​វត្តមាន​ប្រាសាទ​អង្គរ​ចម្លង​នៅ​រមណីយដ្ឋាន​ខេត្ត​ក្វាង​ស៊ី​

3550
ចែករម្លែក
  • 68
    Shares

ដោយៈ​យោធិន​/ក្វាង​ស៊ី​- ប្រទេស​ចិនៈ​ក្រុម​អ្នកទេសចរ​ជនជាតិ​ចិន និង​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​នានា​លើ​សកលលោក​ពិតជា​បានឃើញ​សំណង់​សិប្បនិម្មិត​នៃ​ប្រាសាទ​អង្គរ​ខ្មែរ​ដ៏​ល្បីល្បាញ​ក្នុង​ទូទាំង​ពិភពលោក​ក្នុងពេលដែល​ពួកគេ​បាន​ចូល​កម្សាន្ត​នៅឯ​រមណីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ណាន​នី​ង ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​សួន​កម្សាន្ត​ទេសភាព​អស្ចារ្យ​អាស៊ាន Fangte​។​

​វត្តមាន​របស់​ប្រាសាទ​អង្គរ​ចម្លង​ដែល​ត្រូវបាន​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​រួម​ជាមួយនឹង​បេតិកភណ្ឌ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង ប្រទេស​មួយចំនួនទៀត​លើ​សកលលោក ត្រូវបាន​បង្ហាញ​នៅក្នុង​រមណីយដ្ឋាន​ដ៏​ធំ​សម្បើម​មួយ​នេះ​។​វត្តមាន​ស្ថាបត្យកម្ម​ទាំងនេះ​ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ល្បីៗ​របស់​ប្រទេស​សមាជិក​អាស៊ាន​ហើយ​ដែល រដ្ឋាភិបាល​ប្រទេស​អាស៊ាន និង​រដ្ឋាភិបាល​ចិន បាន​ព្រមព្រៀងគ្នា​សាងសង់​គំរូ​នៃ​តំបន់​ទេសចរណ៍​ល្បីៗ​របស់​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០​នៅលើ​ទឹកដី​ចិន ក្នុង​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី​។​

តំបន់​ទេសចរណ៍​ល្បីៗ​ទាំងអស់នោះ រួមទាំង​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ​ផង កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ចិន​។​

ថ្លែងប្រាប់​ប្រតិភូ​អ្នកសារព័ត៌មាន​កម្ពុជា​ក្នុងពេល​ចុះ​បំពេញ​ទស្សនកិច្ច​នៅក្នុង​រមណីយដ្ឋាន​ទេសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ អ្នកគ្រប់គ្រង​នៅ​មណ្ឌល​ទេសចរណ៍ បាន​អះអាងថា ក្នុង​មួយថ្ងៃ​មាន​ប្រជាពលរដ្ឋ​ចិន​ចូល​ទស្សនា​ចន្លោះ​ពី​បី​ពាន់ ទៅ​បួន​ពាន់​នាក់​។ ក្នុងចំណោម​នោះ មាន​ប្រជាពលរដ្ឋ​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ខ្លះ​ផងដែរ​។​

​អ្នកគ្រប់គ្រង​ដដែល បន្តថា ចាប់​តាំង​ថ្ងៃ​បើក​ឲ្យ​ដំណើរការ​ក្នុងអំឡុង​ខែសីហា ឆ្នាំ​២០១៨ រហូតដល់​បច្ចុប្បន្ន​មាន​អ្នក​ចូល​ទស្សនា​ប្រមាណ ៤០​ម៉ឺន​នាក់​ហើយ​។ បើទោះបី​អ្នក​ចូល​ទស្សនា​ភាគច្រើន​ជា​ជន​ជាតិចិន​ក៏ដោយ តែ​មិនបាន​អនុញ្ញាត​ឲ្យ​ទស្សនា​ដោយ​មិន​គិតថ្លៃ​នោះឡើយ ពោល​ក្នុង​ម្នាក់​ត្រូវ​ចំណាយ​ថ្លៃ​សំបុត្រ​ប្រមាណ ៣៥​ដុល្លារ​។ តម្លៃ​សំបុត្រ ៣៥​ដុល្លារ គឺ​ពួកគេ​អាច​ដើរ​ទស្សនា​គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​អាច​ទស្សនា​វីដេអូ 3D មើល​ប្រាសាទ​អង្គរ មើល​តំបន់​ទេសចរណ៍​ល្បីៗ​របស់​អាស៊ាន ដែលមាន​សភាព​ហាក់​បាន​ទៅ​ឃើញ​ផ្ទាល់​ភ្នែក​ពិតៗ​ផងដែរ​។​

បើតាម​មន្ត្រី​គ្រប់​មណ្ឌល​ទេសចរណ៍​នេះ បាន​អះអាងថា មណ្ឌល​ទេសចរណ៍​មួយ​នេះ​ត្រូវបាន​សាងសង់​ឡើងលើ​ផ្ទៃដី​ជាង ៦៦​ហិកតា ដោយ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ៥០០​លាន​ដុល្លារ​អាម៉េរិក ហើយ​ចំណាយពេល​សាងសង់​ចំនួន​បី​ឆ្នាំ​។​

​ សូមបញ្ជាក់ថា​ក្នុង​មណ្ឌល​ទេសចរណ៍​នេះ គ្រប់​តំបន់​ទេសចរណ៍​ល្បីៗ​របស់​ប្រទេស​សមាជិក​អាស៊ាន គឺ​ត្រូវបាន​សាងសង់ឡើង​ដោយមាន​ទ្រង់ទ្រាយ​ដូច​ស្ទើរតែ​ទាំងស្រុង​ជាមួយ​តំបន់​ទេសចរណ៍​ដើម​ទាំងនោះ​។ ដូចជា​កន្លែង​ជិះ​កន្ត្រក​ផ្សេងៗ​ដែលមាន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ជាដើម​នោះ ត្រូវបាន​ធ្វើឡើង​ដូច​ពិតៗ​ដោយ​អាច​ជិះ​បាន​ដូចគ្នា​ផងដែរ​។​
ក្នុង​មួយឆ្នាំៗ​ពលរដ្ឋ​ចិន​ជាច្រើន​បានចេញ​ទៅលេង​នៅក្រៅ​ប្រទេស​ជាពិសេស​បណ្តា​ប្រទេស​នៅ​ឯនាយសមុទ្រ​ដូចជា​អូស្ត្រាលី អាមេរិក និង​អឺរ៉ុប​ជាដើម​។ តាមរយៈ​ការបង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​របស់​ប្រទេស​អាស៊ាន​នៅលើ​ទឹកដី​ចិន​នេះ នឹង​ក្លាយជា​ចំណែក​មួយ​ទាក់ទាញ​ពលរដ្ឋ​ចិន​ឲ្យ​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ទាំងនោះ​។​នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកគ្រប់គ្រង​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម​ខាងលើនេះ​៕ល/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម