គណៈកម្មាធិការ​សិទ្ធិមនុស្ស​ប្រាប់​អ្នករាយការណ៍​ពិសេស​រឿង​ឲ្យ​លោក​កឹម សុខា​នៅក្នុង​ផ្ទះ​

1430
ចែករម្លែក
  • 151
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក កែវ រ៉េមី ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ពន្យល់​ដល់​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អំពី​ករណី​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​ពន្ធនាគារ​ហើយ​មក​នៅក្នុង​ផ្ទះ​ទទួលបាន​ការថែទាំ​ពី​ក្រុមគ្រួសារ គឺជា​ចំណុច​មួយ​សំខាន់​ក្នុង​ការគោរព​សិទ្ធិមនុស្ស​។​នៅក្នុង​ច្បាប់​របស់​កម្ពុជា​អត់​បាន​និយាយថា ឃុំ​នៅក្នុង​ផ្ទះ​ទេ​។​

​ ​ការពន្យល់​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​លោក កែវ រ៉េមី និង​លោកស្រី រ៉ូ​ណា ស្មី​ត​កាល​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា នេះ នៅ​ស្នាក់ការ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។​

គណៈកម្មាធិការ​សិទ្ធិមនុស្ស​ប្រាប់​អ្នករាយការណ៍​ពិសេស​រឿង​ឲ្យ​លោក​កឹម សុខា​នៅក្នុង​ផ្ទះ​

​ ​លោក​កែវ រ៉េមី បាន​ប្រាប់​អ្នកកាសែត​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត គឺ​អត់​មាន​លើកឡើង​អំពី​បញ្ហា​លោក​កឹម សុខា នោះទេ​។ ប៉ុន្តែ​លោក​បាន​ជម្រាបជូន​អ្នករាយការណ៍​ពិសេស​ថា ករណី​លោក​កឹម សុខា មក​នៅ​ក្នុងផ្ទះ គឺជា​ការប្រសើរ​មែនទែន​។ ដោយសារ​សុខភាព​លោក​កឹម សុខា នៅក្នុង​ពន្ធនាគារ​មិនល្អ ហើយ​តាម​ការស្នើសុំ និង​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​អនុញ្ញាត​ឲ្យ​លោក​កឹម សុខា មក​នៅ​ក្នុងផ្ទះ វា​ជាការ​ប្រសើរ​ដែល​ទទួល​បានការ​ថែទាំ​ពី​ក្រុមគ្រួសារ​។​នេះ​គឺជា​ចំណុច​មួយ​សំខាន់​ក្នុង​ការគោរព​សិទ្ធិមនុស្ស​។​នៅក្នុង​ច្បាប់​របស់​កម្ពុជា​អត់​បាន​និយាយថា ឃុំ​នៅក្នុង​ផ្ទះ​ទេ​។​

ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​បន្តថា​នៅក្នុង​ជំនួប​នេះដែរ​អ្នករាយការណ៍​ពិសេស​រូបនេះ​បានស្នើ​សុំ​គណៈកម្មាការ​សិទ្ធិមនុស្ស​ចុះទៅ​កន្លែង​បន្សាប​គ្រឿងញៀន​និង​កន្លែង​អន្តោប្រវេសន៍​ពាក់ព័ន្ធ​ជនបរទេស​ចូលមក​កម្ពុជា​អត់​មាន​លិខិត​ឯកសារ​ត្រឹមត្រូវ និង​ចូលមក​ខុសច្បាប់​។ លោក​ទទួលយក​សំណើ​នេះ និង​ធ្វើ​កិច្ចការងារ​នេះ ពីព្រោះ​ជា​ភារកិច្ច​របស់​គណៈកម្មកា​រ​សិទ្ធិមនុស្ស​។​ក្រៅពីនេះ អ្នករាយការណ៍​ពិសេស​បាន​ស្នើសុំ​ការធ្វើ​ច្បាប់ ទាក់ទង​សេចក្តីព្រាងច្បាប់​ផ្សេងៗ ដែល​រៀបចំតាក់តែង​ដោយ​ក្រសួង​នានា​នៅក្នុង​រាជ​រដ្ឋា​ភិបាល សូម​ឲ្យ​គណៈកម្មការ​សិទ្ធិមនុស្ស​យកចិត្តទុកដាក់ ដើម្បី​ពិនិត្យ​ទៅលើ​ច្បាប់​ទាំងនោះ កុំ​ឲ្យ​ប៉ះពាល់​ទៅលើ​ការរំលោភ​នៅ​ផ្នែក​សិទ្ធិមនុស្ស​ណាមួយ ពីព្រោះ​ក្រសួង​ផ្សេងៗ គាត់​ពុំបាន​ស៊ីជម្រៅ​ទៅលើ​បញ្ហា​ជំនាញ​សិទ្ធិមនុស្ស ដូចជា​គណៈកម្មការ​សិទ្ធិមនុស្ស​ទេ​។​

​ ​លោក​បាន​បន្តថា នៅក្នុង​ជំនួប​ដដែល​នេះ​លោកស្រី រ៉ូ​ណា​ស្មី​ត បាន​លើកឡើងថា ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះឆ្នោត​កៅអី​នៅក្នុង​រដ្ឋសភា ហើយ​គាត់​សុំ​ឲ្យ​គណៈកម្មាការ​សិទ្ធិមនុស្ស​ដើរតួនាទី​សំខាន់​។ ប៉ុន្តែ​លោក​បាន​ជម្រាបជូន​លោកស្រី រ៉ូ​ណា ស្មី​ត ថា ដោយ​ការ​វៃឆ្លាត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី គឺ​បាន​បង្កើត​ក្រុមប្រឹក្សា​ផ្តល់យោបល់ ដែល​គណបក្សនយោបាយ​ជាង​១០​បាន​ដើរតួនាទី​ជា​គណបក្​សប្រឆាំង ក៏ប៉ុន្តែ​គាត់​មិនមាន​សិទ្ធិ​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា តែ​គាត់​អាច​ចូលរួម​ផ្តល់យោបល់​តាំងពី​សេច​ក្កី​ព្រាង ពិនិត្យមើល​សកម្មភាព​នៃ​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ដោយ​សេរី​។ ការបង្កើត​ក្រុមប្រឹក្សា​ផ្តល់យោបល់​នេះ ធ្វើ​ឲ្យ​មាន​ក្រុម​ចលនា​មួយ គេ​ហៅថា ក្រុមប្រឆាំង​តែ​មិន​ប្រឆាំង​នៅតាម​ថ្នល់​។​

​ ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​បញ្ជាក់ថា ទាក់ទង​ការ​ទៅ​ពិនិត្យមើល​ស្ថានភាព​នៅតាម​ពន្ធនាគារ គឺ​ស្ថានភាព​នៅ​ពន្ធនាគារ គឺមាន​ភាពល្អប្រសើរ​ច្រើន ទាក់ទង​ការរស់នៅ គ្រាន់តែ​វា​ចង្អៀត​បន្តិច​. ប៉ុន្តែ​បុរស និង​ស្ត្រី គេ​មិន​ឲ្យ​នៅ​ជាមួយគ្នា​ទេ និង​បង្កើតជា​ការងារ​ធ្វើ​ឲ្យ​អ្នកទោស​ដូចជា សិប្បកម្ម ជា​ដំណាំ​កសិកម្ម ដាំ​ដុះ ធ្វើ​តុទូ និង​មាន​ម៉ោង​សម្រាក​។​បើ​ស្ថានភាព​ពន្ធនាគារ​នៅ​ស្រុក​ខ្មែរ​អាក្រក់ មិនមែន​ទណ្ឌិត​ចេញពី​គុក​មក​ធាត់ៗ​។
​ ​ចំណែក​លោកស្រី រ៉ូ​ណា ស្មី​ត បាន​ថ្លែងថា នៅក្នុង​ជំនួប​បាន​ពិភាក្សា​ពី​បញ្ហា​ទូទៅ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​បញ្ហា​ប្រឈម ដែល​គណៈកម្មការ​នេះ បាន​ជួបប្រទះ ហើយក៏​ជជែក​ពី​រឿង​ថា តើ​គណៈកម្មការ​នេះ អាច​ធានា​សន្តិភាព យុត្តិធម៌ និង​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា សម្រាប់​ការគោរព និង​ធានា​សិទ្ធិមនុស្ស​។ លោកស្រី​ជឿជាក់ថា “​គណៈកម្មការ​នេះ ធ្វើការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​ច្រើន​ទៀត​របស់ អ​.​ស​.​ប ។​អីចឹង​ពួកគេ អាច​សហការគ្នា ពង្រឹង និង​ផ្សព្វផ្សាយ​ពី​ការគោរព​សិទ្ធិមនុស្ស​បាន​ផងដែរ​។ សម្រាប់​ទស្សនកិច្ច​ខ្ញុំ ៣​ខែ ឬ​៤​ខែម្តង​មក​ទីនេះ គឺ​ខ្ញុំ​ឃើញ​មានការ​ផ្លាស់ប្តូរ​ច្រើន ពេលខ្លះ​វិជ្ជមាន តែ​ពេលខ្លះ ក៏​អវិជ្ជមាន​​ដែរ​”​។​

​ ​សូមជម្រាបថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច រយៈពេល ១១​ថ្ងៃ​នៅ​កម្ពុជា​ប្រទេស អ្នកជំនាញ​រូបនេះ​គ្រោង​ជួបប្រជុំ​ជាមួយ​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​។​

​អ្នករាយការណ៍​ពិសេស អ​.​ស​.​ប បំពេញបេសកកម្ម​ផ្លូវការ​ជា​ទៀត​ទាត់​មកកាន់​ប្រទេស​កម្ពុជា និង​ធ្វើ​របាយ​ការណ៍​ប្រចាំ​ឆ្នាំទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​ក្រុមប្រឹក្សា​នេះ បានតែងតាំង​លោកស្រី នៅក្នុង​ខែមីនា ឆ្នាំ​២០១៥​។ លោកស្រី​នឹង​បង្ហាញ​របាយការណ៍​បន្ទា​ប់​របស់​លោកស្រី ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម