ទាហានម៉ារីនរួមគ្នានេះ ស្ថិតចំណោមសមយុទ្ធរួមគ្នាមួយចំនួនទៀតដែលត្រូវបានលើកពេលធ្វើកាលពីខែមិថុនា ក្រោយពីត្រាំ បានជួបលោកគីម នៅសិង្ហបុរីនិងបានសន្យាបញ្ឈប់ការហ្វឹកហាត់យោធាបែបបង្ករឿងជាមួយកូរ៉េខាងត្បូង។តែកម្មវិធីផ្លាស់ប្តូរទាហានម៉ារីនកូរ៉េ(KMEP) ពាក់ព័ន្ធទាហានប្រមាណ៥០០នាក់មកពីភាគីទាំងពីរ នឹងបន្តធ្វើ២សប្តាហ៍ចាប់ពីថ្ងៃចន្ទទី៥វិច្ឆិកានៅក្រុងប៉ូហាង របស់កូរ៉េខាងត្បូង។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា«យើងបាននិយាយពីមុនមកហើយថា យើងនឹងធ្វើការហ្វឹកហាត់ថ្នាក់កងពលរវាងអាមេរិកនិងកូរ៉េខាងត្បូង ឬសមយុទ្ធខ្នាតតូចតាមផែនការ»។​

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាសម្ពន្ធមិត្តសន្តិសុខរបស់រដ្ឋាភិបាលក្រុងសេអ៊ូល និងដាក់ឈរជើងទាហាន២៨.៥០០នាក់នៅកូរ៉េខាងត្បូង ដើម្បីការពារសម្ពន្ធមិត្តពីការគំរាមមកពីប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរ។ប្រទេសទាំងពីរ បានធ្វើសមយុទ្ធរួមគ្នាជាយូរមកហើយក្នុងបំណងការពារខ្លួន តែរដ្ឋាភិបាលក្រុងព្យុងយ៉ាងមើលឃើញវាជាការហាត់សមដើម្បីចូលឈ្លានពានខ្លួន។

ជាមួយនឹងសមយុទ្ធទាហានម៉ារីននេះ រដ្ឋាភិបាលក្រុងសេអ៊ូលនិងវ៉ាស៊ីនតោនបានផ្អាកសមយុទ្ធប្រចាំឆ្នាំUlchi Freedom Guardianកាលពីខែសីហា ។ពួកគេបានព្រមព្រៀងគ្នាផ្អាកសមយុទ្ធទ័ពអាកាសVigilant Ace ដែលត្រូវធ្វើនៅខែធ្នូ។

ការបន្តធ្វើសមយុទ្ធនេះកើតឡើងប៉ុន្មានថ្ងៃមុនរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ផមផេវ ត្រូវជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងជើង ស្តីពីការលុបបំបាត់នុយក្លេអ៊ែរនិងផែនការស្តីពីជំនួបកំពូលលើកទី២រវាងមេដឹកនាំរបស់គេ៕ដោយ:វាសនា

ទាហានអាមេរិកនិងកូរ៉េខាងត្បូងត្រៀមធ្វើសមយុទ្ធមួយកាលពីខែមេសាឆ្នាំ២០១៧

ទីតាំងផ្សាយពាណិជ្ជកម្ម