រដ្ឋសភា​រៀបចំ​សិក្ខាសាលា​និយាយ​ពី​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩ព្រឹកថ្ងៃទី៦វិច្ឆិកា

927
ចែករម្លែក

​ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ រដ្ឋសភា​បានប្រកាសថា​នៅ​ម៉ោង​៨ ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ សម្ដេច​អគ្គ​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹង​អញ្ជើញ​ចូលរួម​បើក​សិក្ខាសាលា ស្ដីពី​ការ​ឈ្វេងយល់ អំពី សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញ​វត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក ជាម យៀប បើក​កិច្ចប្រជុំ​ពិនិត្យ​សិក្សា កាលពី​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​បណ្ឌិត​រដ្ឋ ជាម យៀប ដឹកនាំ​កិច្ចប្រជុំ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩(​រូបថត​រដ្ឋសភា​)

​នៅ​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា​នៅ​វិមាន​រដ្ឋសភា បណ្ឌិត​រដ្ឋ ជាម យៀប បាន​គូសបញ្ជាក់ថា សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ បាន​តាក់តែងឡើង​ក្នុងទិសដៅ ធានា​ដល់​ច​លន​ការ​នៃ​កំណែទម្រង់ ព្រមទាំង​តម្រង់ និង​តម្រឹម​គោលដៅ​នៃ​កំណែទម្រង់​ស្របទៅតាម​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ និង​ការសម្រេច ឲ្យ​បាន​គោលដៅ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព​នៃ​ការងារ​។​

​បណ្ឌិត បន្តថា សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩ មាន ៦​ជំពូក និង​១៣​មាត្រា ដោយ​ធានា​រក្សាបាន​នៅ​កំណើន​ម៉ាក្រូសេដ្ឋកិច្ច​រង្វង់​៧​ភាគរយ​ដែលមាន​លក្ខណៈ​ល្អប្រសើរ​ដល់​ការ បង្កើន​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ ក្នុងនោះ រាជរដ្ឋាភិបាល បាន​យកចិត្ត ទុកដាក់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ថ្នាក់​ឱ្យមាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើ​ឡើង​។​

​បណ្ឌិត​រដ្ឋ ជាម យៀប បាន​បន្តថា ដើម្បី​ឲ្យ​មាន​ធាតុ​ចូល​គ្រប់​ជ្រុងជ្រោយ រដ្ឋសភា​គ្រោង​រៀបចំ​សិក្ខាសាលា ដើម្បី​ឲ្យ​មានការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩​។ ក្នុងនោះ គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា ក៏ត្រូវ​ប្រជុំ​ពិនិត្យ និង​សិក្សា​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​ទៀត មុន​សម្រេច​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ពិនិត្យ សម្រេច​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ប្រជុំពិភាក្សា និង​អនុម័ត លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩ ដែល​រាជរដ្ឋាភិបាល គ្រោង​នឹង​ចំណាយ​សរុប​ថវិការដ្ឋ ឬ​ចំណាយ​សរុប​ថវិកាជាតិ នៅ​ឆ្នាំ​២០១៩ ចំនួន ២៧ ១៦៤ ៩៩៦ លាន​រៀល ស្មើ​ប្រមាណ​ជាង ៦៦៥១ លាន​ដុល្លារ​អាមេរិក​។ ពោលគឺ​កើន ១១,៤% ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០១៨​។

​ ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩ ឬ​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៩ ត្រូវបាន​បែង​ចែង ទៅតាម​វិស័យ​សំខាន់ៗ ៤ រួមមាន​៖ ១-​វិស័យ​រដ្ឋបាល​ទូទៅ ២-​វិស័យ​ការពារជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ៣-​វិស័យ​សង្គមកិច្ច និង​៤-​វិស័យសេដ្ឋកិច្ច​៕សរន

​បណ្ឌិត​រដ្ឋ ជាម យៀប ដឹកនាំ​កិច្ចប្រជុំ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩(​រូបថត​រដ្ឋសភា​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ